អ្នកលេងគុនចម្រុះ ថៃ រិទ្ធី ដែលចាប់ផ្ដើមហាត់តាំងពីឆ្នាំ ២០១៣ បានលើកឡើងអំពីផលចំណេញនៃកេរ្តិ៍ឈ្មោះកាលទៅប្រកួតនៅ ONE Championship កន្លងទៅថា មានកូនសិស្សជាច្រើនចង់ហាត់ជាមួយខ្លួនដ្បិតធ្លាប់ឡើងសង្វៀនកម្រិតពិភពលោក ONE ធ្លាប់ឈ្នះជើងឯកផ្នែកគុនចម្រុះ និង ឈ្នះមេដាយមាសពីការប្រកួតជើងឯកថ្នាក់ជាតិកីឡាល្បុក្កតោ។ ថៃ រិទ្ធី កំពុងបង្ហាត់គុនខ្មែរនៅក្លិបប្រដាល់ «MrLy Gym and Boxing» នៅទឹកដីខេត្តខេត្តសៀមរាប យ៉ាងពេញចិត្តពេញថ្លើម និង ទទួលបានប្រាក់កម្រៃគួរសមដែលអាចទ្រទ្រង់ជីវិតចាយវាយប្រចាំថ្ងៃបាន។
ម្ចាស់ជើងឯកគុនចម្រុះក្នុងស្រុក Khmer Warrior Challenge រដូវកាលទី៣បានថ្លែងដូច្នេះ ៖«ខ្ញុំបែបឈប់ឡើងវ៉ៃហើយបង ប៉ុន្តែខ្ញុំនឹងចាប់អាជីពបង្ហាត់សិស្សវិញ ព្រោះរកកម្រៃបានគួរសមអាចរស់បាននៅសៀមរាប។ ពេលយើងហាត់ឲ្យល្អ ច្បាស់លាស់កាលនៅជាកីឡាករ គឺមិនអត់ប្រយោជន៍ទេ។ ដូចខ្ញុំអីចឹង បរទេសគេស្គាល់ខ្ញុំ វ៉ៃនៅ ONE ធ្លាប់ឡើងសង្វៀនអន្តរជាតិ គេឃើញមេដាយខ្ញុំ គេចង់ហាត់ជាមួយខ្ញុំណាស់ ហើយខ្ញុំក៏បានថ្លៃឈ្នួលច្រើនតាមហ្នឹងដែរ។ អីចឹងបានថា ការប្រឹងប្រែងរបស់ខ្ញុំពីមុនមិនអត់ប្រយោជន៍ទេ។ ខ្ញុំសូមឲ្យកីឡាករគ្រប់រូបខំប្រឹង មិនថាគុនខ្មែរ ឬ គុនចម្រុះទេ»។
កីឡាករសម្បុរស្រអែមបន្តថា គុនចម្រុះពិបាករកសង្វៀនវ៉ៃបន្តិចនៅក្នុងស្រុក ព្រោះគេមិនទាន់រៀបចំឡើងវិញ ប៉ុន្តែ ពេលហាត់កាន់តែខ្លាំង មានសមត្ថភាពល្អ នោះអាចឡើងសង្វៀន ONE ដោយប្រកួតម្ដងៗអាចទទួលបានតម្លៃខ្លួនច្រើន។
ដ្បិតទៅបង្ហាត់នៅសៀមរាប់មិនទាន់បាន ១ ខែ ស្រួលបួល ប៉ុន្តែកូនសិស្សបរទេសជាច្រើនមានការពេញចិត្តពេញថ្លើម និង ចង់ហាត់ជាមួយ រិទ្ធី ជាហូរហែ ព្រោះតែកេរ្តិ៍ល្បីរន្ទឺនៅលើសង្វៀនកម្រិតអន្តរជាតិកន្លងមក រួមទាំងការប្រកួតថ្នាក់ជាតិជាច្រើនផងដែរ។ ក្បាច់គុនបានដើរតួយ៉ាងសំខាន់សម្រាប់ជីវិត របស់កីឡាករមកពីខេត្តកណ្ដាលមួយនេះ។
