ថ្មីៗនេះនៅតាមបណ្តាញសង្គមកំពុងផ្អើលបង្ហោះរូប #10YearChallenge ដែលមនុស្សជុំវិញពិភពលោកនាំគ្នាបង្ហោះកំរងរូបភាពចំនួនពីរសន្លឹក រូបទី១គឺតាំងពីឆ្នាំ២០០៩ និងមួយទៀតរូបបច្ចុប្បន្ន។
រីឯកីឡាករកម្ពុជាប្រចាំ ONE Championship ដូចជាអ្នកប្រដាល់ក្នុងស្រុកជាច្រើននាំគ្នាចូលរួមបង្ហោះរូបកាលពី១០ឆ្នាំមុននឹងគេដែរ។
១. ខុន ស៊ីចាន់
ខុន ស៊ីចាន់ ជើងឯក KWC Flyweight Champion កាលពីមុនជាអ្នកលេងគុនខ្មែរម្នាក់ដែរ ប៉ុន្តែមិនទាន់ចាប់យកក្បាច់គុនចម្រុះ ហើយបានប្រកួតអន្តរជាតិនៅឡើយទេ។
នៅថ្ងៃសុក្រ ទី២២ ខែកម្ភះនេះ ស៊ីចាន់ ទន្ទឹងត្រលប់ចូលប្រកួតនៅ ONE Championship ម្តងទៀត ដែលគេបានផ្គូផ្គងគាត់ជាមួយកីឡាករឥណ្ឌូនេស៊ី Rudy Augustian ក្នុងការប្រកួតប្រភេទ ៦១គក នៅប្រទេសសិង្ហបុរី នៃកម្មវិធី ONE: CALL TO GREATNESS។
២. នៅ ស្រីពៅ
នៅ ស្រីពៅ កីឡាការិនីពន្លកថ្មីជើងឯក Kun Khmer World Champion ចាប់ផ្តើមហាត់ប្រដាល់តាំងពីអាយុ ១៦ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះខ្លាំងទៅៗរហូតមានឱកាសបញ្ចេញស្នាដៃជាលើកដំបូងនៅសង្វៀនប្រដាល់ធំជាងគេទូទាំងពិភពលោក។
១០ឆ្នាំមុន នាងគ្រាន់តែជាក្មេងស្រីម្នាក់ មិនធ្លាប់ទាំងគិតចង់កាន់ហ្គង់ផង តែឥឡូវនេះកំពុងត្រៀមខ្លួនក្នុងការប្រកួតដ៏ធំជាងគេក្នុងជីវិតនាង បង្ហាញមុខដំបូងត្រូវប្រកួតគុនចម្រុះនៅទីក្រុងបាងកក ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS។
៣. ចាន់ រតនា
ជើងចាស់គុនខ្មែរដ៏ល្បីឈ្មោះ ចាន់ រតនា ក្នុងរយៈពេល១០ឆ្នាំនេះមានការផ្លាស់ប្តូរច្រើនណាស់។
ពីមុន រតនា មានទម្ងន់ធ្ងន់ជាងធម្មតាមិនមានឱកាសប្រកួតនៅ ONE Championship ក្នុងទម្ងន់ ៦១គកឡើយ។
តែក្រលេកមើលកាលពីខែធ្នូ ទី៧វិញ ចាន់ រតនា ត្រលប់ចូលក្នុងទ្រុងម្តងទៀតជាមួយការបង្ហាញសមត្ថភាពដ៏អស្ចារ្យធ្វើឲ្យកក្រើកសង្វៀនធំ ដោយសារគាត់បានផ្តួលខ្លាកំណាចឥណ្ឌូនេស៊ី Abro Fernandes បានសម្រេច។
៤. ឯម សុវណ្ណារី
កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ឯម សុវណ្ណារី កាលពីមុនជាក្មេងស្រីពូកែអៀនម្នាក់ ប៉ុន្តែនាងចាប់ផ្តើមតាំងចិត្តឈប់ខ្មាស រហូតដល់ឥឡូវក្លាយជាអ្នកប្រដាល់ស្រីរះថ្មីម្នាក់ក្នុងឆ្នាំ ២០១៩នេះ។
ពេលប្រកួតក្នុងទ្រុងនៅទីក្រុងកូឡាឡាំពួរ កាលពីដើមខែធ្នូជាជ័យជន្នះដ៏ធំធេងមួួយរបស់នាងដែលនាងបានផ្តួលកីឡាការិនីជើងខ្លាំងជនជាតិអ៊ុយក្រែននាង Iryna Kyselova បានយ៉ាងងាយស្រួល។
បើយើងមើលរូបភាពកាលពី ១០ឆ្នាំមុនរបស់នាងវិញ ប្រហែលមិននឹកស្មានថានាងអាចទៅធ្វើទៅបានដល់សព្វថ្ងៃឡើយ តែយ៉ាងណា សុវណ្ណារី គាត់ទម្លុះភាពភ័យខ្លាចនិងអៀនខ្មាស់បាន ហើយត្រៀមបន្តដំណើរជីវិតក្នុងអាជីពអ្នកប្រដាល់ឲ្យតែអស្ចារ្យថែមទៀតនៅឆ្នាំ ២០១៩នេះ។
៥. សំ ថារត្ន័
១០ឆ្នាំមុន នរណាទៅស្មានបានថា សំ ថារត្ន័ អាចក្លាយជាអតីតកីឡាការិនីប្រដាល់ឲ្យ ONE Championship ហើយក្លាយទៅជាតួកុនដ៏មានប្រជាប្រិយម្នាក់ដូចសព្វថ្ងៃ។
ថារត្ន័ ត្រូវបានគេស្គាល់ថាជាតារាប្រដាល់ស្រីដ៏មានទេព្យកោសល្យមួួយរូប បន្ទាប់មកនាងយកក្បាច់គុននេះជាស្ពានដើម្បីចាប់យកអាជីពជាតារាសម្តែង ដែលឃើញថាថ្មីៗនេះនាងមានភាពមមាញឹកខ្លាំងធ្វើដំណើរក្រៅប្រទេសច្រើនដើម្បីផ្សព្វផ្សាយរឿងចុងក្រោយរបស់នាងចំណងជើងថា «Surviving Bokator»។
កញ្ញាកូនកង្កែបនេះ មានប្រវត្តិប្រកួតនៅ ONE ២ដងឈ្នះទាំងពីរដង យើងសង្ឃឹមថានាងអាចត្រលប់ចូលការប្រកួតំណាងស្ត្រីកម្ពុជាឲ្យកាន់តែកក្រើកឆាកអន្តរជាតិតម្តងទៀត។
៦. កែវ រំចង់
កំឡុងពេល ១០ឆ្នាំ តារាគុនខ្មែរដ៏មានប្រជាប្រិយ កែវ រំចង់ បានមានឈ្មោះបោះសំលេងដែលកីឡាករផ្សេងៗស្រម៉ៃចង់បានដូចគាត់។សព្វថ្ងៃគាត់ប្រកួតនៅក្នុងស្រុក ប៉ុន្តែគាត់មានបំណងចង់បញ្ចេញសមត្ថភាពដែលគាត់មាននៅ ONE Championship ឲ្យទស្សនិកជនទូទាំងពិភពលោកបានឃើញ។
ថ្វីបើគាត់ទទួលបានជោគជ័យច្រើនហូហែរៀងមមែន ប៉ុន្តែឆ្នាំ២០១៩នេះ គាត់រឹតតែប្រឹងហាត់ឲ្យខ្លាំងមួយកំរិតទៀតដើម្បីឲ្យអាជីពគាត់កាន់ល្បីមួយកំរិតទៀត។
អត្ថបទ៖ Matias Andres