កីឡាករជនជាតិនីហ្សេរីយ៉ារស់នៅភ្នំពេញ Emmanuel “The Biafran Warrior” Onyedikachi មិនទទួលបានជ័យជម្នះឡើយក្នុងការប្រកួត ONE Warrior Series របស់លោក Rich Franklin ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកុម្ភៈ។
កីឡាករមហាកម្លាំងរូបនេះបានតតាំងជាមួយកីឡាករ Devon Morris មកពីក្លិបថៃ Phuket Top Team ក្នុងការប្រកួតគុនចម្រុះទម្ងន់ welterweight ដ៏កក្រើក ដែលជាគូឯកប្រចាំព្រឹត្តិការណ៍ OWS 4។
Emmanuel បានចាប់ផ្ដើមការប្រកួតយ៉ាងល្អដោយបានទាត់ជើងក្រោមយ៉ាងធ្ងន់ឡើងប៉ើង Morris ក្រោយដំណើរការបាន៣០វិនាទី។ បន្ទាប់ពី “The Biafran Warrior” គ្រប់គ្រងស្ថានការណ៍បានបន្តិច អ្នកទាំងពីរផ្ដើមប្ដូរអាវុធគ្នាទៅវិញទៅមក ដោយ Morris ពឹងលើកណ្ដាប់ដៃជាចម្បង ខណៈ Emmanuel ព្យាយាមខាវផងនិងទាត់ក្រោមធ្ងន់ៗផង។
នៅទឹកទី២ Emmanuel រក្សាការវាយសំដៅចង្ការរបស់ Morris តាមរយៈកណ្ដាប់ដៃឆ្វេងរបស់គេ និងបន្តទាត់លើជើងរបស់កីឡាករអាមេរិក។ តែកីឡាកររបស់ក្លិប Phuket Top Team ផ្លាស់ប្ដូរស្ថានការណ៍បាន ហើយផ្ដើមតបតវិញច្បាស់ៗនិងចំៗគោលដៅ។
ក្រោយទឹកទី២ដំណើរការបាន២៖៤៥នាទី Morris ខាវចំ Emmanuel ពេញមួយដៃ ដែល Emmanuel បានតវ៉ាថាជាការវាយខុសលក្ខខន្តិកៈចំផ្នែកខាងក្រោយនៃក្បាល។
អាជ្ញាកណ្ដាល Olivier Coste បានប្រាប់ឱ្យពួកគេទាំងពីរបន្តប្រកួត ហើយ Morris បានបោះចេញកណ្ដាប់ដៃញាប់ស្មេញដូចព្រិលធ្លាក់ធ្វើឱ្យ Emmanuel ស្រឡាំងកាំង។
ទីបំផុត កណ្ដាប់ដៃស្ដាំមហាទម្ងន់របស់ Morris បានបណ្ដាលឱ្យ “The Biafran Warrior” ដួលភីងលើសង្វៀន ហើយអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតនៅនាទី២៖២១។
ទោះបីខកចិត្តនឹងលទ្ធផល ប៉ុន្តែ Emmanuel នៅតែមានទឹកចិត្តរឹងមាំនិងសរសើរ Morris ដែលបានជួយគេក្នុងការផ្ដល់ចំណីចក្ខុរំភើបដល់ទស្សនិកជន។
Emmanuel ពេលនេះកំពុងសម្លឹងឆ្ពោះទៅមុខហើយសង្ឃឹមថាគេនឹងមានឱកាសប្រកួតសងសឹកជាមួយ Morris ក្នុងការប្រកួតបន្ទាប់នៅលើឆាកពិភពលោក ONE Championship តែម្ដង។
Emmanuel និយាយក្រោយការប្រកួតថា៖ «Morris ប្រេះឆ្អឹងស្មងជើង ហើយប្រហែលជាមិនអាចហាត់ឬប្រកួតក្នុងរយៈពេល៣ខែ។ គាត់បាននិយាយថាគាត់នឹងប្រាប់ខ្ញុំនៅពេលគាត់ជាសះស្បើយ។ ក្ដីប្រាថ្នារបស់ខ្ញុំគឺចង់វាយជាមួយ Morris នៅ ONE Championship ក្នុងការប្រកួតលើកក្រោយ»។
បរាជ័យនេះបានបញ្ចប់ជ័យជម្នះ៣ប្រកួតជាប់ៗគ្នារបស់ Emmanuel និងជាការចាញ់លើកទី១ក្នុងការប្រកួតគុនចម្រុះអាជីពរបស់គេ។
ក្រោយពិនិត្យសុខភាពរួចរាល់ Emmanuel នឹងត្រលប់ចូលហ្វឹកហាត់វិញនិងវិលចូលចង្កោមអ្នកលេងគុនចម្រុះដែលមានអនាគតល្អបំផុតម្នាក់របស់អាស៊ីអាគ្នេយ៍ជាថ្មី។
Emmanuel ពន្យល់ថា៖ «ខ្ញុំនឹងទៅជួបវេជ្ជបណ្ឌិតពេលខ្ញុំទៅដល់ភ្នំពេញ។ ការវាយចំក្បាលពីក្រោយធ្វើឱ្យមានការប៉ះពាល់មួយចំនួនដល់កណ្ដាសត្រចៀកខាងឆ្វេងរបស់ខ្ញុំ ដែលអាចបណ្ដាលឱ្យមានបញ្ហាមួយចំនួននៅពេលអនាគត»។
ទាំង Emmanuel និង Morris បានបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមកនៅក្រោយការប្រកួត ហើយកីឡាករមហាកម្លាំងទាំងទ្វេក៏មានឱកាសជជែកគ្នាផងដែរ។
Emmanuel បន្តថា៖ «ខ្ញុំមិនអីទេហើយខ្ញុំរីករាយណាស់។ ខ្ញុំស្រលាញ់ក្រុមការងារ ONE Championship និង ONE Warrior Series ចំពោះវិជ្ជាជីវៈរបស់ពួកគេ»។
បំណងចុងក្រោយរបស់ Emmanuel គឺគេចង់ប៉ះជាមួយ Morris ម្ដងទៀតនៅលើឆាក ONE Championship តែម្ដង។
Emmanuel បញ្ជាក់ថា៖ «នោះជាអ្វីដែលគ្រប់គ្នាចង់ឃើញ»៕
អត្ថបទ៖ Matias Andres