កីឡាករ រិន សារ័ត្ន របស់ក្លិប Cambodian Top Team មានអារម្មណ៍ប្រកបដោយទំនុកចិត្តនិងរួចរាល់នៅពេលគេបោះជំហានឡើងចូលទ្រុង ONE Championship កាលពីថ្ងៃទី៨ខែមីនាក្នុងទីក្រុងយ៉ាំងហ្គូនប្រទេសមីយ៉ាន់ម៉ា។
សារ័ត្ន បានតតាំង៣ទឹកពេញទល់នឹងជើងឯកចំបាប់ Chin State Wrestling Champion ៤សម័យ “The Dragon Leg” Tial Thang ហើយបានបញ្ចេញសមត្ថភាពយ៉ាងប៉ិនប្រសប់ទាំងពេលឈរវ៉ៃនិងផ្ដេកខ្លួនលើផ្ទៃសង្វៀន។
ជាអកុសល សារ័ត្ន មិនអាចរារាំងការព្យាយាមច្បាប់ផ្ដួលរបស់ Tial Thang បាន និងត្រូវបានកូនសិស្ស Aung La N Sang សង្កត់ពីលើ២ដង ហើយទីបំផុតគេបានចាញ់ដោយពិន្ទុឯកច្ឆន្ទក្នុងការប្រកួតលើកទី១របស់គេក្នុងឆ្នាំ២០១៩។
សារ័ត្ន បានរៀបរាប់ឱ្យដឹងថា៖ «ខ្ញុំបានសង្ឃឹមថាខ្ញុំនឹងឈ្នះការប្រកួតនោះ។ នៅពេលខ្ញុំឮថាគូប្រកួតរបស់ខ្ញុំនិយាយថានឹងផ្ដួលខ្ញុំយ៉ាងស្រួលក្នុងទឹកទី១ ខ្ញុំគ្មានខ្លាចសោះឡើយ។ ផ្ទុយទៅវិញ សម្ដីនោះបានជំរុញទឹកចិត្តខ្ញុំឱ្យខំហាត់កាន់តែខ្លាំង ហើយខ្ញុំចង់បង្ហាញឱ្យគេឃើញថាគេមិនអាចផ្ដួលអត្តពលិក MMA របស់កម្ពុជាបានដោយងាយនោះទេ។ ទោះបីគេឈ្នះ ក៏ខ្ញុំនឹងធ្វើឱ្យគេឈ្នះទាំងពិបាកដែរ»។
ក្នុងទឹកទី១នៃការប្រកួតនោះភាគច្រើនអ្នកទាំងពីរឈរវ៉ៃនិងបានប្ដូរផ្លែដៃនិងជើងទៅវិញទៅមកដើម្បីស្ទាបស្ទង់គ្នា។
ទោះបីបរិយាកាសក្នុងកីឡដ្ឋាន Thuwunna Indoor Stadium ពេញដោយសំឡេងហ៊ោសម្រាប់កីឡាករម្ចាស់ផ្ទះក៏ដោយ តែ សារ័ត្ន បានរក្សាភាពស្ងប់ស្ងាត់និងស្ដាប់តែសំឡេងពីបង្គោលរបស់គេប៉ុណ្ណោះដែលមានលោក ហ៊ុន ចាន់រាជ្យ ឈរនៅទីនោះ។
សារ័ត្ន ពន្យល់ថា៖ «ក្នុងទឹកទី១ ខ្ញុំវាស់ស្ទង់បច្ចេកទេសរបស់ខ្ញុំជាមួយបច្ចេកទេសរបស់គេនិងបានចងចាំអ្វីដែលគ្រូរបស់ខ្ញុំបានប្រាប់ឱ្យចូលទៅក្បែរគេ[Thang} ដោយប្រុងប្រយ័ត្ន។ Thang វាយធ្ងន់ណាស់ ដូច្នេះខ្ញុំបម្លាស់ទីទៅឆ្វេងទៅស្ដាំហើយចូលកៀកតែពេលឃើញឱកាសល្អប៉ុណ្ណោះ»។
