កាលពីពាក់កណ្ដាលខែកុម្ភៈឆ្នាំ២០១៩ កីឡាការិនី នៅ ស្រីពៅ របស់ក្លិប Cambodian Top Team បានទទួលជ័យជម្នះសំខាន់បំផុតក្នុងអាជីព នៅពេលនាងចូលប្រកួតគុនចម្រុះលើកទី១ហើយបានផ្ដួលកីឡាការិនីដ៏ល្បីរបស់ថៃ Rika “Tinydoll” Ishige នៅ Impact Arena ក្នុងរាជធានីបាងកក ប្រទេសថៃ។
ថ្វីបើវ័យនៅក្មេងនៅឡើយ ពោលគឺត្រឹម២៤ឆ្នាំក្ដី តែ ស្រីពៅ បានក្លាយជាកីឡាការិនីក្បាច់គុនដ៏ល្បីល្បាញទូទាំងប្រទេស ហើយនាងបានជួយបង្កើតចំណាប់អារម្មណ៍ថ្មីមួយក្នុងចំណោមនារីក្មេងៗដែលទទួលបានការបំផុសទឹកចិត្តតាមរយៈសមិទ្ធផលគួរឱ្យស្ញប់ស្ញែងនានារបស់ ស្រីពៅ។
តួយ៉ាង យុវតីវ័យ១៦ឆ្នាំ ឌី ជាលីញ បានផ្ដើមហាត់ក្បាច់គុនចម្រុះនៅក្លិប Cambodian Top Team កាលពី១សប្ដាហ៍មុន រួមជាមួយដៃគូហ្វឹកហាត់របស់នាងគឺ ឆេង ថារ័ត្ន។ ពួកគេទាំងពីរកំពុងព្យាយាមសម្រួចជំនាញប្រយុទ្ធទាំងបែបឈរប្រកួតនិងផ្ដួលខ្លួនលើផ្ទៃសង្វៀន។
ថារ័ត្ន និយាយថា៖ «ខ្ញុំស្រលាញ់ក្បាច់គុននេះ។ ខ្ញុំបានមើលការប្រកួតរបស់បងស្រីពៅ ហើយវាបានបំផុសទឹកចិត្តរបស់ខ្ញុំឱ្យហាត់ប្រដាល់ថែមទៀត»។
ជាឡុង កំពុងហាត់មូលដ្ឋានគ្រឹះគុនចម្រុះ ខណៈ ថារ័ត្ន វ័យ១៨ឆ្នាំ ជាអ្នកលេងក្បាច់គុនល្បុក្កតោដ៏ពូកែម្នាក់ និងជាសមាជិកយុវជនជម្រើសជាតិល្បុក្កតោជារយៈពេលមួយឆ្នាំមកហើយ។
អ្នកទាំងពីរបានតាមដានព្រឹត្តិការណ៍ ONE: CLASH OF LEGENDS យ៉ាងយកចិត្តទុកដាក់ កាលពីថ្ងៃទី១៦ខែកុម្ភៈ និងបានហ៊ោគាំទ្រ idol របស់ពួកគេ គឺ ស្រីពៅ ដែលបានស៊ីដាច់ពិន្ទុលើតារាក្បាច់គុនស្រីរបស់ថៃ។
ថារ័ត្ន និង ឈាឡុង លើកឡើងដូចគ្នាថា៖ «ខ្ញុំសប្បាយចិត្តជំនួសគាត់ខ្លាំងណាស់។ ខ្ញុំគិតថាគាត់ធ្វើបានល្អឥតខ្ចោះ។ ខ្ញុំបានដឹងថាគាត់នឹងឈ្នះ។ គាត់ចេះវិធីការពារខ្លួនបានល្អហើយបិទជិតឈឹងមិនឱ្យ Rika ចូលចាប់គាត់បានទាល់តែសោះ»។
យុវតីទាំងពីរខាងលើមានអារម្មណ៍ថាសមិទ្ធផលរបស់ស្រីពៅគឺជាជ័យជម្នះប្រកបដោយភាពថ្លៃថ្នូរ និងថាជោគជ័យរបស់ស្រីពៅនៅក្នុងស្ថាប័នក្បាច់គុនធំបំផុតរបស់ពិភពលោកបានធ្វើឱ្យនារីក្មេងៗកាន់តែច្រើនឡើងកាន់តែមានទំនុកចិត្តក្នុងការចូលសាកល្បងហាត់កីឡាប្រយុទ្ធ។
ថារ័ត្ន លើកឡើងថា៖ «មកទល់ពេលនេះនៅតែមិនសូវសម្បូរស្ត្រីខ្មែរប្រកួតលើឆាកអន្តរជាតិ។ អីចឹងហើយបានជាខ្ញុំគិតថាបងស្រីពៅគាត់អស្ចារ្យណាស់។ ខ្ញុំគិតថាពេលខាងមុខយើងនឹងឃើញស្ត្រីខ្មែរច្រើនជាងនេះក្នុងវិស័យក្បាច់គុនព្រោះសមត្ថភាពរបស់ពួកយើងមិនអន់ទេ»។
បច្ចុប្បន្នអ្នកលេងក្បាច់គុនជានារីរបស់កម្ពុជា២នាក់ គឺ ស្រីពៅ និងកូនកាត់ខ្មែរ-អាមេរិក ឯក សុវណ្ណារី ហាក់កំពុងធ្វើឱ្យស្ត្រីកម្ពុជារះត្រដែតឡើងក្នុងប្រភេទកីឡាប្រយុទ្ធ ហើយអ្នកទាំងពីរកំពុងក្លាយជាកត្តាជួយជំរុញទឹកចិត្តនារីដទៃទៀតឱ្យចូលហាត់ក្បាច់គុន។
សម្រាប់ ថារ័ត្ន និង ជាលីញ មិនទាន់ប្រាកដពីអនាគតរបស់ពួកគេថានឹងក្លាយជាកីឡាការិនីអាជីពឬយ៉ាងណានោះទេ តែយ៉ាងហោចណាស់អ្នកទាំងពីរចង់ឱ្យនារីដទៃទៀតសាកល្បងហាត់។
«ខ្ញុំសូមផ្ដល់អនុសាសន៍ដល់នារីៗឱ្យចាប់ផ្ដើមលេងកីឡាឱ្យបានកាន់តែច្រើន មិនមែនត្រឹមតែកីឡាគុនចម្រុះទេ កីឡាអីក៏បានដែរ។ កីឡាជួយពង្រឹងស្មារតីរបស់យើងនិងបត់បែនតាមកាលៈទេសៈបានល្អ។ លើសពីនេះ យើងនឹងចេះវិធីការពារខ្លួននិងមានសុខភាពល្អ»៕
អត្ថបទ៖ Matias Andres