កែ ប៊ិនសូរស្មី៖«វត្តមាន​​របស់​ ចៅ សួស្ដី បង្កើត​ទំនាក់​ទំនង​ល្អ​​​ដើម្បី​​ស្វែង​រក​កីឡាករ​​​មាន​សមត្ថភាព​ច្រើន​ទៀត​នៅ​អូស្ត្រាលី»

វត្ត​មាន​ចុះ​ឈ្មោះ​​ផ្លូវ​​ការ​ជា​មួយ​​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​ (CMMAF)​ក្នុង​​តំណែង​​ជា​គ្រូ​បង្វឹក​​​របស់​​កូន​ខ្មែរ​​នៅ​អូស្ត្រាលី​ ចៅ សួស្ដី ​​ជា​​ផល​ចំណេញ​មួយ​​ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​សហព័ន្ធ​នៅ​កម្ពុជា​​​​ទៅ​​កាន់​ក្លិប​ និង កីឡាករ​កូន​ខ្មែរ​ខ្លាំងៗ​នៅ​ប្រទេស​អូស្ត្រាលី។​ នេះ​​ជា​ការ​ថ្លែង​សារ​ដ៏​មាន​ន័យ​​របស់​លោក​ កែ ប៊ិនសូរស្មី ​​អុនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា។ ចៅ សួស្ដី​ ​ជា​​អតីត​កីឡាករ​ដ៏​មាន​ពិសោធន៍​ម្នាក់​​នៅ​ក្នុង​គុន​ចម្រុះ​ និង​ ធ្លាប់​ប្រកួត​នៅ​សង្វៀន​ ONE Championship ​​ម្ដង​កាល​ឆ្នាំ​ ២០១៤ ពេល​រៀប​ចំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា។ ​​បច្ចុប្បន្ន​បុរស​វ័យ​ ៣៨ ឆ្នាំ​រូប​នេះ​​មាន​ក្លិប​ប្រដាល់​មួយ​ឈ្មោះ​ CHAU KAIZEN ​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​បើក​បង្ហាត់​សម្រាប់​ជន​បរទេស និង​កូន​ខ្មែរ​នៅ​អូស្ត្រាលី។​

លោក​ កែ ប៊ិនសូរស្មី ​គូស​បញ្ជាក់​បែប​នេះ​ ៖«​យើង​ពិត​ជា​រីករាយ​ដែល​ ​សួស្ដី ​មក​​ចូល​រួម​ជា​មួយ​ពួក​យើង។ គេ​ជា​​អ្នក​ដែល​​តាម​ដាន​​ក្បាច់​គុន​​ចម្រុះ​នៅ​កម្ពុជា​តាំង​ពី​ដំបូង​ម៉្លេះ ហើយ​គេ​ធ្លាប់​ប្រកួត​នៅ សង្វៀន​​ ONE ម្ដង​កាល​ឆ្នាំ​ ២០១៤។ ​​ក្ដី​ស្រលាញ់​របស់​គេ​​មាន​ជាប់​​រហូត​ដល់​បង្កើត​ក្លិប​មួយ​ឈ្មោះ​ CHAU KAIZEN នៅ​​​​ក្រុង​ Adelaïde ប្រទេស​អូស្ត្រាលី។ ​សួស្ដី​ មាន​ជំនាញ​ខាង​ក្បាច់​គុន​ ចម្រុះ​ និង​ ជីជិតស៊ូ»។ ​

អនុ​ប្រធាន​រូប​នេះ​​សង្កត់​ធ្ងន់​ទៀត​ថា៖«​អ្វី​ដែល​ខ្ញុំ​សោក​ស្ដាយ​​​បន្តិច​ត្រង់​ថា​ សួស្ដី ​ចុះ​ឈ្មោះ​ជា​គ្រូ​បង្វឹក​មិន​មែន​ជា​កីឡាករ។ ​ប៉ុន្តែ​យ៉ាង​ណា​​ក្ដី​ ក៏​វា​ល្អ​ប្រសើរ​ដែរ​ដោយ​សារ​ សួស្ដី មាន​ទំនាក់ទំនង​​ល្អ​ណាស់​នៅ​អូស្ត្រាលី។ ​យើង​សង្ឃឹម​ថា​គាត់​​​ជួយ​ទាក់ទង​ឲ្យ​​យើង​ទទួល​បាន​កីឡាករ​​កូន​ខ្មែរ​ល្អៗ​​ពី​ អូស្ត្រាលី។ ​ក្នុង​នោះ​យើង​ឃើញ​ថា​ David Meak ​​ជា​កូន​ខ្មែរ​នៅ​អូស្ត្រាលី​ដែរ​ ​ហើយ​ David ​​បាន​ប្រកួត​ទល់​នឹង​ជើង​ខ្លាំង​​ Christian Lee ​តារា​ប្រចាំ​សង្វៀន​​ ONE កាល​ខែ​ ​កុម្ភៈ​ ឆ្នាំ​ ២០១៨»។

