ទោះបីជាត្រូវបានចាត់ទុកជាកីឡាករគុនចម្រុះពូកែបំផុតម្នាក់របស់កម្ពុជាក៏ដោយ តែ រិន សារ័ត្ន មិនអាចរកបានលទ្ធផលដែលគេប្រាថ្នាចង់បានញឹកញាប់ឡើយ។
កាលពីថ្ងៃសុក្រទី៨ខែមីនា សារ័ត្ន បានតំណាងកម្ពុជានៅ ONE: REIGN OF VALOR ក្នុងទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
ថ្វីបើគេបានបញ្ចេញសមត្ថភាពយ៉ាងគួរឱ្យសរសើរនិងបង្ហាញភាពរីកចម្រើននៃជំនាញរបស់គេយ៉ាងណាក្ដី តែទីបញ្ចប់ សារ័ត្ន បានចាញ់ពិន្ទុកីឡាករសំណព្វចិត្តរបស់ម្ចាស់ផ្ទះ “The Dragon Leg” Tial Thang ក្រោយតស៊ូស្វិតស្វាញ៣ទឹកពេញ។
ដោយគោរពពាក្យសន្យាជាមួយភរិយានិងគ្រួសាររបស់គេ សារ័ត្ន និយាយថាឥឡូវនេះគេនឹងដកខ្លួនមួយរយៈពីអាជីពជាកីឡាករគុនចម្រុះ។
សារ័ត្ន ពន្យល់ថា៖ «មុនពេលចាកចេញពីផ្ទះទៅហាត់ត្រៀមនៅថៃ ខ្ញុំបានសួរប្រពន្ធខ្ញុំថាគិតម៉េចដែរ? កាលណោះចំថ្ងៃ Valentine’s Day ហើយគាត់មិនចង់ឱ្យខ្ញុំទៅទេ ប៉ុន្តែពួកយើងបានសន្យាគ្នារឿងមួយ។ ខ្ញុំបានសន្យាជាមួយគាត់ថាខ្ញុំនឹងហាត់ឱ្យខ្លាំងនិងប្រឹងឱ្យអស់ពីសមត្ថភាព ហើយបើខ្ញុំធ្វើមិនបានល្អឬមិនបានជ័យជម្នះត្រលប់មកផ្ទះវិញទេ ខ្ញុំនឹងផ្អាកអាជីពនេះមួយរយៈ»។
សារ័ត្ន បន្ថែមថា៖ «បន្ទាប់ពីសន្យាជាមួយគាត់រួច គាត់លើកទឹកចិត្តខ្ញុំនិងជំរុញទឹកចិត្តខ្ញុំពេញទំហឹង។ គាត់បាននិយាយមកខ្ញុំថា[បើបងចង់បន្តប្រកួតទៀត បងត្រូវហាត់ឱ្យខ្លាំងមែនទែនហើយយកជ័យជម្នះឱ្យបាន]»។
សារ័ត្ន បានទទួលការសរសើរទាំងពីសំណាក់មិត្តរួមក្លិបនិងគ្រូបង្វឹកចំពោះការប្រឹងប្រែងហ្វឹកហាត់និងទេពកោសល្យពីធម្មជាតិរបស់គេ។ ប៉ុន្តែគេបានចាញ់២ប្រកួតចុងក្រោយជាប់គ្នានៅ ONE Championship បន្ទាប់ពីបានផ្ដួល Mario Satya ឱ្យសន្លប់ដោយផ្លែកែងកាលពីពាក់កណ្ដាលឆ្នាំ២០១៨។
ថ្វីបើគេទទួលបានការសរសើរនិងលើកទឹកចិត្តពីអ្នកគាំទ្ររបស់គេក្ដី ប៉ុន្តែ សារ័ត្ន សារភាពថាគេមានអារម្មណ៍រអៀសខ្លួនចំពោះការមិនសូវទទួលបានជោគជ័យលើឆាកអន្តរជាតិ។
