វីដេអូ: https://web.facebook.com/ONEChampionship/videos/1740111356012112/
កីឡាករតំណាងក្លឹបអាណាចក្រប្រយុទ្ធ គង់ សំបូរ ថ្មីៗនេះបានបង្ហាញកាលបរិច្ឆេទត្រូវប្រកួតនៅ ONE Championship ហើយ។
អ្នកប្រដាល់រូបស្រស់ចំនូលថ្មីរូបនេះ ត្រូវប៉ះជាមួយជើងខ្លាំងមកពីចិន Zhang Chenglong ក្នុងការប្រដាល់សេរីកម្មវិធី ONE Super Series នៅឯប្រទេសសិង្ហបុរី ត្រូវនឹងថ្ងៃសុក្រ ទី២២ ខែកុម្ភះ ព្រឹត្តិការណ៍ ONE: CALL TO GREATNESS។
ក្នុងនោះក៏មានកីឡាករតំណាងកម្ពុជាមួយរូបទៀតគឺ ខុន ស៊ីចាន់ ដែលនឹងបញ្ចេញស្នាដៃក្នុងកម្មវិធីជាមួយគ្នាដែរ។
ថ្វីបើ គង់ សំបូរ ដឹងថាការប្រកួតមួយនេះមិនងាយស្រួលដូចការប្រកួតធម្មតានៅក្នុងស្រុកមែន ប៉ុន្តែសម្រាប់គាត់ គាត់នឹងធ្វើឲ្យអស់ពីសមត្ថភាពយកជ័យជន្នះពីសិង្ហបុរីមកឲ្យកម្ពុជាឲ្យបាន។
គាត់ពន្យល់ថា៖ «ការប្រកួតមួយនេះវាសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹងហាត់ឲ្យខ្លាំងហើយវាយឲ្យល្អ ពីព្រោះឥឡូវខ្ញុំវាយតំណាងឲ្យខ្មែរនៅបរទេស ទោះចាញ់ក៏ដោយ ឈ្នះក៏ដោយ ខ្ញុំមានមោទនភាពខ្លាំង ដោយសារខ្ញុំនឹងប្រើឲ្យពីកម្លាំងកាយចិត្ត»។
សព្វថ្ងៃ សំបូរ រស់នៅនិងហ្វឹកហាត់នៅខេត្តសៀមរាប កំពុងសម្រុកហាត់រឹតតែខ្លាំងដើម្បីត្រៀមបានត្រឹមត្រូវមុនចូលសង្វៀនប្រដាល់ធំជាងគេនេះ។
សំបូរ ជាមួួយគ្រូបង្វឹកផ្ទាល់នៅក្លឹបអាណាចក្រប្រយុទ្ធ ក៏កំពុងរៀបចំស្នៀតតទល់ភាគីចិនឲ្យទស្សនិកជនមើលសប្បាយភ្នែកតែម្តង។ ម្យ៉ាងក្នុងរដូវកាលបុណ្យណូអែល ក៏ដូចជាបុណ្យឆ្លងឆ្នាំកន្លងទៅ សំបូរ មិនបានយកពេលសម្រាក ឬធ្វើដំណើរកំសាន្តទៅណានោះទេ ពីព្រោះគាត់ចង់យកពេលនោះផ្តោតទៅលើការហ្វឹតហាត់ជាង។
គាត់បង្ហើប៖ «ខ្ញុំហាត់ខ្លាំងសម្រាប់ប្រកួតនេះ ខ្ញុំអត់បានទៅណាទេពេលឆ្លងឆ្នាំហ្នឹង»។
ក្រៅពីហាត់នៅក្លឹបគាត់ក៏ព្យាយាមបង្កើនសកម្មភាពផ្សេងៗទៀតផងដែរដើម្បីជួយដល់រាងកាយកាន់តែពិសេសទៅទៀត។
«បន្ទាប់ពីហាត់នៅក្លឹបហើយ ខ្ញុំទៅទាត់បាល់។ ទាត់ផ្ទប់ជញ្ជាំងចុះឡើងៗ លេងបាល់វាជួយខាងចលនា ហើយឲ្យសរសៃដៃជើងបត់បែនល្អជាងមុន»។
រីឯ Zhang គូប្រកួតភាគីចិនវិញជាកីឡាករម្នាក់មានកេរ្តិ៍ឈ្មោះល្អ និងបទពិសោធន៍ច្រើនសរុបប្រហែលជាង ៥០ប្រកួតរួចមកហើយនៅស្ថាប័នប្រដាល់ដូចជាGloryជាដើម។
អ្នកប្រដាល់តំណាងក្លឹបអាណាចក្រប្រយុទ្ធរូបនេះ ជឿថាឱកាសដែលបានប្រកួតជាមួយជើងខ្លាំងមួយរូបដូចជា Zhang នេះជាកត្តាជម្រុញគាត់ឲ្យកាន់តែល្អជាងមុន។ គាត់ទន្ទឹងរង់ចាំឡើងបង្ហាញសមត្ថភាពដែលគាត់មានឲ្យគ្រប់គ្នាឃើញ។
សំបូរ និយាយថា៖ «(Zhang) គាត់ខ្លាំងដែរ ប៉ុន្តែប៉ះជាមួយអ្នកខ្លាំង បានធ្វើឲ្យយើងល្អ ប៉ះអ្នកខ្សោយៗ វាអត់សូវល្អទេ យើងមិនសូវសប្បាយខ្លាំង»។
«ខ្ញុំដឹងគាត់ល្អតែប្រើដៃ តែជើងគាត់អត់សូវល្អទេ។ អញ្ចឹងឥឡូវកំពុងហាត់ការពារច្រើន»។
សំបូរ តែងតែលើកពីអតីតកាលតំណរដូនតាក្បាច់គុនរបស់ខ្មែរ ព្រមទាំងមានជំនឿថាជុំរុំក្បាច់គុនអន្តរជាតិដែលគាត់នឹងមានវត្តមាននោះ ជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីបង្ហាញពិភពលោកពីបេះដូងអ្នកប្រដាល់ខ្មែរដែលកំពុងតែរីកដុះដាលខ្លាំងជាងមុន។
«ខ្ញុំមានមោទនភាពខ្លាំងមែនទែនដែលឡើងបញ្ចេញសមត្ថភាពនៅ ONE Championship ចង់បង្ហាញគេគ្រប់គ្នាក្បាច់គុនខ្មែរនៅតែខ្លាំង – មិនបានចុះខ្សោយឡើយ»។
«ខ្ញុំចង់ប្រាប់ទៅបងប្អូនខ្មែរគ្រប់រូបដែលរង់ចាំមើលការប្រកួតរបស់ខ្ញុំនៅ ONE ថាខ្ញុំនឹងប្រកួតឲ្យអស់ពីលទ្ធភាព និងមិនធ្វើឲ្យបងប្អូនបាក់ទឹកចិត្តលើរូបខ្ញុំឡើយ»។
អត្ថបទ៖ Matias Andres