យុទ្ធ​សាស្ត្រ​របស់​សហព័ន្ធ​កីឡា​​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​គ្រូ​ម្នាក់​​និង​ក្លិប​មួយ​យ៉ាង​តិច​នៅ​​​ក្រៅ​ប្រទេស​ដែល​មាន​កូន​ខ្មែរ​​រស់​​នៅ​និង​ហាត់​ក្បាច់​គុន​ ​ហើយ​ គ្រូ​បង្វឹក​ដើរ​តួ​​ជួយ​បង្ហាត់ និង​ ​ជ្រើស​រើស​​កីឡាករ​នៅ​ទី​នោះ។ ​ចៅ សួស្ដី ​ជា​​គ្រូ​បង្វឹក​ម្នាក់​ ដែល​​សក្ដិសម​​ទៅ​នឹង​ការ​​ជ្រើស​រើស ​របស់​សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ ហើយ​​ថ្ងៃ​ណា​មួយ​​​គ្រូ​បង្វឹក​រូប​នេះ​​នឹង​ចូល​រួម​ដក​ស្រង់​បទ​ពិសោធន៍​​មក​បង្វឹក​នៅ​កម្ពុជា។

វត្តមាន​ ចៅ សួស្ដី, Albert Chey, អែម​ សុវណ្ណារី, ​សំ ថារ័ត្ន , នៅ ស្រីពៅ, រិន សារ័ត្ន ​និង កីឡាករ​ជា​ច្រើន​ទៀត​ជា​បណ្ដុំ​នៃ​​​កម្លាំង​សំខាន់​ជំនាន់​ក្រោយ​ ​ដើម្បី​​​រួម​ដំណើរ​ទៅ​ប្រកួត​​តំណាង​ឲ្យ​ទង់​ជាតិ​កម្ពុជា។ ការ​ប្រកួត​តែង​តែ​មាន​​ចាញ់ ឬ ​ឈ្នះ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ ​សហព័ន្ធ​​មាន​ចក្ខុវិស័យ​​ដើម្បី​ប្រមូល​ផ្ដុំ​កីឡាករ​កូន​ខ្មែរ​ទាំង​ក្នុង​ និង ក្រៅ​​ប្រទេស​ឲ្យ​រួម​គ្នា​​​ធ្វើ​​​​ក្នុង​ន័យ​បង្កើត​​មោទនភាព​ជាតិ។

ក្រៅ​ពី​ ចៅ សួស្ដី​ សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ ​​​​ទទួល​បាន​សមាជិក​ជា​ផ្លូវ​ការ​ពី​កូន​ខ្មែរ​នៅ​បារាំង​ Albert Veera CHEY ​វ័យ​ ៣៦​ ឆ្នាំ​ ដែល​អតីត​​​កីឡាករ​ប្រដាល់​ធ្លាប់​គ្រង​​ខ្សែ​ក្រវាត់​កម្រិត​​​ពិភព​លោក និង ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ពេល​មក​ប្រកួត​នៅ​ប្រទេស​ថៃ។ ​​ជា​មួយ​គ្នា​នោះ ​ក៏​​មាន​ការ​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ពី​សំណាក់​កូន​ខ្មែរ​នៅ​អាមេរិក អែម សុវណ្ណារី ​ដែល​​ឡើង​​ប្រកួត​ក្នុង​​ពិភព​គុន​ចម្រុះ​ចំនួន ៣​ លើក​មិន​ដែល​ចាញ់។ អែម សុវណ្ណារី ​បង្ហើប​​ឲ្យ​ដឹង​ថា​ គេ​នឹង​​ឡើង​ប្រកួត​នៅ​សង្វៀន​ ONE Championship ​នា​ខែ តុលា ខាង​មុខ​ នេះ ​ដែល​ជា​​ការ​ប្រកួត​លើក​ទី២​​​របស់​ខ្លួន​​នៅ​សង្វៀន​កម្រិត​ពិភព​លោក​នេះ ​ប៉ុន្តែ​មិន​ដឹង​ថា​ជួប​កីឡាការិនី​រូប​នេះ​នោះ​ទេ។

​ក្រៅ​ពី​ដុតដៃ​ដុត​ជើង​ទាញ​យក​​គ្រូ​បង្វឹក​និង​កីឡាករ​កូន​ខ្មែរ​នៅ​​ក្រៅ​ប្រទេស​ ​សហព័ន្ធ​​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF) ​នៅ​តែ​​សស្រាក់សស្រាំ​​ក្នុង​ការ​​ជ្រោមជ្រែង​កីឡាករ-កីឡាការិនី​ក្នុង​ស្រុក ​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​បន្ត​​បន្ទាប់​ទៀត​ក្នុង​គោល​ដៅ​​​​ជ្រោង​ទង់​ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ៕


អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s