កីឡាករ គង់ សំបូរ របស់ក្លិបអាណាចក្រប្រយុទ្ធ បានឡើងប្រកួតក្នុងស្ថាប័ន ONE Championship លើកដំបូងនៅ ONE: CALL TO GREATNESS ក្នុងប្រទេសសិង្ហបុរី ដោយតតាំងជាមួយអ្នកប្រដាល់ល្បីឈ្មោះរបស់ចិន Zhang Chenglong។
ថ្វីបើចាញ់ពិន្ទុមិនឯកច្ឆន្ទក្រោយប្រយុទ្ធគ្នា៣ទឹក សំបូរ បានបង្ហាញភាពនឹងធឹងអស្ចារ្យនៅក្នុងការប្រកួតក្រៅប្រទេសលើកទី១របស់គេនិងនៅពីមុខទស្សនិកជនដ៏ច្រើនកុះករ។
សំបូរ ប្រាប់ថា៖ «ខ្ញុំមានអារម្មណ៍ពីរផ្សេងគ្នាពីការប្រកួតរបស់ខ្ញុំ។ អារម្មណ៍មួយគឺខ្ញុំមិនសូវពេញចិត្តទេព្រោះខ្ញុំគិតថាខ្ញុំគួរតែធ្វើបានប្រសើរជាងនេះ តែអារម្មណ៍មួយទៀតគឺខ្ញុំមានមោទនភាពដែរ។ ខ្ញុំគិតថាខ្ញុំមិនអន់ពេកទេសម្រាប់ការប្រកួតខ្នាតធំលើកដំបូងរបស់ខ្ញុំក្នុងស្ថាប័នក្បាច់គុនដ៏ធំមួយនេះ»។
សំបូរ បញ្ជាក់ថា៖ «បាទ ពិតមែនហើយ! ខ្ញុំនឹងវ៉ៃជាមួយ Ti Punlaet។ បន្ទាប់ពីបានមើលការប្រកួតរបស់ខ្ញុំនៅសិង្ហបុរីឡើងវិញ ខ្ញុំកំពុងផ្ដោតបន្ថែមលើកណ្ដាប់ដៃនិងកែង។ ជើងរបស់ខ្ញុំខ្លាំង ប៉ុន្តែដៃនៅតែជាចំណុចខ្សោយរបស់ខ្ញុំ ហើយខ្ញុំកំពុងកែប្រែវា»។
សំបូរ បន្តថា៖ «ក្នុងការប្រកួតទី១របស់ខ្ញុំនៅ ONE ខ្ញុំមិនបានបញ្ចេញអ្វីដែលខ្ញុំអាចធ្វើបានឡើយ តែវាជាបទពិសោធមួយ ហើយខ្ញុំរៀនសូត្របានច្រើនពីការប្រកួតនោះ»។
ខណៈមិនទាន់ដឹងថាពេលណានឹងទទួលបានឱកាសពី ONE Championship ជាថ្មីនោះ សំបូរ ប៉ងបន្តសម្រួចជំនាញរបស់គេក្នុងសង្វៀននិងចង់មានសកម្មភាពច្រើនលើសង្វៀនក្នុងស្រុក។
សំបូរ លើកឡើងថា៖ «ខ្ញុំចង់វ៉ៃមួយខែពីរដងសម្រាប់ខែខាងមុខៗ ទល់នឹងកីឡាករខ្មែរនិងថៃ។ ខ្ញុំនឹងព្យាយាមពង្រឹងគ្រប់អាវុធរបស់ខ្ញុំរួមទាំងល្បឿនផងដែរដើម្បីបង្ហាញថាខ្ញុំសម្របខ្លួនបានបែបណា ហើយ៤ទៅ៥ខែទៀតខ្ញុំប្រហែលស្ថិតក្នុងកម្រិតមួយដែល ONE Championship ពិចារណាលើខ្ញុំជាថ្មី»។
ថ្វីបើជួបបរាជ័យនៅ ONE Championship ប៉ុន្តែក្លិប KFG មានឆ្នាំដំបូងដ៏ជោគជ័យ ដោយក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះទទួលបានវីរបុរស K1 Ernesto Hoost និងតារា ONE Championship Andy Souwer ជាទូតសុឆន្ទៈរបស់ពួកគេ។
ជាមួយនឹងឱកាសជាច្រើននៅខាងមុខនិងការបំផុសទឹកចិត្តពីក្លិបរបស់គេផងនោះ សំបូរ មានទំនុកចិត្តចំពោះអនាគតរបស់គេនិងការប្រកួតបន្ទាប់។
សំបូរ បញ្ជាក់ថា៖ «ខ្ញុំគិតថាវានឹងមិនមែនជាការប្រកួតងាយស្រួលទេ ព្រោះ Ti មានបទពិសោធច្រើននិងជាអ្នកប្រដាល់ល្អម្នាក់។ ខ្ញុំបានមើលការប្រកួតរបស់គាត់និងដឹងថាឱកាសរបស់ខ្ញុំនៅទីណាខ្លះ។ ខ្ញុំមានអារម្មណ៍វិជ្ជមានក្នុងការយកជ័យជម្នះក្នុងការប្រកួតថ្ងៃព្រហស្បតិ៍នេះ។ វានឹងជាការប្រកួតមួយដ៏អស្ចារ្យនិងប្រកបដោយគុណភាពដែលអ្នកទាំងអស់គ្នាមិនគួររំលង»៕
អត្ថបទ៖ Matias Andres