តារាគុនចម្រុះមីយ៉ាន់ម៉ា Phoe Thaw មកលេងកម្ពុជា

វីរបុរសមីយ៉ាន់ម៉ា Phoe “Bushido” Thaw ជាតារាដែលរះត្រដែតឡើងយ៉ាងលឿនបំផុតម្នាក់របស់ ONE Championship ហើយកាលពីថ្ងៃទី៨មីនាកន្លងទៅ គេបានបោះជំហានមួយជំហានទៀតឆ្ពោះទៅភាពល្បីល្បាញ។

Phoe Thaw វ័យ៣៤ឆ្នាំ យកបានជ័យជម្នះលើកទី៧ក្នុងអាជីពគុនចម្រុះរបស់គេនៅពីមុខទស្សនិកជនមីយ៉ាន់ម៉ាដ៏កកកុញ ដោយផ្ដួលកីឡាករឥណ្ឌូនេស៊ី Yohan “The Ice Man” Mulia Legowo ក្នុងទឹកទី១នៅ ONE: REIGN OF VALOR ក្នុងទីក្រុងយ៉ាំងហ្គូន។

ជាមួយបំណងសម្រាកលម្ហែកាយឱ្យស្រឡះមុខស្រឡះមាត់ក្រោយហាត់ត្រៀមយ៉ាងខ្លាំងក្លានៅក្លិប Tiger Muay Thai ក្នុងភាគខាងត្បូងប្រទេសថៃនោះ Phoe Thaw បានជ្រើសរើសការត្រលប់មកកម្ពុជាដើម្បីសួរសុខទុក្ខសម្លាញ់ចាស់និងជាដៃគូហ្វឹកហាត់របស់គេគឺ ចាន់ រតនា។

នេះជាលើកទី៤ហើយដែល Phoe Thaw មកលេងព្រះរាជាណាចក្រអច្ឆរិយៈ តែវាជាលើកទី១ដែលគេមិនផ្ដោតលើការហ្វឹកហាត់ពេញលេញ ដែលអនុញ្ញាតឱ្យគេមានពេលដើរឱ្យស្គាល់ភ្នំពេញកាន់តែច្រើននិងរីករាយចំពោះអ្វីដែលភ្នំពេញមាន។

Phoe Thaw ពន្យល់ថា៖ “កម្ពុជាគឺស្រដៀងមីយ៉ាន់ម៉ាណាស់។ អាហារនៅទីនេះមិនខុសគ្នាខ្លាំងពីអាហារនៅស្រុកកំណើតខ្ញុំឡើយ, ទាំងវប្បធម៌និងប្រជាជនគឺប្រហាក់ប្រហែលគ្នា។ ពួកគេបង្ហាញក្ដីស្រលាញ់យ៉ាងច្រើន”។

Phoe Thaw បន្តថា៖ “ពេលខ្ញុំទៅផ្សារទួលទំពូង ខ្ញុំមានអារម្មណ៍ថាដូចគ្នាបេះបិទនឹងផ្សារនៅយ៉ាំងហ្គូន”។

Phoe Thaw ជាមួយអ្នកចាត់ការ Joe Conway ចង់ពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសកម្ពុជាកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត ខណៈ Phoe Thaw ហៅកម្ពុជាថាជាផ្ទះទី២របស់គេ។

តែទោះបី Phoe Thaw មកកម្ពុជាលើកនេះដើម្បីដើរកម្សាន្តក៏ដោយ ប៉ុន្តែគេមិននៅឆ្ងាយពីកន្លែងហ្វឹកហាត់ឡើយ។

ពីរថ្ងៃចុងក្រោយនេះ តារារបស់ ONE Championship ២ដួង គឺ ចាន់ រតនា និង Phoe Thaw បានកាន់ស៊ីបបង្ហាត់សិស្សនៅក្លិបសិល្បៈ ដើម្បីជួយសម្រួចជំនាញគុនចម្រុះដល់អ្នកទៅហាត់នៅទីនោះ។

