Kwok Leung Tsang អ្នកដឹកនាំក្លឹប«អាណាចក្រប្រយុទ្ធ» ថាអនាគតក្បាច់គុនខ្មែរនឹងរីកចម្រើនខ្លាំង

មិនដល់មួយឆ្នាំផង ក្លឹបអាណាចក្រប្រយុទ្ធ (KFG) ដែលមានទីតាំងនៅខេត្តសៀមរាប បានកសាងមុខមាត់ក្នុងពិភពគុននៅកម្ពុជាមិនអន់ឡើយ។

ថ្វីៗនេះ ក្លឹបដ៏តូចរបស់ពួកគេកំពុងបោះជំហានចូលបង្ហាញមុខជាលើកដំបូងក្នុងសង្វៀនប្រដាល់ធំជាងគេ ចាប់ផ្តើមដំបូងគឺការផ្គូផ្គងកីឡាករពន្លកថ្មី គង់ សំបូរ ចូលសាកសមត្ថភាពនៅព្រឹត្តិការណ៍មួយរបស់ ONE Championship ចំថ្ងៃសុក្រ ទី២២ ខែកម្ភះ ហៅថា ONE: CALL FOR GREATNESS

ពីក្រោយការលូតលាស់ខ្លាំងរបស់ក្លឹបគឺដោយសារមានស្ថាបនិកពីររូបគឺលោក Kwok Leung Tsang ជាមួយលោក Mark Van Dongen ពួកគាត់បានព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីផ្សព្វផ្សាយឈ្មោះថាក្បាច់គុនខ្មែរទៅដល់អន្តរជាតិឲ្យបានស្គាល់។

តាំងពីក្លឹបត្រូវបានបង្កើតមក KFG បានពង្រីកខ្លួនធ្វេរដង ដែលសព្វថ្ងៃក្លឹបនេះមានកីឡាករតំណាងឡើងប្រកួតក្នុងប្រទេសជាញឹកញាប់។

តែអ្វីដែលក្លឹបកំពុងប្រឈមមុខធំជាងគេគឺនៅថ្ងៃទី ២២ខែកុម្ភះក្រោយ ពីព្រោះត្រូវបញ្ជូនកីឡាករតំណាងកម្ពុជាចំនួនពីររូបគឺ គង់ សំបូរ និង ខុន ស៊ីចាន់ ដើម្បីធ្វើដំណើរទៅប្រទេសសិង្ហបុរី ប្រកួតតំណាងប្រទេសកម្ពុជានៅក្នុងជុំរុំក្បាច់គុនពិភពលោក។

អ្នកលេងគុនខ្មែរ សំបូរ មានវ័យ ២៤ឆ្នាំ នឹងត្រៀមបញ្ចេញស្នាដៃក្នុងកម្មវិធី ONE Super Series (OSS) ប៉ះគូប្រយុទ្ធដំបូងចំជើងខ្លាំងចិន Zhang Chenglong។

មួួយគូនេះនឹងជួបគ្នាក្នុងការប្រកួតទម្ងន់ ៦៥គក ដូច្នេះលោក Leung Tsang និងក្រុមទាំងមូលកំពុងព្យាយាមរកក្បាច់ដើម្បីបំបាក់គូប្រកួតដ៏ល្បីនេះឲ្យកក្រើកឆាកតែម្តង។

ស្ថាបនិកក្លឹប KFG វ័យ ៣២ឆ្នាំរៀបរាប់ថា៖ «យើងមានស្នៀតពិសេសៗត្រៀមឲ្យគាត់ហាត់។ និយាយទៅយើងដឹងថាត្រូវប្រើស្នៀតណាហើយ តែយើងក៏នៅចាំសង្កេតមើលស្នៀតខាងគេដែរ ដូចដែលគេខំមើលយើងអីចឹង»។

«អ្វីដែលយើងខ្លាំងជាងគេគឺថាយើងមានវីដេអូដែល សំបូរ ប្រកួតគុនខ្មែរគ្រប់កន្លែង តែខាងក្រុមគេមិនដឹងថា សំបូរ អាចវាយលឿនប៉ុណ្ណាទេ ព្រោះគ្មានអ្នកណាអាចមើលដឹងតាមទូរទស្សន៍ឡើយ»។

Leung Tsang មានប្រវត្តិធ្លាប់ហ្វឹកហាត់ជាមួួយគ្រូបង្វឹកទាំងក្នុងស្រុក និងបរទេស ដូច្នេះគាត់មានចំនេះដឹងច្រើនក្នុងការធ្វើឲ្យក្លឹបក្បាច់គុន KFG របស់គាត់ចំរុះទៅដោយភាពសប្បាយរីករាយទាំងសម្រាប់កីឡាករអាជីព ក៏ដូចជាអ្នកមកហាត់ដើម្បីសុខភាពផងដែរ។

