មុនការប្រកួតរវាងកីឡាករម្ចាស់ផ្ទះមានពិសោធន៍ច្រើន Rudy Agustian និង ចាន់ រតនា នៅលើសង្វៀន ONE: FOR HONOR នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ នារដ្ឋធានី ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី គ្រូបង្វឹកបង្វឹកគុនចម្រុះ លោក Alan Mccune នៃក្លឹប Phnom Penh MMA បានមកបញ្ចេញទស្សនៈវិភាគគូសំខាន់នេះដូចខាងក្រោម។
លោក Alan Mccune ដែលបានបង្វឹក MMA តាំងពីឆ្នាំ ១៩៩៦ មកនោះបញ្ចេញមតិដោយផ្អែកលើពិសោធន៍ផ្ទាល់ខ្លួនថា ៖«ខុន ស៊ីចាន់ បង្កើតកំហុសនៅទឹកទី១ និង ចេញយឺតដែលធ្វើឲ្យRudy Agustian យកឈ្នះបាន។ យ៉ាងណាក្ដី ស៊ីចាន់ អត់បានវ៉ៃ រយៈពេល ១ ឆ្នាំតាំងពីឈ្នះ កីឡាករឥណ្ឌូណេស៊ី Riski Umar នៅសង្វៀន ONE។ ប៉ុន្តែ Rudy បានបង្ហាញក្បាច់យ៉ាងអស្ចារ្យដោយចូលកៀក ដែលប្រើកម្លាំងបោក ស៊ីចាន់ ផ្ដួលលើរេញហើយឃ្លេយកឈ្នះតែម្ដង។ យ៉ាងណាមិញ រតនា ត្រូវតែបម្លាស់ទីរហ័ស និង ចេញក្បាច់គុនប្រើជំហរឲ្យបានច្រើនកុំឲ្យ Rudy ចាប់បោកបាន។ បើសិន Rudy ចាប់បោកបានច្បាស់ជាឆាប់អស់កម្លាំងមិនខាន ព្រោះ រតនា ក៏បញ្ចុះគីឡូខ្លះដែរ ដូច កាល ស៊ីចាន់ បញ្ចុះគីឡូរហូតដល់ ៦ គីឡូ មុនជួប Rudy អីចឹង»។
គ្រូបង្វឹក MMA សញ្ជាតិស្កុតឡែនដដែលនេះសង្កត់ធ្ងន់ថា ចាន់ រតនា ដែលតំណាងឲ្យកម្ពុជាទទួលបានការហ្វឹកហាត់ដិតដល់នៅក្លឹប «សិល្បៈ» ជាមួយគ្រូបង្វឹករបស់គេមួយរយៈធំមកនេះ ហើយ រំពឹងថាកីឡាករវ័យ ៣៣ ឆ្នាំនឹងធ្វើបានល្អក្នុងជំនួបនាដើមខែ ឧសភា។
គ្រូបង្វឹកដែលបង្ហាត់កីឡាករគុនចម្រុះខ្មែរប្រមាណ ៧០នាក់ក្នុងកម្មវិធី Khmer Warrior Challenges ក្នុងរយៈពេល៣ ឆ្នាំនៅកម្ពុជារូបនេះបានប្រាប់តិកនិកសំខាន់ដល់ ចាន់ រតនា យ៉ាងដូច្នេះ៖« រតនា ត្រូវប្រើស្នៀតចាំបាច់មួយគឺ បិទក្បាច់ចាប់ផ្ដួលទៅក្ដាររេញ របស់ Rudy និង ការពារឲ្យកុំឲ្យគេចូលកៀកដើម្បីផ្ដួល នោះ រតនា អាចឈ្នះហើយ»។
Alan Mccune មករស់នៅកម្ពុជារយៈ ៧ ឆ្នាំមកហើយ ហើយ លោកបង្ហាត់ MMA ដំបូងនៅឆ្នាំ ២០១៣ ពេលស្ថានីយទូរទស្សន៍ល្បីក្នុងស្រុក ស៊ីធីអិន និង MyTV រៀបចំជើងឯកគុនចម្រុះលើកដំបូងមានឈ្មោះថា Khmer Warrior Challenges។ ការចូលរួមបង្ហាត់កីឡាករ MMA ជំនាន់នោះ បន្ទាប់ពីទទួលបានការអញ្ជើញពីអ្នកលេងគុនចម្រុះ និង ជាអ្នកចាប់គូប្រកួត Paddy Carson។ គ្រានោះពេលចូលទៅ ស៊ីធីអិនលើកដំបូង Alan ត្រូវបានទទួលយ៉ាងរាក់ទាក់ ដែលក្នុងនោះមានសពលោក ម៉ា សេរី អតីតប្រធានផ្នែកកីឡាប្រចាំស្ថានីយ អមដោយកីឡាករប្រមាណចន្លោះពី ៧០ ទៅ ១០០ នាក់រង់ចាំការបង្ហាញក្បាច់គុនចម្រុះពី លោក ដូចជាក្បាច់ ប្រដាល់ និង តេក្វាន់ដូ ជាដើម។
គួរដឹងថា ក្រៅពីគូ Rudy Agustian និង ចាន់ រតនា ធ្វើឲ្យកក្រើកអ្នកគាំទ្រនៅកម្ពុជា ប៉ុន្តែថែមទាំងមានកីឡាការិនីជម្រើសជាតិ នៅ ស្រីពៅ ប៉ះ កីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ទៀតផងនៅសង្វៀន ONE: FOR HONOR នាថ្ងៃជាមួយគ្នានោះ៕
អត្ថបទ៖ ស៊ីធី