ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ONE Championship នឹងអង្រួនបេះដូងទស្សនិកជនម្តងទៀតហើយ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រដាល់យក្សនៅឯប្រទេសសិង្ហបុរី និងមានការបង្ហាញក្បាច់គុនរបស់កីឡាករឆ្នើមៗទូទាំងសាកលលោកក្នុងការប្រកួត ក្នុងនោះក៏មានកីឡាករកម្ពុជាពីររូបផងដែរ។
ព្រឹត្តិការណ៍ ONE: CALL TO GREATNESS នឹងនាំមកនូវការប្រកួតក្បាច់គុនច្រើនប្រភេទដូចជា គុនខ្មែរ គុនមួយថៃ គុនចម្រុះ និង Kickboxing ជាចំណីចក្ខុបងប្អូនជនរួមជាតិឲ្យដិតជាប់ក្នុងចិត្តជាមិនខាន។
ខាងក្រោមនេះជាហេតុផលសំខាន់៣យ៉ាងដែលយើងគួរតាមដានកម្មវិធី៖
១. ខុន ស៊ីចាន់ បង្ហាញមុខម្តងទៀត
ជើងឯកក្នុងកម្មវិធី Khmer Warrior Challenge (KWC) ប្រភេទទម្ងន់ ៥៦.៧គក ខុន ស៊ីចាន់ បានបាត់មុខមាត់ពីទ្រុងយក្ស ONE អស់មួយរយៈធំ តាំងពីពេលប្រកួតចុងក្រោយជាមួយភាគីឥណ្ឌូនេស៊ី Riski Umar ដែលកាលនោះ ស៊ីចាន់ ឈ្នះដោយពិន្ទុលើគូប្រកួតមួយនេះ។
កីឡាករតំណាងក្លិប «Phnom Penh MMA» ពេលនេះកំពុងបង្កើនការហ្វឹកហាត់ខ្លាំងទៅលើក្បាច់ចាប់ក្លេ ដើម្បីបញ្ចេញថ្វីដៃនៅក្នុងទ្រុងអន្តរជាតិ ឲ្យគេស្គាល់ថាខ្លួនពិតជាមានសមត្ថភាពឡើងមួយកំរិតទៀតមែន។
Rudy Agustian ដែលជាគូប្រកួតជំនាញខ្លាំងខាង MMA ម្នាក់ នឹងធ្វើការសាកល្បងទឹកដៃរបស់ ស៊ីចាន់ នៅក្នុងការប្រកួតនោះម្តង។ ប្រសិន ស៊ីចាន់ យកឈ្នះកីឡាករឥណ្ឌូនេស៊ីរូបនេះបាន នោះច្បាស់ហើយថាក្បាច់គុនរបស់គេពិតជាឈានដល់កម្រិតខ្ពស់ក្នុងឆាកអន្តរជាតិប្រចាំឆ្នាំ២០១៩ពិតមែន។
គ្រូបង្វឹករបស់ ស៊ីចាន់ បង្ហើបថា៖ «យើងរីករាយនឹងការហាត់ត្រៀមណាស់។ ស៊ីចាន់ គាត់យកចិត្តទុកដាក់ខ្លាំង ហើយឃ្លានចង់ឈ្នះមែនទែន»។
«ចាំមើល Rudy គេប្រើក្បាច់អីមកតទល់ជាមួយ ស៊ីចាន់។ ស៊ីចាន់ ធ្លាប់វាយគុនខ្មែរជាង១៥០ប្រកួត រីឯ Rudy វិញមិនបានច្រើនទេ»។
«ស៊ីចាន់ នឹងដាក់មួយទំហឹងៗ កាប់កែងចំៗដូចកាលគាត់លេងជាមួយ Riski Umar លើកមុនអីចឹង តែខុសត្រង់លើកនេះគេនឹងប្រើក្លេល្អជាងមុន»។
២. គង់ សំបូរ សមាជិកថ្មីក្នុងវគ្គ ONE Super Series
