សិស្សគុនល្បុក្កតោ សំ ថារ័ត្ន ដែលចូលក្នុងវិស័យសម្ដែងភាពយន្តក្នុងនាមជាតួអង្គវ៉ៃទាត់ធាក់នោះបានបង្ហើបអំពីខ្សែភាពយន្តចំនួនពីរដក់ជាប់ចិត្តស្រលាញ់បំផុត គឺ «Jailbreak: ការពារឧក្រិដ្ឋជន» ដឹកនាំដោយលោក Jimmy Henderson និង រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំដោយលោកស្រី Angelina Jolie ជាតារា Hollywood លំដាប់ពិភពលោក និង ជាអ្នកដឹកនាំរឿងផងនាពេលបច្ចុប្បន្ន។ ការដែលលើកឡើងបែបនេះមិនមែនមានន័យថា សំ ថារ័ត្ន មិនពេញចិត្តរឿងផ្សេងៗដែលធ្លាប់ប្រឡូកក្នុងការសម្ដែងកន្លងមកទេ ប៉ុន្តែ ឈុតឆាក រឿងទាំងពីរខាងលើធ្វើឲ្យតារាស្រីវ៉ៃតប់រូបនេះដក់ជាប់ក្នុងអារម្មណ៍ជាងគេ។
ចាប់តាំងពីឈានជើងចូលសម្ដែងជាតួវ៉ៃតប់រហូតដល់ពេលនេះ សំ ថារ័ត្ន ដែលហ្វឹកហាត់ក្បាច់គុនល្បុក្កតោជាង ១០ឆ្នាំមកហើយនោះចូលរួមសម្ដែងបានចំនួន ៩ រឿងមក រួមបញ្ចូលទាំងភាពយន្តឯកសារផង។
ថារ័ត្ន ពេញចិត្តរឿង «Jailbreak: ការពារឧក្រិដ្ឋជន» ដោយលើកឡើងដូច្នេះ ៖«រឿងនេះខ្ញុំបានបង្ហាញសមត្ថភាពបានល្អ ជាពិសេសមានតារាបរទេស ឬ អ្នកដឹកនាំរឿងគាត់សរសើរថាខ្ញុំមានសមត្ថភាពក្នុងការសម្ដែង ហើយលើកទឹកចិត្តដល់តួស្រីចេះក្បាច់គុន។ គេមិនត្រឹមសរសើរយើងផ្ទាល់ទេ ប៉ុន្តែគេនឹកដល់ប្រទេសយើងដែលមានធនធានល្អ និង លើកទឹកចិត្តដល់ក្មេងស្រីៗដទៃទៀតឲ្យមានភាពក្លាហានដើម្បីហាត់ក្បាច់គុនក្នុងគោលដៅក្លាយជាអ្នកសម្ដែង»។
តារាសម្ដែងវ័យ ២៨ ឆ្នាំដដែលនេះរៀបរាប់ទៀតថា តួអង្គក្នុងរឿងគឺដូចនៅក្នុងជីវិតពិតដែរ ពោល អ្នកដឹកនាំ និង ផលិតករបានឲ្យគេសម្ដែងមានទំនុកចិត្តលើខ្លួនឯង និង ក្លាហាន ហើយ តម្រូវឲ្យ វាយតប់គ្នា ដោយគ្មានអ្នកជួយដូចនៅខាងក្រៅសាច់រឿងអីចឹង។ ថារ័ត្ន ជាតួអង្គប៉ូលិសម្នាក់នៅក្នុងភាពយន្តនោះ ដែលនៅក្នុងក្រុមតែមួយជាមួយលោក Jean-Paul Ly និង លោក អ៊ួ តារា។ រឿងនោះ ថារ័ត្ន នៅតែនឹកភ្នកដែលបានសម្ដែងជាមួយ តារាសម្តែងសញ្ជាតិខ្មែរ-បារាំង លោក Jean-Paul Ly, លោក សាវិន ហ្វីលីព, ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ, លោក សុខ វិសាល, តារាប៉ាង និង តារាសម្តែងស្រី Celine Tran ជាដើម។
ចំណែករឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ក៏ធ្វើឲ្យ ថារ័ត្ន មិនអាចបំភ្លេចបានដែរ ដោយបានហ្វឹកហាត់ជាមួយ លោក Bobby Holland Hanton ដែលជាតួ Stunt Double ក្នុងខ្សែភាពយន្តCAPTAIN AMERICA ដ៏ល្បីល្បាញលំដាប់ពិភពលោក។ ការហ្វឹកហាត់រហូតដល់ ១ ខែ ជាមួយតារា Hollywood រូបនេះ ប៉ុន្តែ ការសម្ដែង គឺ ត្រឹម ១ សប្ដាហ៍ប៉ុណ្ណោះ។
តារាសម្ដែងដែលធ្លាប់ឡើងសង្វៀនគុនចម្រុះបាន ៦ លើក គូសបញ្ជាក់ថា ៖«ខ្ញុំសម្តែងជាតួកាចម្នាក់ ខ្ញុំដើរតួជាសមមិត្តបង ពេលធ្វើការឱ្យខ្មែរក្រហម នៅក្នុងសាច់រឿងរបស់លោកស្រី Angelina Jolie។ ខ្ញុំបង្រៀនក្មេងៗឱ្យខ្លាំង និងចេះវាយសត្រូវ… វាជាការលំបាកបន្តិចព្រោះធម្មជាតិខ្ញុំអត់កាចសោះ។ ប៉ុន្តែពេលខ្ញុំសម្តែង ខ្ញុំត្រូវធ្វើកាច និងស្រែកជេរមនុស្សរហូត។ ខ្ញុំរីករាយណាស់ដែលបានធ្វើការជាមួយអ្នកស្រី Angelina Jolie ទោះរយៈពេលខ្លី។ ពេលសម្តែងចប់ គាត់មើលទៅឈុតដែលខ្ញុំបានថត គាត់ [Angelina Jolie] បានឱ្យមេដៃ ហើយប្រាប់ថា ខ្ញុំជាមនុស្សស្រីដ៏ពូកែម្នាក់។ ខ្ញុំមិនភ្លេចពាក្យសរសើររបស់គាត់ទេ។ ហើយខ្ញុំបានចងចាំពាក្យទាំងនោះជានិច្ច»។
រឿងនេះត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅដើមឆ្នាំ ២០១៧ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើឆាកអន្តរជាតិ។
គួរដឹងដែរថា សំ ថារ័ត្ន ពីដើមឡើយគ្រាន់តែស្រលាញ់ និង ហាត់ក្បាច់គុនល្បុក្កតោដើម្បីការពារខ្លួនប៉ុណ្ណោះ មិនមានបំណងក្លាយជាតារាភាពយន្ត ឬ តារាសម្ដែងនោះទេ។ ប៉ុន្តែកីឡាការិនីមានរហស្សនាមថា «Little Frog» ទទួលបានការចាប់អារម្មណ៍ជាហូរហែពីសំណាក់ផលិតករក្នុងស្រុកនិងអន្តរជាតិអំពីការចេញក្បាច់វ៉ៃទាត់ធាក់របស់គេ។ កូនសិស្សរបស់លោកគ្រូតា សាន គឹមស៊ាន និង លោក ហុក ឈាងគីម ត្រូវបានផលិតករជ្រើសរើសជាតួសម្ដែងហក់លោត និង ចេញក្បាច់គុនទៅតាមសាច់រឿងរហូតដល់បច្ចុប្បន្ន៕
អត្ថបទ៖ ស៊ីធី