Leung Tsang និងក្រុម KFG ទាំងមូល ស្រមើស្រមៃឃើញពីក្បាច់គុនសម័យថ្មីមួួយនៅកម្ពុជា ប៉ុន្តែមិនមានន័យថាត្រូវបំបាត់ក្បាច់បុរាណនោះទេ។ ពួកគាត់នៅតែមានឆន្ទៈប្រើប្រាស់ក្បាច់គុនបុរាណខ្មែរតែលាយចូលក្បាច់ថ្មីបន្តិចបន្តួច។

«យើងព្យាយាមលាយក្បាច់ខុសៗគ្នា ហើយចាំមើលមួយណាប្រើការបានសម្រាប់អ្នកប្រដាល់យើង។ កីឡាករម្នាក់ៗប្រាកដជាមានស្នៀតរៀងៗខ្លួនហើយ ប៉ុន្តែយ៉ាងណាយើងចង់ឲ្យគាត់រហ័សជាងមុនដោយប្រើគុនខ្មែរដែរ»។

ឃើញពីភាពរីកចម្រើនរបស់ក្បាច់គុនទូទាំងពិភពលោកជាពិសេសដូចនៅប្រទេសថៃជាដើម អ្នកដឹកនាំក្លឹប KFG រូបនេះតាំងចិត្តថានឹងមិនភ្លេចគុណបុព្វបុរសដែលជាម្ចាស់គុនបុរាណខ្មែរឡើយ។

ប៉ុន្តែគាត់ក៏មើលឃើញពីចំនុចខ្លះៗត្រូវកែតម្រូវដើម្បីអភិវឌ្ឍន៍ឲ្យប្រសើរផងដែរ។

គាត់និយាយបន្ត៖ «អ្នកប្រដាល់ខ្មែរគាត់មានជំនាញសុះអស់ហើយ ព្រោះវានៅក្នុងឈាមខ្មែរស្រាប់ អីចឹងអ្វីដែលត្រូវធ្វើគឺបញ្ចេញសមត្ថភាពដែលគាត់មានឲ្យគេឃើញ»។

«មនុស្សម្នាដែលខ្ញុំមានទំនាក់ទំនងជាមួយ ដូចជា ចាន់ រតនា ចាន់រាជមកពីក្លឹប CTT កែវ រំចង់ និងខាងក្លឹបប្រដាល់ជាដើម ពួកគាត់សុទ្ធតែមានចក្ខុវិស័យដូចគ្នា។ គាត់មិនត្រឹមតែមានមហិច្ចតាទេ តែក៏មានមោទនភាពបានជាចំណែកមួួយក្នុងវិស័យក្បាច់គុនបុរាណខ្មែរដែរ»។

«ពេលនេះ មិនមែនដើម្បីតែប្រកួតមួយមុខទេ ដោយសារយើងត្រូវការគ្នាទៅវិញទៅមកដើម្បីបានរីកចម្រើនដល់កំរិតមួយទៀតទាំងអស់គ្នា»។

នៅខែកុម្ភះឆាប់ៗនេះ KFG នឹងមានឱកាសធំមួួយជាក្តីសង្ឃឹមដល់ក្លឹបដើម្បីបានដើរទៅមុខទៀតស្របតាមចក្ខុវិស័យរបស់ខ្លួន ហើយសង្ឃឹមថាអាចនាំយកជោគជ័យដ៏អស្ចារ្យមួួយមកផ្ទះវិញ។

ជោគជ័យនោះមិនមែនសម្រាប់តែក្លឹបផ្ទាល់ទេ ប៉ុន្តែក៏សម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។

គាត់បញ្ជាក់ថា៖ «ម្នាក់ៗមើលងាយកម្ពុជា! តាមពិតកម្ពុជាជាប្រទេសស្រស់ស្អាតណាស់ ហើយមានអ្វីៗផ្តល់ឲ្យយើងច្រើនមែនទែន»។

«បើយើងក្រលេកមើលការប្រកួតនីមួួយៗវិញ បើយើងគ្រប់គ្នាចេះសហការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៍ទៅវិញទៅមក នោះបានរឹតតែល្អប្រសើរដល់យើងគ្រប់គ្នា ក៏ដូចជាប្រទេសជាតិទាំងមូលដែរ»។

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s