គង់ សំបូរ មានទីលំនៅនៅខេត្តសៀមរាប មានឈ្មោះចូលប្រកួតនៅសង្វៀនយក្ស ONE Championship បានសម្រេច។
កីឡាករវ័យ ២៣ឆ្នាំ សំបូរ ក្លាយជាសមាជិកថ្មីម្នាក់នៅក្នុងស្ថាប័នប្រដាល់អន្តរជាតិ ដោយសារគេមានមហិច្ចតាចង់បង្ហាញអន្តរជាតិថាក្បាច់គុនខ្មែរនៅតែខ្លាំង។ សំបូរ ត្រូវបានផ្គូរផ្គងឲ្យប៉ះជាមួយជើងខ្លាំងជនជាតិចិន Zhang Chenglong ក្នុងតារាងគូសំខាន់នៃព្រឹត្តិការណ៍ទាំងមូល។
សំបូរ នឹងប្រកួតតំណាងឲ្យក្លិប«អាណាចក្រប្រយុទ្ធ (KFG)» ហើយគេមានឆន្ទៈមោះមុតថានឹងបញ្ចេញឲ្យអស់មួយទំហឹង ដូចអ្វីដែលគេនិងក្រុមទាំងមូលបានត្រៀមទុក។
ចំណែកម្ចាស់ក្លិប KFG លោក Kwok Leung Tsang ប្រាប់ថា៖ «យើងធ្វើយ៉ាងម៉េចដាក់បញ្ចូលស្នៀតច្រើនខុសៗគ្នា ស៊ីសងមួយណាប្រើការជាមួយកីឡាករយើងបាន។ និយាយទៅ កីឡាករម្នាក់ៗមានស្នៀតរៀងខ្លួន ប៉ុន្តែសរុបទៅ យើងចង់បង្កើនភាពរហ័ស ដោយលាយជាមួយតិចនិកគុនខ្មែរ»។
«យើងត្រៀមវាយឲ្យកក្រើកឆាកតែម្តង!»។
៣. ការប្រកួតជើងឯកខ្សែក្រវាត់ក្បាច់មួយថៃក្នុងប្រវត្តិសាស្រ្ត
Stamp Fairtex ជាវីរនារីខាងក្បាច់គុនរបស់ថៃ ជាជើងឯកម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight Kickboxing World Champion។ នាងនឹងសាងប្រវត្តិសាស្រ្តក្នុងស្ថាប័ន ONE Championship ដោយធ្វើការប្រកួតដណ្តើមខ្សែក្រវាត់បន្ថែម១ទៀត ពីជើងឯកពិភពលោកជនជាតិអាមេរិក Janet “JT” Todd នៅកម្មវិធីពិសេសរបស់ព្រឹត្តិការណ៍នាល្ងាចថ្ងៃសុក្រនេះ។
Stamp បច្ចុប្បន្នគឺជាម្ចាស់ខ្សែក្រវាត់មួយស្រាប់ហើយ ប្រសិននាងអាចយកឈ្នះជើងខ្លាំងអាមេរិកក្នុងការប្រកួតក្បាច់មួយថៃបាន នោះនាងនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកដល់ទៅពីរគឺខាងក្បាច់ Kickboxing និងក្បាច់គុនមួយថៃ។
គួរសំគាល់ផងដែរថា គ្មាននរណាម្នាក់អាចយកតំណែងខ្សែក្រវាត់២ ពីក្នុងសង្វៀនយក្ស ONE Championship បាននៅឡើយទេ ដូច្នេះបើសិននាងពិតជាធ្វើបានមែន រាត្រីនោះនឹងក្លាយជាប្រវត្តិសាស្រ្តធំមួយរបស់ស្ថាបន័ប្រដាល់លំដាប់ពិភពលោក ONE ជាក់ជាមិនខាន។
អត្ថបទ៖ Matias Andres