ត្រឹមរយៈពេលដ៏ខ្លី កម្មវិធី World Lethwei Championship (WLC) បានរំលេចខ្លួនយ៉ាងរហ័សជាកម្មវិធីសិល្បៈក្បាច់គុនដ៏រំភើបមួយក្នុងពិភពលោក។ កន្លងទៅកីឡាការិនីរបស់កម្ពុជានិងកម្មវិធី ONE Championhsip នៅ ស្រីពៅ ក៏ធ្លាប់ទៅបង្ហាញស្នាដៃក្នុងស្ថាប័នមួយនេះផងដែរ។
ដូចគ្នានេះដែរនៅថ្ងៃអាទិត្យទី៥នេះ កីឡាករកម្ពុជាមួយរូបទៀតគឺ ម៉ន សាម៉េត ដែលវាយតំណាងឲ្យក្លឹប Cambodian Top Team នឹងចូលរួមប្រកួតវាយតំណែងគូឯកកម្មវិធី WLC: Karen Spirit រៀបចំនៅChitthu Myaing Park ក្នុងប្រទេសមីយ៉ាន់ម៉ា។
គេនឹងត្រូវប៉ះជាមួយកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា Mite Yine ក្នុងប្រភេទទម្ងន់ Featherweight ដែលមានការផ្សាយផ្ទាល់ជុំវិញពិភពលោក។ សាម៉េត ដែលគេផ្ដល់រហស្សនាម “Elbow King” ធ្លាប់ប៉ះកីឡាករមីយ៉ាន់ម៉ាម្ដងកាលពីព្រឹត្តិការណ៍ SEA Games ២០១៣ ក្នុងប្រទេសមីយ៉ាន់ម៉ាប្រភេទវិញ្ញាសាប្រដាល់សេរី ហើយប្រកួតនេះគេនឹងព្យាយាមយកឈ្នះដើម្បីខ្លួនឯងនិងកម្ពុជា។
“ខ្ញុំពិតជារំភើបខ្លាំងណាស់ និងមានកិត្តិយសដែលខ្ញុំបានវាយតំណាងឲ្យប្រទេសរបស់ខ្ញុំ។ ខ្ញុំសន្យាថានឹងធ្វើឲ្យអស់ពីសមត្ថភាព។ ខ្ញុំបានរៀបចំខ្លួនបានល្អណាស់ ប៉ុន្តែខ្ញុំមានក្ដីបារម្ភតិចតួចអំពីការអុកក្បាលនិងគ្រវែងរបស់ដៃគូ។ ហើយខ្ញុំមិនដែលប្រកួត Lethwei ពីមុនមកទេ“។ សម្ដីរបស់សាម៉េត។
ក្បាច់គុន Lethwi មានភាពស្រដៀងច្រើនជាមួយគុនខ្មែរ គ្រាន់តែគេអនុញ្ញាតឲ្យប្រើក្បាលនិងវាយសេរីខ្លាំងជាងបន្តិច។ យ៉ាងណាសាម៉េនឹងព្យាយាមបង្ហាញពីក្បាច់គុនខ្មែរនៅទីនោះ។
សាម៉េតបន្តថា៖ “ខ្ញុំបានរៀបចំខ្លួនល្អណាស់ ព្រោះខ្ញុំធ្លាប់ឃើញ Mite Yine ប្រកួតពីមុន។ គេវាយប្រើក្បាលច្រើន និងកម្លាំងខ្លាំង។ ពេលដែលខ្ញុំឃើញគេវាយជាមួយពេជ្រ ម្ទេសខ្លាំង កម្លាំងរបស់គេត្រលប់មកវិញរហូត បន្ទាប់ពីឲ្យទឹក។ ប៉ុន្តែខ្ញុំបានរៀបចំ និងហ្វឹកហាត់ច្រើនលើក្បាច់កែងនិងបុកក្បាល។ ខ្ញុំហាត់នៅ Cambodian Top Team។ ខ្ញុំមានអារម្មណ៍រំភើបដែលបានហាត់ក្លឹបរបស់លោកគ្រូហ៊ុន ចាន់រាជ។ ខ្ញុំរំភើបដែលតំណាងឲ្យកម្ពុជា និងផ្សព្វផ្សាយគុនខ្មែរ“៕