ជាអ្នកលេងគុនខ្មែរចាស់វស្សាម្នាក់ សារ័ត្ន ដឹងថាចំណុចមានប្រៀបរបស់គេគឺកណ្ដាប់ដៃនិងទាត់ ហើយអំឡុងការប្រកួតរយៈពេលសរុប១៥នាទីនោះគេបានវាយចូលមុខ Thang ជាច្រើនដៃ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីឱ្យ Thang សន្លប់ឡើយ។
នៅទឹកទី៣ដែលជាទឹកចុងក្រោយ សារ័ត្ន ដឹងថាគេត្រូវវាយ Thang ឱ្យសន្លប់ដើម្បីដណ្ដើមយកជ័យជម្នះ ពិសេសគេដឹងថាអ្នកដែលកំពុងប្រកួតជាមួយគេគឺជាកីឡាករសំណព្វចិត្តម្នាក់របស់ម្ចាស់ផ្ទះដែលទទួលបានការគាំទ្រខ្លាំង។
សារ័ត្ន រំឭកទិដ្ឋភាពពេលនោះថា៖ «គេ(Thang)មានអ្នកគាំទ្រច្រើនណាស់ គឺមិនគួរឱ្យជឿ។ នៅពេលគេឡើងមកក្នុងទ្រុង មនុស្សសឹងគ្រប់គ្នាទះដៃលើកទឹកចិត្តគេ»។
ទោះបែបនេះក្ដី សារ័ត្ន ដឹងថាគេមានលក្ខណៈគ្រប់គ្រាន់ដើម្បីតទល់ជាមួយជើងឯកចំបាប់ច្រើនសម័យរបស់មីយ៉ាន់ម៉ាដូចជា Thang នេះ។
សារ័ត្ន លើកឡើងថា៖ «សម្រាប់ជំនាញឈរវាយចេញ ខ្ញុំគិតថាពួកយើងប្រហាក់ប្រហែលគ្នា។ នៅទឹកទី៣ ខ្ញុំកត់សម្គាល់ឃើញថាកម្លាំងនិងល្បឿនរបស់គេធ្លាក់ចុះ តែខ្ញុំក៏ធ្លាក់ចុះដែរ។ ដូច្នេះពួកយើងមិនអាចធ្វើអ្វីបានច្រើនទេក្នុងទឹកទី៣ ដោយសារកម្លាំងរបស់ពួកយើងថមថយដូចគ្នា»។
សារ័ត្ន ខកចិត្តនឹងបរាជ័យក្នុងការចេញប្រកួតលើកដំបូងក្នុងឆ្នាំ២០១៩ និងមិនច្បាស់ថានៅពេលខាងមុខនឹងយ៉ាងណាទេ។ ពេលនេះគេកំពុងដកឃ្លាមួយរយៈពីការប្រកួត ដើម្បីចំណាយពេលជាមួយគ្រួសារ ក្រោយឃ្លាតគ្នាមួយខែយ៉ាងលំបាកអំឡុងពេលទៅហាត់ត្រៀមនៅបាងកក។
ទន្ទឹមនឹងនេះ សារ័ត្ន ថ្លែងអំណរគុណដល់អ្នកទាំងឡាយដែលបានលើកទឹកចិត្តរូបគេទាំងពេលហ្វឹកហាត់នៅភ្នំពេញនិងនៅបាងកក ក៏ដូចជាអ្នកលើកទឹកចិត្តរូបគេពេលកំពុងប្រកួតផ្ទាល់នៅយ៉ាំងហ្គូនផងដែរ។
សារ័ត្ន បញ្ជាក់ថា៖ «ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលបន្តលើកទឹកចិត្តខ្ញុំ ទោះបីខ្ញុំមិនទទួលបានជ័យជម្នះក៏ដោយ។ ជាពិសេសសូមអរគុណភរិយារបស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះជំរុញដល់គ្រប់គ្នាទាំងបុរសនិងនារីចូលហាត់កីឡា MMA។ នៅពេលអនាគត ពួកយើងនឹងមានការប្រកួត MMA កាន់តែច្រើន»៕
អត្ថបទ៖ Matias Andres