ប្រកួតដំបូងនៅONE Championship នៅ ស្រីពៅ បំបាក់ Rika Ishige តែម្តង!

 

នៅ ស្រីពៅ មកពីក្លឹប Cambodian Top Team បានអង្រួនសង្វៀនធំ ONE Championship ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ធ្វើឲ្យកក្រើកអស្ចារ្យ នាយប់ថ្ងៃសោរ៍ ទី១៦ ខែកុម្ភះ។

កីឡាការិនីវ័យ ២៤ឆ្នាំរបស់កម្ពុជា ប្រយុទ្ធតទល់គ្នាយ៉ាងតឹងតែងជាមួយតារាប្រដាល់ស្រីរបស់ថៃនាង Rika Ishige ក្នុងការប្រកួតបែបគុនចម្រុះ រហូតដល់ចប់ទឹកទី៣ អាជ្ញាកណ្តាលសម្រេចឲ្យ ស្រីពៅ ឈ្នះដោយពិន្ទុ។

ថ្វីបើ នេះការប្រកួតលើកដំបូងបង្អស់របស់ ស្រីពៅ ក្នុងស្ថាប័នប្រដាល់អន្តរជាតិធំជាងគេលើពិភពលោកនេះមែន  ប៉ុន្តែនាងមានស្មារតីនិងទឹកមុខស្ងប់ល្អ នៅពេលដើរចេញមកបង្ហាញខ្លួនសំដៅចូលទៅក្នុងទ្រុងប្រយុទ្ធ។

ស្រីពៅ ពន្យល់ថា៖ «ក្នុងចិត្តវិញរំភើប ហើយគិតថាខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព នូវអ្វីដែលខ្ញុំខំប្រឹងហាត់ទាំងប៉ុន្មានហ្នឹង»

អំឡុងពេលដែល ស្រីពៅ រង់ចាំនៅក្នុងទ្រុងប្រដាល់ ដែលពេលនោះមានលោកគ្រូ ហ៊ុន ចាន់រាជ ក៏ដូចជាមិត្តរួមអាជីព វី ស្រីខួច នៅជិតខ្លួនផងដែរ ស្រាប់តែ Rika បានបង្ហាញខ្លួនពីក្រោយឆាកមក ដោយបានស្លៀកពាក់ជាតុក្តតាក្នុងរឿង «Finding Nemo» ហើយបញ្ចេញក្បាច់រាំដើរចុះសំដៅមកសង្វៀនអមជាមួយសំលេងស្រែកហ៊ោកញ្រ្ជាវរបស់អ្នកគាំទ្ររបស់នាងជាច្រើនកុះករ។

ស្រីពៅ នៅតែប្រមូលស្មារតីបានល្អក្នុងការរង់ចាំ។ គ្រាន់តែសំលេងជួងបន្លឺឡើងភ្លាម ស្រីពៅ ចាប់ផ្តើមតំឡើងសាច់ដុំសម្រុកចូលយ៉ាងកម្រោល ហើយបានប្រើកណ្តាប់ដៃដាល់នាង Rika យ៉ាងធ្ងន់ៗបណ្តាក់គ្នា រហូតនាង Rika ដួលក្រាបលើរិញតែម្តង។

ស្រីពៅ រៀបរាប់៖ «ខ្ញុំដឹងតាំងពីទឹកទី១ម្ល៉េះ ថាខ្ញុំឈ្នះ ព្រោះខ្ញុំវាយចូលពេញៗ  ប៉ុន្តែខ្ញុំអត់អាចប្រហែសបានទេ»។

ជើងឯកគុនខ្មែរពិភពលោករូបនេះ ប្រើក្បាច់ចេញដៃច្រើន និងទាត់ក្រោម ដើម្បីបិទមិនឲ្យ Rika ចូលចាប់ក្រោមក្នុងការផ្តួលនាងបានឡើយ ហើយពេល Rika បម្រុងចូលចាប់ពេលណា ស្រីពៅ ប្រើកណ្តាប់ដៃដាល់ផ្ទប់ជាប់ជានិច្ច។

ស្រីពៅ បានថ្លែងអំណរគុណដល់លោកគ្រូបង្វឹកទាំងពីរ គឺលោកគ្រូ ចាន់រាជ និងលោកគ្រូ Nicholas “JJ” Lee ដែលជាអតីតអ្នកប្រដាល់ក្នុងទ្រុង ONE Championship ដូចគ្នា សម្រាប់ការរៀបចំក្បាច់ស្នៀតសឹងតែល្អឥតខ្ចោះសម្រាប់ការប្រកួតរបស់នាងនាយប់នោះ។

«លោកគ្រូប្រាប់ខ្ញុំថាវាយអញ្ចឹងឈ្នះហើយ អីចឹងខ្ញុំត្រូវរក្សាទម្រង់វាយដដែល អត់អាចប្តូរទម្រង់វាយទេ។ត្រូវទាត់ចូលក្រោម ហើយចេញដៃឲ្យច្រើន អីចឹងគេអត់មានផ្លូវចូលចាប់យើងរួចទេ»។

សំលេងជួងចាប់បន្លឺឡើងម្តងទៀត ស្រីពៅ កាន់តែមានទំនុកចិត្តខ្លាំង នាងបញ្ចេញកម្លាំងទាំងដៃនិងជើងមិនចុះថយសោះឡើង ធ្វើឲ្យមនុស្សម្នាទាំងអស់នៅក្នុងឆាកដ៏ធំនេះ មានការភ្ញាក់ផ្អើលហើយមិនគួរឲ្យជឿសោះពីសមត្ថភាពរបស់ស្រីពៅ ក្នុងការប្រកួតទម្ងន់ ៤៦គកនេះ។

បន្ទាប់ទឹកទី៣បានបញ្ចប់ទៅ ស្រីពៅ ត្រូវបានចៅក្រមប្រកាសឲ្យឈ្នះជាឯកច្ឆន្ទក្នុងការប្រកួតទ្រុងគុនចម្រុះ ONE Championship។ នេះគឺជាជោគជ័យដ៏ធំមួួយសម្រាប់ ស្រីពៅ និងសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។

ស្រីពៅ រៀបរាប់ពេលពីអារម្មណ៍ពេលលឺជួងបញ្ចប់ទឹកទី៣៖ «គ្រាន់តែលឺជួងភ្លាម គឺអារម្មណ៍រំភើបតែម្តង»

ក្រោយពីទទួលបានជ័យលាភីនេះមក នាងបានថ្លែងអំណរគុណដល់អ្នកគាំទ្រនៅប្រទេសកំណើតទាំងអស់ ដែលបានជួយលើកទឹកចិត្តដល់កំឡុងពេលត្រៀមមុនប្រកួតទាំងអស់។

«ខ្ញុំសូមអរគុណច្រើនដល់បងប្អូនខ្មែរទាំងអស់ដែលបានគាំទ្រ»!

 

អត្ថបទ៖ Matias Andres

 

One thought on “ប្រកួតដំបូងនៅONE Championship នៅ ស្រីពៅ បំបាក់ Rika Ishige តែម្តង!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s