អ្នកលេងក្បាច់គុន៣ប្រភេទ ល្បុក្កតោ គុនខ្មែរ និង គុនចម្រុះសង្កត់ធ្ងន់ថា៖«ខ្ញុំគ្មានអ្វីក្រៅពីលើកទឹកចិត្តទេ។ បើយើងខំប្រឹងឲ្យមានឈ្មោះកាលនៅសិស្ស នោះយើងនឹងមានឈ្មោះពេលយើងក្លាយជាគ្រូគេដែរ។ ក្នុងនាមជាកីឡាករ យើងត្រូវស្ដាប់តាមគ្រូ ទី១ ហ្វឹកហាត់ឲ្យខ្លាំងជាប្រចាំ មិនមែនហាត់ឈប់ហាត់ឈប់នោះទេ ទី២ ព្យាមគេងឲ្យបានគ្រប់គ្រាន់ និងញុំាគ្រប់គ្រាន់ និង ទី៣ កុំសេពអំពើអបាយមុខដែលសង្គមស្អប់ កុំសេពគ្រឿងស្រវឹង ជាពិសេសត្រូវដើរឲ្យឆ្ងាយពីគ្រឿងញៀន។ ខ្ញុំដឹងថា អ្នកខ្លះខ្លួនជាកីឡាករតែបែរទៅដើរសាកជក់គ្រឿងញៀនជាមួយមិត្តភ័ក្ដិទៅវិញ។ វាជាអំពើខុសឆ្គង។ ទាំងនេះត្រូវចៀសឲ្យឆ្ងាយ»។
គ្រូបង្វឹកវ័យត្រឹម ២១ ឆ្នាំរូបនេះមានកូនសិស្សអាជីពឡើងសង្វៀនញឹកញាប់ចំនួន ៥ នាក់ ហើយរូបគេបានឡើងមកភ្នំពេញជារឿយៗ ដើម្បីឲ្យទឹកសិស្សពេលឡើងវ៉ៃតាមប៉ុស្តិ៍ទូរទស្សន៍នានា។ នៅសប្ដាហ៍នេះអាចនឹងនាំកូនសិស្សទៅវ៉ៃនៅសង្វៀន ឯកភ្នំនៅខេត្តបាត់ដំបង មុននឹងមកភ្នំពេញម្ដងទៀតនៅថ្ងៃទី ២១ មិថុនា ដើម្បីនាំ លី រិទ្ធី ទៅវ៉ៃនៅសង្វៀនបាយ័ន។
គួរដឹងថាថៃ រិទ្ធ ជាម្ចាស់ខ្សែក្រវាត់ក្នុងកម្មវិធី Khmer Warriors Challenges រដូវកាលទី៣ ដែលរៀបចំដោយ ស៊ីធីអិន និង MyTV និងជាម្ចាស់មេដាយមាសជើងឯកការប្រកួតល្បុក្កតោថ្នាក់ជាតិឆ្នាំ ២០១៥។ គេនៅចាំកំណត់ត្រាប្រកួតគុនខ្មែរចំនួន ៣៧ ដង ក្នុងនោះឈ្នះ ៣០ ដង។ អតីតកូនសិស្សលោក ទេព ស៊ីវុត្ថា និង ប៉ាន់ ស៊ីថៃ ធ្លាប់ប្រកួតនៅសង្វៀន ONE Championship បានចំនួន ២ ដង ពោល ឈ្នះ ១ ដង និង ចាញ់ ១ដង។ ម្ចាស់មេដាយមាសល្បុក្កតោរូបនេះ ឈ្នះ Jerome S.Paye ដោយវ៉ៃឲ្យចុះចាញ់ត្រឹមទឹកទី២ នាខែ កញ្ញា ឆ្នាំ ២០១៧ និង កីឡាករចិន Zhao Zhi Kang ក្នុងការប្រកួតលើកទី២នៅ វិច្ឆិកា ឆ្នាំ ២០១៨ នា ប្រទេសហ្វីលីពីន។ លើសពីនេះ កីឡាករមកពី ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប្រលូកលើសង្វៀនអន្តរជាតិ FULL METAL DOJO ជាញឹកញាប់នៅប្រទេសថៃ៕
អត្ថបទ៖ ស៊ីធី