កីឡាករក្លិបអាណាចក្រប្រយុទ្ធ (KFG) គង់ សំបូរ វិះនឹងទទួលជ័យជម្នះក្នុងការប្រកួត ONE Super Series លើកដំបូងរបស់គេនៅ ONE: CALL TO GREATNESS កាលពីថ្ងៃសុក្រទី២២ខែកុម្ភៈ។
អ្នកប្រដាល់កម្ពុជាវ័យ២៣ឆ្នាំបានប្រឈមនឹងការល្បងសមត្ថភាពដ៏តានតឹងមួយទល់នឹងជើងឯក Top King Muay Thai World Champion: Zhang Chenglong ប៉ុន្តែគេបានជោគជ័យក្នុងការបង្ហាញជំនាញគុនខ្មែរប្រកបដោយថាមពលនៅពីមុខទស្សនិកជនសិង្ហបុរីដ៏ក្លៀវក្លា។
ក្រោយប្រកួតគ្នា៣ទឹកយ៉ាងស្វិតស្វាញ ចៅក្រមម្នាក់បានផ្ដល់ពិន្ទុឱ្យ សំបូរ ឈ្នះ ខណៈចៅក្រមពីររូបផ្សេងទៀតផ្ដល់ពិន្ទុឱ្យ Zhang ឈ្នះ។
លោក Kwok Leung Tsang អ្នកដឹកនាំក្លិប KFG និយាយថា៖ «សំបូរបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងពេលត្រៀមលក្ខណៈ។ ជាអកុសល លទ្ធផលចេញមកមិនដូចអ្វីដែលពួកយើងបានប៉ង ប៉ុន្តែខ្ញុំប្រាកដថាតាមរយៈបទពិសោធលើកនេះ ការប្រកួតបន្ទាប់នឹងខុសពីនេះ»។
ក្នុងនាមជាគូសំខាន់ទី១នៃព្រឹត្តិការណ៍ សំបូរ បានចាប់ផ្ដើមការប្រកួតយ៉ាងលឿន ដោយបោះជើងទាត់លើខ្លាំងៗជាច្រើនជើងដើម្បីបង្កភាពភ្ញាក់ផ្អើលដល់កីឡាករចិនរហស្សនាម “Muay Thai Boy”។
ទោះបីត្រូវ សំបូរ ដេញឱ្យថយក៏ដោយ ប៉ុន្តែអ្នកប្រដាល់ចិនដ៏មានទេពកោសល្យអាចរកវិធីតបតវិញបាននិងបានបោះកណ្ដាប់ដៃចំៗពេញៗពីរដៃលើកីឡាករវ័យក្មេងកម្ពុជា។
ក្រោយចាញ់ទឹកទី១ Zhang បានបង្កើនល្បឿននៅក្នុងទឹកទី២ហើយបានចេញទាំងជើងនិងកណ្ដាប់ដៃ ខណៈ សំបូរ នៅតែប្រើក្បាច់ទាត់ដែលគេបានគ្រោងទុក។
Zhang បានត្រួតត្រាទឹកទី៣សឹងទាំងស្រុង ប៉ុន្តែ សំបូរ មិនចុះញ៉មឡើយហើយរក្សាបានលំនឹងទល់នឹងជើងឯកមួយថៃពិភពលោកដ៏ចំណាន។
ថ្វីបើនេះជាការប្រកួតលើកទី១របស់ សំបូរ នៅក្រៅប្រទេសនិងជាលើកដំបូងរបស់គេក្នុងស្ថាប័នក្បាច់គុនធំបំផុតលើពិភពលោកក្ដី តែគេបានរក្សាជំហររឹងមាំទាំងមុននិងក្រោយពេលចៅក្រមផ្ដល់ពិន្ទុការប្រកួត kickboxing ទម្ងន់ bantamweight នេះឱ្យគូប្រកួតរបស់គេឈ្នះ។
លោក Leung Tsang និយាយថា៖ «ខ្ញុំគិតថាទឹកទី១និងទី២ប្រហាក់ប្រហែលគ្នា ហើយនៅទឹកទី៣វាច្បាស់ហើយថា Zhang ក្លៀវក្លាជាងនិងរកបានពិន្ទុច្រើនជាង។ លទ្ធផលអាចគេអាចយើង ហើយការសម្រេចចិត្តផ្ដល់ជ័យជម្នះដោយពិន្ទុមិនឯកច្ឆន្ទនៅតែជាលទ្ធផលគួរឱ្យសរសើរមួយសម្រាប់កីឡាករម្នាក់ដែលទើបប្រកួតលើកដំបូង»។
ពេលខ្លះ សំបូរ ហាក់ភាន់ភាំងនឹងច្បាប់ kickboxing ហើយថ្នាក់ដឹកនាំក្លិប KFG បានគិតថាចំណុចនេះអាចពន្យល់បានថាដោយសារកង្វះបទពិសោធក្នុងកីឡាប្រភេទនេះ។
សរុបជារួម សំបូរ និងក្រុមរបស់គេរីករាយចំពោះការចេញប្រកួតលើកដំបូងរបស់គេក្នុង ONE Super Series ហើយក្លិបប្រដាល់ដែលមានមូលដ្ឋាននៅខេត្តសៀមរាបពេលនេះកំពុងសម្លឹងទៅកាន់ការប្រមូលផ្ដុំឡើងវិញនិងរង់ចាំការប្រកួតបន្ទាប់ដែលអាចជាការប្រកួត kickboxing ឬ Muay Thai។
រឿងប្រាកដមួយគឺថាបទពិសោធលើកដំបូងរបស់ក្លិបប្រដាល់ KFG ក្នុងស្ថាប័ន ONE Championship បានធ្វើឱ្យពួកគេមានភាពស្រេកឃ្លានក្នុងការចង់មកប្រកួតទៀត។
លោក Leung Tsang បញ្ជាក់ថា៖ «អ្នកមិនអាចបរិយាយបានទេ។ វាជាស្ថាប័នដ៏ធំនិងរៀបចំបានល្អមែនទែន។ វាអស្ចារ្យណាស់ ហើយការទទួលបានឱកាសមកប្រកួតលើឆាកពិភពលោកទល់នឹងអ្នកប្រយុទ្ធលំដាប់ពិភពលោកដូច្នេះគឺមហស្ចារ្យណាស់»៕