ផ្លូវការហើយ! គង់ សំបូរ និងខុន ស៊ីចាន់ ត្រូវឡើងប្រកួតនៅសិង្ហបុរី

ព្រះរាជាណាចក្រកម្ពុជានឹងមានកីឡាករតំណាងប្រទេសចំនួនពីររូប ទៅប្រកួតនៅ ONE Championship ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃសុក្រ ទី២២ ខែកម្ភះ នៅប្រទេសសិង្ហបុរី។

គង់ សំបូរ កីឡាករមកពីក្លឹប «អាណាចក្រប្រយុទ្ធ» ខេត្តសៀមរាប កំពុងត្រៀមខ្លួនប៉ះជាមួយភាគីចិន Zhang Chenglong ប្រកួតកម្មវិធី ONE Super Series។

សំបូរ មានវ័យ ២៤ឆ្នាំជំនាញខាងគុនខ្មែរ គឺជាកីឡាករកម្ពុជាចំណូលថ្មីម្នាក់ក្នុងស្ថាប័នប្រដាល់ពិភពលោក។ គាត់ សង្ឃឹមថាអាចយកជ័យជន្នះជាបន្តបន្ទាប់ដើម្បីកម្ពុជាបន្ទាប់ពីរៀមច្បង ចាន់ រតនា និង សុវណ្ណារី បំពេញមុខមាត់ប្រទេសយ៉ាងកក្រើកឆាកនៅទីក្រុងកូឡាឡាំពួរ កាលពីខែធ្នូកន្លងទៅ។

សំបូរ ជាកីឡាករទីពីរហើយដែលបានបញ្ចេញក្បាច់គុនប្រដាល់សេរី រួមជាមួយ សុខ ធី ដែលតំណាងឲ្យក្លឹប Cambodian Top Team កាលពីឆ្នាំមុន។

ម្ចាស់ក្លឹបអាណាចក្រប្រយុទ្ធលោក Kwok Leung Tsang បានបង្ហើបថា៖ «ក្លាយជាការពិតហើយ! ខ្ញុំទូរស័ព្ទផង ផ្ញើរសារផងទៅគ្រប់គ្នា ប្រាប់ថាបានប្រកួតហើយ។ ពេលនោះរំភើបផង ភ័យផង។ គ្រប់គ្នាសប្បាយចិត្ត និងខ្នះខ្នែងត្រៀមខ្លួនសម្រាប់ការប្រកួតមួយនេះ»។

ក្នុងចំណោមតារាងឈ្មោះកីឡាករត្រូវប្រកួត ក៏មានវត្តមានកីឡាករ ខុន ស៊ីចាន់ តំណាងក្លឹប «ប្រកួត» និងក្លឹប«Team Phnom Penh MMA»។

ខុន ស៊ីចាន់ មានអាយុ២១ឆ្នាំ មានស្រុកកំណើតមកពីខេត្តឧត្តរមានជ័យ ដែលជាខេត្តល្បីខាងក្បាច់គុន។ គាត់បានជាប់ជាជើងឯកនៃកម្មវិធី Khmer Warrior Challenge មុននឹងមានឈ្មោះប្រកួតនៅស្ថាប័ន ONE Championship កាលពីឆ្នាំ ២០១៥។

ក្រោយពីស្ងាត់មុខពីពិភពគុនអស់ជិតពីរឆ្នាំ ខុន ស៊ុីចាន់ បង្ហាញមុខមកវិញក្នុងព្រឹត្តិការណ៍ ONE: VISIONS OF VICTORY ខែមីនា គាត់បានបញ្ចេញថ្វីដៃយ៉ាងប៉ិនប្រសប់ជាលទ្ធផលបានឈ្នះការប្រកួតដោយពិន្ទុលើកីឡាករឥណ្ឌូនេស៊ី Risky Umar

ឆ្នាំ២០១៩នេះ ស៊ីចាន់ កីឡាករទម្ងន់ ៦១គក មានឆន្ទៈប្រកួតក្នុងទ្រុងឲ្យកក្រើកសង្វៀនតែម្តង តទល់នឹងជើងខ្លាំងវ័យ ៣៣ឆ្នាំ Rudy Agustian។

គាត់ប្រាប់ថា៖ «ខ្ញុំសប្បាយចិត្តខ្លាំង ពេលONE Championship ហៅឲ្យទៅប្រកួតម្តងទៀត។ ខ្ញុំគិតថានេះមកពីការប្រកួតលើកមុន ខ្ញុំរំភើបណាស់»។

«អ្វីដែលខ្ញុំខ្លាំងគឺខាងបទពិសោធន៍ និងខ្ញុំយកបេះដូងខ្មែរទៅប្រកួត។ គូប្រកួតខ្ញុំគាត់ខ្លាំងខាងវាយលើ ហើយគាបដាល់ ខ្ញុំប្រឹងហាត់ជាមួយលោកគ្រូ Alan Mccune អីចឹងខ្ញុំគិតថាយើងអាចរកស្នៀតការពារខ្លួនពីក្បាច់នេះបាន»។

ទាំង គង់ សំបូរ និង ខុន ស៊ីចាន់ មានស្មារតីរឹងមាំខ្លាំងដើម្បីយកជ័យជម្នះដើមឆ្នាំឲ្យបាន ព្រោះក្នុងព្រឹត្តិការណ៍ខែកម្ភះ មានវត្តមានកីឡាករខ្លាំងៗមកពីទូទាំងពិភពលោកផងដែរ។

រីឯកម្មវិធីពិសេស នឹងបង្ហាញមុខកីឡាការិនីជើងឯកពិភពលោកនាង Stamp Fairtex ដែលជាម្ចាស់ខ្សែក្រវាត់ប្រដាល់សេរី ONE Super Series Kickboxing Atomweight World Champion នាងកំពុងសម្លឹងចង់បានខ្សែក្រវាត់ពិភពលោកមួយទៀត។

តារាប្រដាល់ផ្នែកនារីរបស់ប្រទេសថៃរូបនេះ ត្រូវប្រឈមមុខជាមួយអ្នកប្រដាល់ក្បាច់មួយថៃជនជាតិអាមេរិក Janet Todd ដាក់ឲ្យដណ្តើមខ្សែក្រវាត់ ONE Super Series Muay Thai Atomweight World Title ផងដែរ។

ក្រៅពីនេះ មានការប្រដាល់ពាក់​ក​ណ្តា​ល​ផ្តាច់​ព្រាត់ទម្ងន់ស្រាល ONE Lightweight World Grand Prix មួយទៀត ដែលមានកីឡាករម្ចាស់ផ្ទះ Amir Khan ប៉ះជាមួយ Ariel Sexton មកពីប្រទេសកូស្តារីកា។

មុនវគ្គភាគីនេះត្រូវប៉ះគ្នា គឺមានការប្រកួតតស៊ូគ្នារវាងកីឡាករម៉ាឡេស៊ី Ev Ting ជាអតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight World Title ចាប់គូជាមួយ Saygid Guseyn Arslanaliev មកពីប្រទេសទួគី។

មកដល់ពេលនេះ ទើបមានការបញ្ចេញឈ្មោះកីឡាករទាំងនេះសិនដើម្បីប្រកួតនៅព្រឹត្តិការណ៍ ONE: CALL TO GREATNESS នឹងមានបន្ថែមទៀត។

អត្ថបទ៖ Matias Andres

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s