បរិច្ចាកជំនួយតាមរយៈ https://www.gofundme.com/kun-khmer-fighter-eh-rotha-in-critical-condition
ចាប់ផ្តើមពីថ្ងៃអង្គារ ទី២៥ ខែធ្នូទៅ ជីវិតរបស់ អេ រដ្ឋា នឹងត្រូវផ្លាស់ប្តូរជារៀងរហូត។ នាព្រឹកនោះ អ្នកប្រដាល់គុនខ្មែរវ័យ ១៩ឆ្នាំរូបនេះ បានទទួលគ្រោះថ្នាក់ចរាចរណ៍បិះបាត់បង់ជីវិត។
មិនត្រឹមតែត្រូវឡានជិះបុកប៉ុណ្ណោះទេ តែបើតាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ម្ចាស់ឡានដែលបុកនោះបែជាត្រលប់មកកិនពីលើ អេ រដ្ឋា បន្ថែមទៀតធ្វើឲ្យទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។
អេ រដ្ឋា ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតឲ្យទាន់ពេលវេលា ប៉ុន្តែដូចច្រើនករណីនៅស្រុកខ្មែរដែរ គឺជួបបញ្ហាមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាល។
អ្វីដែលសំខាន់នោះគឺ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីគាត់ឈ្នះប្រកួតគុនខ្មែរ ទើបបានល្បីរន្ទឺក្នុងពិភពក្បាច់គុនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
លោកហ៊ុន ចាន់រាជ ម្ចាស់ក្លឹប CTT ប្រាប់ឲ្យដឹងថា៖ «មុនមានរឿងហេតុនេះកើតឡើង គាត់បានឈ្នះប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកំពុងត្រៀមវាយនៅវគ្គផ្តាច់ព្រ័ត្រយកខ្សែក្រវាត់»។
«សឹងមួយជីវិតរបស់គាត់ គាត់ប្រឹងប្រកួតដើម្បីយកខ្សែក្រវាត់មួួយ ដល់ពេលជិតបានសម្រេចហើយ ទៅជាមានគ្រោះថ្នាក់នេះទៅវិញ»។
យើងឃើញថាមានអ្នកប្រដាល់ល្បីៗជាច្រើនធ្វើការប្រកាសអំពាវនាវស្វែករកជំនួយដើម្បី អេ រដ្ឋា ក្នុងនោះមានដូចជាលោកគ្រូ អេ ភូថង និងកែវ រំចង់ ជាដើម។
រីឯលោក ហ៊ុន ចាន់រាជ ជាមួយអតីត ONE Championship លោក Nicholas “JJ” Lee ពួកគាត់នៅចាំមើលការខុសត្រូវ អេ រដ្ឋា ជាប់នៅមន្ទីពេទ្យកាល់ម៉ែត ពួកគាត់ក៏បានបង្កើតវិធីច្រើនបែបច្រើនយ៉ាងដើម្បីឲ្យមនុស្សទូទាំងពិភពលោកអាចចូលរួមបរិច្ចាកប្រាក់កាសសម្រាប់ការវះកាត់ និងសម្រាកព្យាបាលរបួសបាន។
អេ រដ្ឋា ជាកូនកំព្រាតាំងពីតូចមក ប៉ុន្តែពិតជាមានសំណាងបានមិត្តភក្តិគ្រប់ទិសទីខ្នះខ្នែងជួយពេលមានអាសន្ន។ ឥឡូវនេះកំពុងដេកលើគ្រែនៅឡើយទេ ព្រោះអាការះនៅធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែយ៉ាងណាគាត់បានគ្រាន់បើបន្តិចហើយ។ អ្នកប្រដាល់វ័យក្មេងម្នាក់នេះ ទទួលបានកម្លាំងចិត្ត និងព្យាយាមគិតពីភាពវិជ្ជមានសម្រាប់អនាគតទៅមុខ ដោយសារមានការជួយជ្រំជ្រែងលើកទឹកចិត្តពីគ្រប់គ្នា។
គាត់ រៀបរាប់ថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង បានកីឡាករស្រុកខ្មែរយើងជួយលើកកម្លាំងចិត្តដល់កីឡាករខ្មែរដូចគ្នា។ ខ្ញុំសប្បាយចិត្ត ដូចមនុស្សបានរស់មកវិញម្តងទៀតអីចឹង»។
«បើសិនជាខ្ញុំអាចព្យាបាលជា ខ្ញុំបន្ត(ប្រដាល់)ទៅទៀត ពីព្រោះខ្ញុំស្រលាញ់ខ្លាំងណាស់»។
គ្រូពេទ្យបានប្រាប់ថា អេ រដ្ឋា ត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យយ៉ាងតិចក៏ពីរទៅបីខែទៀតដែរ ប៉ុន្តែគាត់អាចនឹងមិនអាចដើរបានទៀតឡើយ។
ដោយសារមានរបួសផ្នែកខាងក្នុងពោះផងដែរធ្វើឲ្យ រដ្ឋា ឈឺចុកចាប់ខ្លាំងនៅឡើយ ប៉ុន្តែយ៉ាងណាគាត់ស្រាលបន្តិចម្តងៗទៅហើយ។ ថ្វីបើនៅត្រូវទ្រាំឈឺចុកចាប់ប៉ុណ្ណា អេ រដ្ឋា មានស្មារតីវិជ្ជមានខ្លាំង និងមានសង្ឃឹមច្រើនដើម្បីឆាប់បានជាសះស្បើយ ហើយជឿថាគាត់អាចធ្វើទៅបានបើមានការលើកទឹកចិត្តជាបន្តបន្ទាប់ពីសំណាក់បងប្អូនរួមជាតិ និងមិត្តរួមអាជីពបន្ថែមទៀត។
អេ រដ្ឋាថ្លែងអំណរគុណ៖ «ខ្ញុំអរគុណខ្លាំងណាស់ សម្រាប់បងប្អូនដែលបានជួយឧបត្ថម្ភឲ្យខ្ញុំមើលជំងឺ»។
បរិច្ចាកជំនួយតាមរយៈ https://www.gofundme.com/kun-khmer-fighter-eh-rotha-in-critical-condition
អត្ថបទ៖ Matias Andres