កីឡាការិនីក្លិប Cambodian Top Team នៅ ស្រីពៅ កំពុងរះឡើងយ៉ាងត្រដែតក្នុងអាជីព ហើយគ្មានសញ្ញាណនៃការធ្លាក់ចុះឡើយ។
កីឡាការិនីវ័យ២៤ឆ្នាំរូបនេះបានបញ្ចប់ឆ្នាំមុនក្នុងភាពជាជ័យលាភី Female Fighter of the Year របស់ World Lethwei Championship និងខ្សែក្រវាត់គុនខ្មែរអន្តរជាតិ។
កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ ស្រីពៅ បានសាងកេរ្តិ៍ឈ្មោះកាន់តែល្បីលើឆាកអន្តរជាតិនៅពេលនាងចូលប្រកួតគុនចម្រុះលើកដំបូងក្នុងអាជីពដោយឡើងសង្វៀន ONE Championship លើកទី១ហើយឈ្នះពិន្ទុដាច់លើតារាថៃ Rika “Tiny Doll” Ishige នៅ ONE: CLASH OF LEGENDS ក្នុងទីក្រុងបាងកក។
ឥឡូវនេះ ស្រីពៅ កំពុងសម្លឹងទៅកាន់ការឈ្នះមេដាយមាសស៊ីហ្គេម ដោយនាងនឹងតំណាងកម្ពុជាក្នុងការប្រកួតប្រដាល់សកលនៅស៊ីហ្គេមឆ្នាំ២០១៩ក្នុងប្រទេសហ្វ៊ីលីពីន។
ខណៈ ស្រីពៅ កំពុងជិតក្លាយជាអ្នកប្រដាល់ឆ្នើមបំផុតម្នាក់របស់កម្ពុជា ខាងក្រោមនេះជារឿងគួរឱ្យចាប់អារម្មណ៍៤យ៉ាងដែលអ្នកគួរដឹងអំពីស្រីពៅ។
#១ អ្នកប្រដាល់ដែលនាងចូលចិត្តបំផុតទាំងក្នុងប្រទេសនិងក្រៅប្រទេស
ស្រីពៅពូកែខាងកណ្ដាប់ដៃហើយវាមិនគួរឱ្យភ្ញាក់ផ្អើលឡើយដែលអ្នកប្រដាល់សំណព្វចិត្តរបស់នាង២នាក់ ក៏ពូកែត្រង់ចំណុចដូចគ្នានេះដែរ។
ស្រីពៅ បញ្ជាក់ថា៖ «អ្នកប្រដាល់ដែលខ្ញុំចូលចិត្តបំផុតម្នាក់គឺកីឡាករដ៏ល្បីល្បាញ Manny Paccquiao។ គាត់ទើបត្រលប់មកប្រកួតជាថ្មីមួយរយៈមុននេះហើយឈ្នះទៀត។ កណ្ដាប់ដៃរបស់គាត់គឺធ្ងន់ណាស់»។
នៅកម្ពុជាវិញ ស្រីពៅ ចូលចិត្តរៀមច្បងម្នាក់នៅក្លិបតាឡីដំរីមានរិទ្ធ។
ស្រីពៅ បរិយាយថា៖ «បើនិយាយពីរបៀបវ៉ៃនិងភាពរហ័សរហួន ខ្ញុំចូលចិត្តបង ផល សោភ័ណ្ឌ។ ខ្ញុំស្រលាញ់របៀបប្រើដៃទាំង២របស់គាត់នៅពេលគាត់វ៉ៃ។ គាត់លឿនណាស់»។
#២ ក្រៅពីពូកែប្រដាល់ ស្រីពៅក៏ពូកែរាំនិងច្រៀងផងដែរ
ថ្វីបើ ស្រីពៅ កំពុងមានឈ្មោះបោះសំឡេងក្នុងពិភពក្បាច់គុនមែនពិត តែនាងមានទេពកោសល្យផ្សេងទៀតលើសពីប្រដាល់។ ដូច វី ស្រីខួច ដែរ គឺស្រីពៅចូលចិត្តច្រៀងនិងរាំ។
ស្រីពៅ ប្រាប់ថា៖ «មនុស្សភាគច្រើនគិតថាខ្ញុំមានទេពកោសល្យតែខាងប្រដាល់ទេ ប៉ុន្តែតាមពិត ខ្ញុំក៏ពូកែរាំនិងច្រៀងដែរ។ ខ្ញុំចូលចិត្តច្រៀងបទកំប្លែងៗហើយធ្វើឱ្យគេសើច»។
#៣ ចូលចិត្តរឿងភាគកូរ៉េ
ពេលថ្ងៃ ស្រីពៅ ចំណាយពេលសម្រួចជំនាញក្បាច់គុនរបស់ខ្លួន ប៉ុន្តែពេលសម្រាក នាងចូលចិត្តមើលរឿងភាគកូរ៉េតាមទូរទស្សន៍។
ស្រីពៅ ទម្លាយលាយឡំសំណើចថា៖ «ខ្ញុំចូលចិត្តរឿងភាគកូរ៉េព្រោះតួប្រុសៗសង្ហាៗណាស់។ ពេលខ្ញុំចាប់ផ្ដើមមើលរឿងកូរ៉េដំបូង ខ្ញុំមើលរឿងមួយដែលមានតួឯកប្រុសឈ្មោះ រ៉េន (Jung Ji-hoon)។ រាល់ថ្ងៃ Rain ស្ថិតក្នុងបេះដូងរបស់ខ្ញុំពេញប៊ឹបតែម្ដង។ តែស្ដាយមែនទែន គាត់មានប្រពន្ធនិងកូនបាត់»។
#៤ មានអនុស្សាវរីយ៍មួយដែលតែងតែធ្វើឱ្យនាងអស់សំណើច
ទោះបីវ័យនៅក្មេង ប៉ុន្តែ ស្រីពៅ មានអនុស្សាវរីយ៍ច្រើនរាប់មិនអស់រួចទៅហើយក្នុងជីវិត។ នៅពេលត្រូវបានសួរថាអ្វីដែលធ្វើឱ្យនាងសើច? ស្រីពៅ នឹកដល់ថ្ងៃមួយកាលនាងនៅក្មេង។
«ខ្ញុំតែងតែអស់សំណើចរាល់ពេលខ្ញុំនឹកដល់ពួកម៉ាកចម្កួតម្នាក់។ ពួកយើងកំពុងឃ្វាលគោជាមួយគ្នា វាប្រសប់ឡប់មែនទែន។ វាចងគោនៅនឹងជើងវា រួចវ៉ៃគោឱ្យគោរត់។ ពួកម៉ាកខ្ញុំប្រសប់ឆ្កួតណាស់។ ឱ្យតែជួបគ្នាពេលណា ពួកយើងដឹងតែរំឭកដល់ថ្ងៃមួយនោះហើយនាំគ្នាសើចឡើងហៀរទឹកមាត់»៕
អត្ថបទ៖ Matias Andres