សារ័ត្ន សង្កត់ធ្ងន់ថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែអាចធ្វើបានល្អជាងនេះសម្រាប់អ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះខ្លួនឯង ទោះបីអ្នកគាំទ្រខ្ញុំនៅតែបន្តលើកទឹកចិត្តនិងមិនរិះគន់ខ្ញុំក៏ដោយ។ ខ្ញុំវ៉ៃនៅ ONE Championship ៥ដងហើយ តែចាញ់៤ដង ឈ្នះតែម្ដង។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះខ្លួនឯង។ ខ្ញុំតំណាងកម្ពុជានៅ ONE Championship តែខ្ញុំបានចាញ់ជាច្រើនដង»
មុនការប្រកួតជាមួយ Tial Thang នៅមីយ៉ាន់ម៉ា សារ័ត្ន បានចំណាយពេលកន្លះខែក្នុងក្លិប Yorky Mixed Martial Arts ក្នុងទីក្រុងបាងកក ដើម្បីហាត់ក្រោមការបង្វឹករបស់អតីតអត្តពលិករបស់ ONE Championship លោក Nicholas “JJ” Lee។
នៅក្នុងក្លិបល្បីឈ្មោះមួយក្នុងទីក្រុងបាងកក សារ័ត្ន មានឱកាសហាត់យ៉ាងទៀងទាត់ជាមួយអ្នកលេងគុនចម្រុះអាជីពជាច្រើន ដែលជាផ្នែកសំខាន់មួយជួយឱ្យគេអភិវឌ្ឍសមត្ថភាពយ៉ាងគួរឱ្យកត់សម្គាល់មុនការប្រកួតនៅមីយ៉ាន់ម៉ាមកដល់។
កីឡាគុនចម្រុះកំពុងកើនឡើងប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ប៉ុន្តែ សារ័ត្ន ទទួលស្គាល់ថាមានឧបសគ្គ២យ៉ាងដែលកំពុងរារាំងព្រះរាជាណាចក្រអច្ឆរិយៈពីការឈានដល់កម្រិតខ្ពស់ជាងនេះក្នុងកីឡាមួយនេះ។
សារ័ត្ន លើកឡើងថា៖ «ទី១កម្ពុជាមិនសូវសម្បូរកីឡាករ MMA ទេ ភាគច្រើនគេហាត់ប្រដាល់សេរី អីចឹងវាពិបាកក្នុងការស្វែងរកដៃគូល្អដើម្បីហ្វឹកហាត់ ព្រោះក្រៅពីហាត់ក្បាច់ហើយ យើងត្រូវការសមគ្នា ឡាំគ្នាក្នុងទ្រុងដើម្បីដឹងពីសមត្ថភាព។ ចំណែកគុណភាពកីឡាករ MMA ដែលយើងមានបច្ចុប្បន្នទៀតសោតនៅមិនទាន់ដល់កម្រិតកំពូលនៅឡើយ»។
សារ័ត្ន មិនទាន់ច្បាស់នៅឡើយទេពីអនាគតក្នុងអាជីពគុនចម្រុះ ប៉ុន្តែអះអាងថាគេនឹងបន្តហ្វឹកហាត់យ៉ាងស្វាហាប់ដូចមុន ហើយគេនៅតែស្រលាញ់គុនចម្រុះ។
«ប្រពន្ធនិងឪពុកម្ដាយខ្ញុំ ពួកគាត់យល់និងដឹងថាវាជាមហិច្ឆតារបស់ខ្ញុំនិងជាអ្វីដែលខ្ញុំស្រលាញ់។ ខ្ញុំស្រលាញ់ MMA ណាស់ ហើយខ្ញុំចង់ធ្វើជាគ្រូបង្ហាត់ MMA ទៀតណោះ។ តែពេលនេះខ្ញុំនឹងដកខ្លួនពីកីឡាមួយរយៈសិន បន្ទាប់មកសឹមគិតតាមក្រោយទៀត»៕
អត្ថបទ៖ Matias Andres