ម្ចាស់ខ្សែ ក្រវាត់លំដាប់ពិភពពីកីឡាការិនីថៃ Stamp Fairtex នៅតែការពារខ្សែក្រវាត់ ONE Atomweight Muay Thai World Champions ដដែលបន្ទាប់ពីឈ្នះកីឡាការិនីសញ្ជាតិអូស្ត្រាលី Alma Juniku ដោយពិន្ទុយ៉ាងតឹងតែង នៅសង្វៀន ONE: LEGENDARY QUEST នាយប់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩ នៅក្រុងសៀងហៃប្រទេសចិន។ ចំណែកអ្នកលេងគុនចម្រុះវ័យក្មេងម៉ាឡេស៊ី Agilan Thani យកឈ្នះកីឡាករជើងចាស់វ័យ ៤៣ ឆ្នាំដែលជើងឯកពិភពលោកយូដូសញ្ជាតិជប៉ុន Yoshihiro Akiyama ដោយពិន្ទុ។ រីឯមិត្តភ័ក្ដិ របស់ចាន់ រតនា ជើងខ្លាំងគុនចម្រុះ Phoe Thaw របស់មីយ៉ាន់ម៉ា ប្រើពេលត្រឹម ១ ទឹកប៉ុណ្ណោះដើម្បីបញ្ចប់អ្នកលេងមកពី ឥណ្ឌូណេស៊ីវ័យ៣៧ឆ្នាំ Victorio Senduk ។
Stamp Fairtex ឈ្នះ Alma Juniku ដោយពិន្ទុ៖
នៅទឹកទី១ ម្ចាស់ខ្សែក្រវាត់កីឡាការិនីសញ្ជាតិថៃ Stamp Fairtex និងជើងខ្លាំងសញ្ជាតិអូស្ត្រាលី Alma Juniku មិនហ៊ានសម្រុកទេ ព្រោះនៅស្ទាបស្ទង់បច្ចេកទេសបន្តិចសិន ប៉ុន្តែ កីឡាការិនីអូស្ត្រាលីចាក់ជើងក្រោមឲ្យកីឡាការិនីថៃដួលម្ដង។ រហូតដល់ទឹកទី២ Juniku បានដើរចូលទាត់ និង ម៉ាត់ ប៉ុន្តែត្រូវ Stamp ចាំត្រងមួយៗបានល្អ។ មិនខុសពី ពីរទឹកដំបូងនោះឡើយ កីឡាការិនីវ័យ ១៨ ឆ្នាំដើរចូលទាត់ និង វ៉ៃជាច្រើនដៃដោយមានជំហររឹងផង ប៉ុន្តែជើងខ្លាំងថៃ មិននៅស្ងៀមនោះឡើយពោលលូកចំគោលដៅមួយៗច្បាស់។ ជំហររឹងហើយកម្ពស់ឈ្នះម្ចាស់ខ្សែក្រវាត់ថៃផងនោះ Juniku បន្តដើរចូលទាត់និងប្រើកណ្ដាប់ដៃ ប៉ុន្តែ Stamp ប្រើក្បាច់ធាក់ទប់ និង ម៉ាត់សងបានល្អច្បាស់ៗ។ Stamp នៅតែឆ្លាតជាង Juniku នាទឹកទី៥ ដោយធាក់ទប់ និង វ៉ៃសងលឿនៗហើយបើប្រហែសបន្តិចចូលចំៗមុខតែម្ដង។ ទីបំផុត Stamp ដែលមានវ័យត្រឹម ២១ឆ្នាំ នៅតែមិនរបូតខ្សែក្រវាត់របស់ខ្លួន ONE Atomweight Muay Thai World Champions នោះឡើយក្រោយអាជ្ញាកណ្ដាលប្រកាសឈ្នះពិន្ទុ យ៉ាងលំបាក។ កំណត់ត្រាប្រកួតរបស់ Stamp កើនដល់ ៨៣ ដងក្នុងការប្រកួតមួយថៃ ក្នុងនោះ ឈ្នះ ៦៣ ដង ចាញ់ ១៥ ដង និង ស្មើ ៥ ដង។
