មានមិនច្រើនទេដែល ស្រ្តីនៅកម្ពុជាចូលចិត្តហាត់ក្បាច់គុននោះ ប៉ុន្តែ សំ ថារ័ត្ន ជាមនុស្សស្រីម្នាក់ដែលក្លាហានក្នុងការចូលហ្វឹកហាត់រៀនក្បាច់គុនល្បុក្កតោជាង១០ឆ្នាំមកនេះ។ រឿងដែលគិតថាពិសេសនោះ គឺ ថារ័ត្ន បានចូលរួមសម្ដែងជាមួយ Stunt Double ក្នុងខ្សែភាពយន្តមានចំណងជើងថា «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំសម្ដែងដោយលោកស្រី Angelina Jolie ដែលជាតារាHollywood ល្បីលំដាប់ពិភពលោក និង ជាអ្នកដឹកនាំរឿង។ នេះជាលទ្ធផលផ្លែផ្កាមួយដែលកើតចេញពីការតស៊ូ និង ពលីដើម្បីក្បាច់គុន។ ក្រៅពីនោះមកទល់ពេលបច្ចុប្បន្ននេះ សំ ថារ័ត្ន មានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ មិនថាធ្លាប់វ៉ៃលើសង្វៀន ONE Championship ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការថតកុនជាហូរហែ និង ថតភាពយន្តឯកសារចងក្រងល្បុក្កតោទៀតផង។
កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះរៀបរាប់យ៉ាងដូច្នេះ៖« ក្នុងសាច់រឿងខាងលើ ខ្ញុំបានហ្វឹកហាត់ជាមួយ Stunt Double របស់ Thor and Captain America។ Stunt Double ហ្នឹងជាតួជំនួសក្នុងពេលហក់លោតឬ ក្នុងឈុតវ៉ៃ ឈុតគ្រោះថ្នាក់លោតពីលើអាគារខ្ពស់ៗជាដើម។ ខ្ញុំបានហ្វឹកហាត់នៅឆ្នាំ ២០១៥»។
អតីតកូនសិស្សលោកគ្រូ សាន គឺមស៊ាន បន្ថែមថា សាច់ថតត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះនៅកម្ពុជា ប៉ុន្តែ គេបានហ្វឹកហាត់ក្បាច់ដ៏គ្រោះថ្នាក់នេះរហូតដល់ ១ខែ។ កីឡាការិនីគុនល្បុក្កតោរំលឹកទៀត ថា ឈុតរបស់ខ្លួនចេញក្នុងកុននោះមិនដល់១ នាទីទេ ប៉ុន្តែ ថារ័ត្ន បានប្រើក្បាច់គុនល្បុក្កតោក្នុងរឿងហ្នឹងដែរ ហើយ ក៏ទទួលបានការចាប់អារម្មណ៍ពី លោកស្រី Angelina ទៀតផង។
កីឡាការិនីដដែលនេះសង្កត់ធ្ងន់ថា ៖«គាត់ [ Angelina] ចាប់អារម្មណ៍ខ្ញុំខ្លាំង ពេលខ្ញុំដើរតួជាសមមិត្តបង ដែលត្រូវបង្រៀនក្មេងៗនៅក្នុងអង្គការឲ្យចេះប្រយុទ្ធជាដើម»។
សាច់រឿងនៃភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជារឿងឆ្លុះបញ្ចាំងពីសារពីប្រវត្តិដ៏ជូរចត់របស់ជនរងគ្រោះនៃរបបមួយ ដែលបាត់បង់សាច់ញាតិ និង ផ្តោតលើការពិតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នៅក្នុងសាច់រឿងនេះ ជាសិល្បៈ និង ការច្នៃប្រឌិតមួយ ដែលមនុស្សម្នាអាចជម្នះ និង ងើបរើពីការឈឺចាប់ផ្លូវចិត្ត ពេលពួក គេបានពើបប្រទះ និង ពេលប្រឈមមុខនឹងរឿងរ៉ាវ ដែលបានកើតឡើងសម័យខ្មែរក្រហម។ រឿងនេះត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅដើមឆ្នាំ ២០១៧។
គួររំលឹកថា សំ ថារ័ត្ន ធ្លាប់វ៉ៃក្នុងព្រឹត្តិការណ៍គុនចម្រុះចំនួន ៦ លើកដែលក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ចំនួន ២ លើក។ នៅលើសង្វៀន ONE Championship ត្រូវបានគេដាក់រហស្សនាមថា «Little Frog»។ ការដែល សំ ថារ័ត្ន អាចក្លាយជាតួអង្គស្រី វ៉ៃកាប់ចាក់ ឬ តាមចរិតលក្ខណៈនៃរឿងចង់បាននោះ ដោយសារតែរូបគេមានគ្រឹះហាត់ក្បាច់គុនល្បុក្កតោជាង ១០ ឆ្នាំមកហើយ ដែលក្នុងនោះគ្រូដើមរបស់គេតាំងពី គ្រូតា សាន គឹមស៊ាន និង លោក ហុក ឈាងគីម ជាដើម៕
អត្ថបទ៖ ស៊ីធី