ជើងខ្លាំងគុនចម្រុះកូនខ្មែរកើតនៅអាមេរិក អែម សុវណ្ណារី កំពុងត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំ នៅក្លិប Modern Martial Arts and Fitness ដែលស្ថិតនៅក្រុង Pasadena រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីស្វាគមន៍ការឡើងប្រកួតលើសង្វៀន ONE ជាថ្មីនាចុងឆ្នាំ ២០១៩នេះ។ សុវណ្ណារី ទទួលដំណឹងថាអាចនឹងប្រកួតនៅខែ តុលា ខាងមុខ ប៉ុន្តែមិនទាន់ដឹងថាជួបគូបដិបក្ខរូបណានោះទេ។
កីឡាការិនីដែលទើបចុះឈ្មោះជាសមាជិកនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាថ្មីៗនេះបានបញ្ជាក់ថា ៖«ខ្ញុំមិនទាន់ដឹងគូប្រជែងឡើយ តែខ្ញុំទទួលដំណឹងថាឡើងប្រកួតនាខែ តុលា ខាងមុខ។ យ៉ាងណាក្ដី រាល់ថ្ងៃខ្ញុំហាត់ខ្លាំងណាស់ជាមួយគ្រូរបស់ខ្ញុំ Justen Hamilton ដែលជាគ្រូបង្វឹកបានបង្ហាត់ខ្ញុំតាំងពីបង្ហាញខ្លួនលើកដំបូងកាលចុងឆ្នាំ ២០១៨។ ឥឡូវនេះខ្ញុំរឹតតែខំហ្វឹកហាត់ខ្លាំងជាងមុន ទាំង ជីជិតស៊ូ និង ជំនាញក្បាច់គុន MMA»។
កូនខ្មែរនៅអាមេរិករូបនេះមិនខ្លាចរអានឹងគូប្រជែងទោះអ្នកណាក៏ដោយ ឲ្យតែត្រូវគីឡូគ្នា។ កីឡាការិនីដែលមានប្រវត្តិប្រកួតគុនចម្រុះ ៣ លើកដដែលនេះមានទំនុកចិត្តដោយសារការហ្វឹកហាត់ខ្លាំង និងត្រៀមខ្លួនជានិច្ច។ ក្រោមការបង្វឹករបស់លោក Justen សុវណ្ណារី ទទួលបានលទ្ធផលឈ្នះលើកដំបូងកាលចុងឆ្នាំ ២០១៨ នៅសង្វៀន ONE ហើយលទ្ធផលល្អនេះនឹងត្រូវរំពឹងទុកបន្ថែមទៀតនៅចុងឆ្នាំ ២០១៩នេះដើម្បីបង្កើនកំណត់ត្រាឈ្នះលើកទី២។
ជាមួយគ្នានោះកីឡាការិនីវ័យ២៦ឆ្នាំបានសរសើរដល់ស្ថាប័ន ONE យ៉ាងដូច្នេះ ៖«ខ្ញុំសូមសរសើរ ONE ដោយស្មោះដែលតែងតែអញ្ជើញកីឡាករ-កីឡាការិនីខ្មែរមកប្រកួត ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងទោះ។ ការចាប់គូមិនត្រឹមតែយកកីឡាករដ៏អស្ចារ្យទេ ប៉ុន្តែក៏នាំកីឡាករដែលមានរឿងល្អៗ និងប្រវត្តិល្អៗមកប្រកួតដែរ។ ONE មិនមែនគ្រាន់តែការប្រកួតលើសង្វៀន ប៉ុន្តែ គេមានក្រុមការងារជាច្រើនធ្វើការដើម្បីសហគមន៍ និង ក្បាច់គុន។ នេះជាអ្វីខ្ញុំពេញចិត្ត ស្ថាប័ន ONE»។
កីឡាការិនីសម្បុរស្រអែមបានចូលសង្វៀនគុនចម្រុះ ឬ MMA តាំងពីឆ្នាំ ២០១៦ មក បន្ទាប់ពីចាប់ហ្វឹកហាត់ប្រដាល់សកលតាំងឆ្នាំ ២០១២។ ហើយឆ្នាំ ២០១៤ គេចូលហ្វឹកហាត់ក្បាច់គុន ជីជិតស៊ូ ដែលត្រូវគេស្គាល់ថាជាក្បាច់គុនមួយក្នុងជំនាញក្បាច់ទាំងឡាយសម្រាប់ប្រើក្នុងការប្រកួតគុនចម្រុះ។ លើសពីនេះទៅទៀត រូបគេបានចូលហ្វឹកហាត់ចំបាប់ យូដូ និង ប្រដាល់សេរី ដែលអាចនាំឲ្យខ្លួនក្លាយជាកីឡាការិនីលេចធ្លោម្នាក់តំណាងឲ្យកម្ពុជា។
គូររំលឹកដែរថា កូនខ្មែរកើតនៅអាមេរិក អែម សុវណ្ណារី បានប្រកួតលើសង្វៀនគុនចម្រុះចំនួន ៣ លើក មិនដែលចាញ់។ ដោយ ២ លើកដំបូងប្រកួតដាក់ទ្រុងនៅអាមេរិក សុវណ្ណារី ឈ្នះកីឡាការិនីអាមេរិក Lanikqua Robins នាទឹកទី១ កាលខែធ្នូឆ្នាំ ២០១៦ និង ឈ្នះកីឡាការិនីអាមេរិក Evelyn Nieves នៅទឹកទី១ កាលខែ កុម្ភៈ ឆ្នាំ ២០១៧។ កំណត់ត្រាប្រកួតចុងក្រោយ សុវណ្ណារី ឈ្នះកីឡាការិនិអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE កាលខែ ធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី។ អ្នកលេងចម្រុះកូនខ្មែរនៅអាមេរិករូបនេះ បានចុះឈ្មោះជាផ្លូវការក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានាពេលថ្មីៗនេះ ហើយការចុះឈ្មោះនេះជាប្រយោជន៍សំខាន់ផ្ទាល់ខ្លួនមួយ រួមទាំងការឡើងប្រកួតតំណាងឲ្យប្រទេសកម្ពុជា៕
អត្ថបទ៖ ស៊ីធី