Agilan Thani ឈ្នះកីឡាករវ័យចំណាស់លំដាប់ពិភពលោក Yoshihiro Akiyama៖
កីឡាករវ័យក្មេង ម៉ាឡេស៊ី ត្រឹមវ័យ ២០ឆ្នាំ Agilan Thani បានចាប់ផ្ដើមទឹកទី១ យ៉ាងល្អ និងចូលចាប់ Yoshihiro Akiyama ជាច្រើនលើកទោះមិនឃ្លេធ្ងន់ក្ដី។ បន្ទាប់មក Thani បានប្រើជង្គង់ឆ្វេងអុក “Sexy Yama” ចំភ្លៅក្បែរប្រដាប់ភេទ និង ថែមមួយដៃឆ្វេងធ្វើឲ្យសម្រាកព្យាបាលរបួស ៥ នាទីនៅពាក់កណ្ដាលទឹកទី១។ ក្រោយសម្រាករួចរាល់ អ្នកទាំងប្ដូរជំហរ មកវ៉ៃឈររៀងខ្លួនដោយខ្លាចរអារហូតដល់ចប់ទឹកដំបូង។ ចូលដើមទឹកទី២ ជើងខ្លាំង ម៉ាឡេស៊ី ធ្វើបានល្អ និងគ្រប់គ្រងគូប្រកួត។ ប៉ុន្តែពាក់កណ្ដាលទឹកទៅ Akiyama បានសងវិញចំៗផ្ទៃមុខផងដែរ រហូតដល់ Thani ចង់យ៉ាប់ម្ដងៗ ។ យ៉ាងក្ដីនៅទឹកទី៣វ អ្នកទាំងពីរបានប្ដូរកណ្ដាប់ដៃគ្នាជាជាង ចូលបោក និងប្រើក្បាច់ឃ្លេ។ ក្នុងទឹកចុងក្រោយនេះ Thani បានប្រើកណ្ដាប់ដៃចូលចំគោលដៅជាង ហើយធ្វើឲ្យសំឡេងហ៊ោកាន់តែខ្លាំងឡើងព្រោះអ្នកទាំងពីរវ៉ៃញាប់ដូចម៉ាស៊ីនដេរ។ ទីបំផុត Agilan Thani បង្កើតកំណត់ត្រាឈ្នះលើកទី១៥ ក្នុងការឡើងសង្វៀន ONE បានចំនួន ១៨ ដង ក្នុងនោះចាញ់តែ ៣ ដងប៉ុណ្ណោះ។
Phoe Thaw បញ្ចប់ Victorio Senduk ត្រឹមទឹកទី១៖
កីឡាករគុនចម្រុះ Phoe Thaw ប្រើកណ្ដាប់ដៃស្ដាំផ្ដួល Victorio Senduk ដោយប្រើពេលត្រឹម ៤ នាទី និង ១៧ វិនាទីប៉ុណ្ណោះនៅទឹកទី១។ ចូលដើមទឹក កីឡាករគុនចម្រុះទាំងពីរមិនមានអ្នកណាវ៉ៃ និង ចូលបោកលើសគ្នាទេ។ ប៉ុន្តែ ជើងខ្លាំងរបស់ មីយ៉ាន់ម៉ា បានម៉ាត់ដៃស្ដាំ ចំយ៉ាងដំណំ និងថែមឆ្វេងមួយដៃទៀត ហើយហៀបទៅដាក់មួយដៃឆ្វេងពេល Senduk តែត្រូវអាជ្ញាកណ្ដាលឃាត់ទាន់ ព្រោះគូបដិបក្ខចុះចាញ់ទៅហើយ។ នេះជាការឈ្នះពីរលើកជាប់គ្នារបស់ Phoe Thaw លើកីឡាករឥណ្ឌូណេស៊ី បន្ទាប់ពីឈ្នះ Yohan Mulia Legowo កាលខែ មីនា ឆ្នាំ ២០១៩ កន្លងទៅ៕
អត្ថបទ៖ ស៊ីធី