អ្នកហាត់ម្នាក់ដែលស្រលាញ់គុនខ្មែរ ឈ្មោះ Kamila Simkova មានឱកាសហាត់ជាមួយវីរបុរសមីយ៉ាន់ម៉ា ហើយនាងបានបង្ហាញក្ដីរីករាយយ៉ាងខ្លាំង។

Kamila និយាយថា៖ “វាអស្ចារ្យណាស់ដែលបានហាត់ជាមួយគ្រូដ៏សម្បូរបទពិសោធនិងជាកីឡាករល្បី ហើយកាន់ស៊ីបឱ្យខ្ញុំ។ បានគ្រូថ្មីម្នាក់ទៀតមកជួយបង្ហាត់អីចឹងគឺល្អច្រើន ព្រោះគាត់មានស្ទីលនិងបច្ចេកទេសប្លែកៗពីគ្នា។ តែ Phoe Thaw បានបង្ហាញពីរបៀបបម្លាស់ទីថ្មីៗមួយចំនួនដល់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមអនុវត្តបន្ថែមទៀត”។

Phoe Thaw និង Conway គ្រោងស្នាក់នៅភ្នំពេញដល់ថ្ងៃចន្ទ ហើយនឹងចំណាយពេលជាមួយ រតនា និងគ្រួសារ ក៏ដូចជាមនុស្សថ្មីៗដែលពួកគេបានស្គាល់អំឡុងពេលធ្វើដំណើរកម្សាន្តនៅកម្ពុជានេះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

Phoe Thaw បានលើកឡើងពីបទពិសោធផ្ទាល់ខ្លួនថា៖ “គ្មាននរណាម្នាក់ជោគជ័យដោយពឹងតែលើខ្លួនឯងម្នាក់នោះទេ។ សូម្បីពេលខ្ញុំឈរនៅក្នុងទ្រុងតែម្នាក់ឯង ក៏ខ្ញុំនៅតែត្រូវការក្រុមការងាររបស់ខ្ញុំដែរ។ បើគ្មានក្រុមការងារទេ យើងមិនអាចជោគជ័យបានទេ”។

ខណៈទើបទទួលបានជ័យជម្នះថ្មីៗពីការប្រកួតដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៩ Phoe Thaw សម្លឹងទៅកាន់ឆ្នាំត្រចះត្រចង់មួយថ្មីទៀតនៅក្នុងស្ថាប័នក្បាច់គុនធំបំផុតរបស់ពិភពលោក តែក៏រំឭកដល់ការតស៊ូរបស់គេកាលពីមុនផងដែរ។

លោក Conway បញ្ជាក់ថា៖ “ពីរបីឆ្នាំមុន Thaw ហាត់នៅក្រោមស្ពាន តែបច្ចុប្បន្នគាត់ស្ថិតក្នុងក្លិបកម្រិតអាជីព Tiger Muay Thai ជាមួយកីឡាករឆ្នើមបំផុតមួយចំនួនមកពីជុំវិញពិភពលោក។ គាត់សមនឹងទទួលបានបែបនេះ ព្រោះគាត់កំពុងធ្វើវាក្រោមហេតុផលត្រឹមត្រូវ”។

ចំណែក Phoe Thaw បន្ថែមថា៖ “ក្នុងនាមជាអត្តពលិកម្នាក់ អ្នកគួរមានក្រុមត្រឹមត្រូវនុងមានប្រភេទមនុស្សត្រឹមត្រូវនៅជាមួយ។ អ្នកត្រូវធ្វើវាចេញពីបេះដូង នេះជារឿងសំខាន់”។

ពាក់ព័ន្ធនឹងការមកលេងប្រទេសកម្ពុជា Phoe Thaw អះអាងថានេះមិនមែនជាលៀកចុងក្រោយដែលគេមកនោះទេ។

«លើកនេះខ្ញុំមិនចាំបាច់ហ្វឹហ្វឹកហាត់ទេ ហើយខ្ញុំអាចដើរលេងបានច្រើន។ ខ្ញុំស្រលាញ់ទីនេះខ្លាំងណាស់»៕

 

អត្ថបទ៖ Matias Andres

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s