ឆ្នាំ២០១៩ជាឆ្នាំធំមួយសម្រាប់កម្ពុជាដ្បិតមានអត្តពលិកច្រើនជាងមុនចូលរួមប្រកួតប្រជែងក្នុងស្ថាប័នក្បាច់គុនធំបំផុតរបស់ពិភពលោក ONE Championship។ ខាងក្រោមនេះជាតារាលេចធ្លោ៤រូបដែលកម្ពុជាគួរតាមដានក្នុងឆ្នាំ២០១៩។
១៖ នៅ ស្រីពៅ (ចំនួនប្រកួត ១-០)
អត្តពលិករបស់ក្លិប Cambodian Top Team និង Yorky MMA នៅ ស្រីពៅ មានឆ្នាំ២០១៨ដ៏ជោគជ័យយ៉ាងធំធេង ដោយនាងបានក្លាយជាជើងឯកគុនខ្មែរផងនិងឈ្នះពានរង្វាន់ Female Fighter of the Year ពីស្ថាប័ន World Lethwei Championship (WLC) ផង។
ក្នុងឆ្នាំ២០១៩ កីឡាការិនីវ័យក្មេងដ៏ឆ្នើមដែលមានទីលំនៅនៅភ្នំពេញរូបនេះកំពុងសម្លឹងឆ្ពោះទៅកាន់កម្រិតជោគជ័យកាន់តែខ្ពស់ជាងនេះទៀត ដោយនាងបានចូលខ្លួនក្នុងការប្រកួតគុនចម្រុះរបស់ ONE Championship ជាមួយជ័យជម្នះយ៉ាងកក្រើកលើកំពូលតារាថៃ Rika Ishige។
ស្ថិតក្នុងវ័យ២៤ឆ្នាំ ភាពជោគជ័យនិងភាពល្បីល្បាញលំដាប់កំពូលស្ថិតនៅក្បែរដៃរបស់ស្រីពៅ ហើយនាងអាចជាអនាគតនិមិត្តរូបនៃគុនចម្រុះកម្ពុជា។
២៖ ចាន់ រតនា (ចំនួនប្រកួត ៥-៣)
មានមនុស្សមិនច្រើនឡើយដែលទទួលបានការគោរពអស់ពីចិត្តពីប្រទេសមួយទាំងមូល ក្នុងនោះក៏មានអ្នកដឹកនាំក្លិបសិល្បៈ ចាន់ រតនា ដែលបានខំប្រឹងប្រែងហ្វឹកហាត់យ៉ាងហ្មត់ចត់និងខ្លាំងក្លាដើម្បីសម្រួចជំនាញក្បាច់គុនរបស់ខ្លួន។
ក្នុងនាមជាកីឡាករខ្មែរទី១ដែលបានឈ្នះការប្រកួត ONE Championship នៅក្រៅប្រទេសកម្ពុជា រតនា បានបន្តនាំមុខគេលើវិស័យនេះជាមួយភាពជាគំរូនិងជាអ្នកលេងក្បាច់គុនលេចធ្លោបំផុតម្នាក់របស់ប្រទេសកម្ពុជាដោយគ្មានការសង្ស័យ។
កាលពីដើមខែធ្នូឆ្នាំមុន រតនា បានត្រលប់ចូលទ្រុង ONE វិញជាមួយនឹងសមត្ថភាពដ៏ទាក់ទាញទល់នឹងកីឡាករឥណ្ឌូណេស៊ីដែលពីមុនមិនធ្លាប់ចាញ់ Abro Fernandes។
ក្រោយសម្រុកទៅសម្រុកមកយ៉ាងរំភើប រតនា ដែលមានវ័យ៣៣ឆ្នាំបានផ្ដួលឱ្យអាជ្ញាកណ្ដាលបញ្ឈប់ Abro ក្នុងទឹកទី២ ហើយសបញ្ជាក់ឱ្យឃើញថាហេតុអ្វីបានជាគេជាកីឡាករឆ្នើមបំផុតម្នាក់ក្នុងទ្វីបអាស៊ីក្នុងទម្ងន់ flyweight បច្ចុប្បន្ននេះ។
៣៖ ឯម សុវណ្ណារី (ចំនួនប្រកួត ៣-០)
កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ឯម សុវណ្ណារី បានបង្ហាញសមត្ថភាពយ៉ាងគួរឱ្យសរសើរនិងចងចាំយូរអង្វែងនៅពេលនាងចូលប្រកួត ONE Championship លើកដំបូងនៅ ONE: DESTINY OF CHAMPIONS ក្នុងទីក្រុងកួឡាឡាំពួរ។
បន្ទាប់ពីទទួលបានជ័យជម្នះដោយផ្ដួលគូប្រកួតសន្លប់ក្នុងទឹកទី១ពីរដង សុវណ្ណារី បានប្រើពេលវេលាយ៉ាងមានប្រសិទ្ធភាពបំផុតនៅពេលនាងតតាំងជាមួយកីឡាការិនីគុនចម្រុះចាស់វស្សា Iryna “Delsa” Kyselova ដោយចាយពេលត្រឹម៨១វិនាទីដើម្បីឱ្យអាជ្ញាកណ្ដាលបញ្ឈប់គូប្រកួត។
ការផ្ដួលគូប្រកួត៣នាក់ឱ្យសន្លប់ក្នុងពេលតិចជាង៣នាទីពិតជាបានជួយសាងកេរ្តិ៍ឈ្មោះ សុវណ្ណារី ជាតារាកំពុងរះមួយដួងរបស់កម្ពុជា។ ប៉ុន្តែអ្នកប្រយុទ្ធមានគ្រប់ក្បាច់រូបនេះនៅមិនទាន់បង្ហាញសមត្ថភាពអស់ពីសក្ដានុពលនៅឡើយទេ។
៤៖ Emmanuel Onyedikachi (ចំនួនប្រកួត ៣-០)
ក្រោយឈ្នះ៣ប្រកួតជាប់ៗគ្នានៅ ONE Warrior Series របស់ Rich Franklin ដៃគូហ្វឹកហាត់របស់ ចាន់ រតនា គឺ Emmanuel “The Biafran Warrior” Onyedikachi ជិតឈានចូលភាពល្បីល្បាញនៅ ONE Championship ហើយ។
នៅថ្ងៃព្រហស្បតិ៍នេះ កីឡាករមហាកម្លាំងកើតនៅនីហ្សេរីយ៉ា នឹងប្រកួតគូឯកនៅ OWS 4 ក្នុងប្រទេសសិង្ហបុរី ដោយគេនឹងតតាំងជាមួយកីឡាករដ៏មានទេពកោសល្យ Devon Morris មកពីក្លិប Phuket Top Team។
ជំនួបរវាងអ្នកប្រយុទ្ធមហាកម្លាំងទាំងពីររូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពួកគេស្រេកឃ្លានក្នុងការបង្ហាញថាពួកគេសមតែប្រកួតក្នុងកម្មវិធីធំៗ។
ជ័យជម្នះដ៏គួរឱ្យសរសើរមួយទៀតសម្រាប់ “The Biafran Warrior” គឺសឹងតែច្បាស់ហើយថានឹងបង្កើតឆ្នាំ២០១៩ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់រូបគេ៕
អត្ថបទ៖ Matias Andres