គូ​ប្រកួត​ដ៏​អស្ចារ្យ​​​​​​​ដើម្បី​អបអរសាទរ​​​ព្រឹត្តិការណ៍​ប្រកួត​គម្រប់​​១០០​លើក​នៅ​សង្វៀន​ ONE: CENTURY ​នា​ទីក្រុង​តូក្យូ ​ត្រូវ​បាន​បង្ហាញ

ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​​ដ៏​ល្បី​លំដាប់​ពិភព​លោក​ ONE Championship ​នឹង​​រៀប​ចំ​ការ​ប្រកួត​ដ៏​អស្ចារ្យ​​ដើម្បី​អបអរ​សាទរ​ការ​រៀប​ចំ​គម្រប់ ​១០០ ​លើក​​លើ​សង្វៀន​​​​ជា​​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​​ដែល​​​ផ្គូផ្គង​គូ​ពិសេសៗ​លំដាប់​ពិភព​លោក​​​ជូន​អ្នក​គាំទ្រ​​ដើម្បី​ទស្សនា។ ​កាល​ថ្ងៃ​អាទិត្យ​ទី​ ៣០​ ខែ មិថុនា​ ប្រធាន ​និង ជា​នាយក​ប្រតិបត្តិ​ ONE Championship លោក Chatri Sityodtong ​បាន​ប្រកាស​អំពី​គូ​ប្រកួត​​​ខ្លាំងៗ​ជា​បឋម​​ និង​ ​បន្ថែម​​បាន​​ប្រាក់​រង្វាន់​​សន្ធឹកសន្ធាប់​នៅ​សង្វៀន​​មាន​ឈ្មោះ​ថា​ ONE: CENTURY ​ដែល​​រៀប​​ចំ​នៅ​ថ្ងៃ​ទី​ ១៣ ខែ ​តុលា ​ឆ្នាំ ២០១៩ ​​ខាង​មុខ​នៅ​​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។

គូ​ដែល​ប្រកាស​ដំបូង​គេ​នេះ​គឺ​ ជា​ការ​ជួប​គ្នា​សាជាថ្មី​ ​​របស់​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Women’s Strawweight World Champion កីឡាការិនី​ Xiong Jing Nan ហៅ «The Panda» ​សុខ​ចិត្ត​​បញ្ចុះ​គីឡូ​​ពី​ខ្សែ​ក្រវាត់​​របស់​ខ្លួន​​មក​​​​​មក​ដណ្ដើម​ខ្សែ​ក្រវាត់​​លំដាប់​ពិភព​លោក​ ONE Women’s Atomweight World Title ​ពី​ Angela Lee ​ឬ ​មាន​រហស្ស​នាម​ «Unstoppable»​។ ​អ្នក​ទាំង​ពីរ​នេះ​​បាន​​​​ជួប​​គ្នា​​ដំបូង​នៅ​សង្វៀន​ ONE: A NEW ERA ​ពោល​​ Lee ​ដំឡើង​គីឡូ​​​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​ Xiong ហើយ​ការ​ប្រកួត​នេះ​ពិត​​ជា​ជក់​ចិត្ត។ Lee ​ប៊ិះ​នឹង​​បញ្ចប់​ «The Panda» ​ដោយ​ក្បាច់​​ឃ្លេ​ដៃ​ ប៉ុន្តែ​កីឡា​ការិនី​ចិន​​បាន​រើ​រួច​ ​និង​​ វ៉ៃ «Unstoppable» ​​ឲ្យ​​​សន្លប់​វិញ​នៅ​ទឹក​ចុង​ក្រោយ។

​ទន្ទឹម​គ្នា​នោះ​ ​ស្ថាប័ន​​លំដាប់​ពិភព​លោក​ដដែល​នេះ​ ​ក៏​មាន​ការ​​ប្រកួត​កម្រិត​ពិភព​លោក​ទល់​នឹង​ពិភព​លោក​​ដោយ​ជើង​ខ្លាំង​ហ្វីលីពីន​ Brandon Vera ឬ «The Truth» ​​ឡើង​ដណ្ដើម​​ខ្សែ​​ក្រវាត់​ពិភព​លោក​ ONE Light Heavyweight World Championship​ ពី​​ជើង​ខ្លាំង​មីយ៉ាន់ម៉ា​ Aung La N Sang ឬ ហៅ​ថា ​«The Burmese Python»។​ ​​​កីឡាករ​ជើង​ចាស់​​សញ្ជាតិ​ហ្វីលីពីន​ ​ដែល​មាន​រហស្សនាម​ «The Truth» ​ស្នើ​សុំ​ការ​ប្រកួត​ច្រើន​​ខែ​មក​​ហើយ​ បន្ទាប់​ពី​​រូប​គេ​អាក់​ខាន​​តាំង​​ចុង​ឆ្នាំ​ ២០១៨​ មក។​ ​ រឿង​ដែល​គួរ​ឲ្យ​ កត់​សម្គាល់​ Vera ​ឈ្នះ ​​៤​ ប្រកួត​​ចុង​ក្រោយ​​ដោយ​ផ្ដួល​គូ​ប្រកួត​​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១​ ទាំង​អស់ ហើយ Aung La N Sang ​ក៏​ឈ្នះ​ ៤ លើក​ចុង​ក្រោយ​ដូច​គ្នា​​ដែល​ឈ្នះ​​​កីឡាករ​លំដាប់​ពិភព​​លោក​ និង​ ​វាយ​​គូ​ប្រជែង​​ឲ្យ​សន្លប់​ដែរ។ ​នេះ​ជា​គូ​ប្រកួត​ដ៏​រំភើប​ ​​និង​ រង្គើ​សង្វៀន​ដែល​មិន​អាច​ខក​ខាន​​​ដើម្បី​ទស្សនា។

ចំណែក​ Bibiano Fernandes ​​និង​ Kevin Bellingon ​ត្រូវ​ប្រកួត​​សង​សឹក​ក្នុង​ប្រភេទ​ទម្ងន់​ ONE Bantamweight World Championship ​ជា​លើក​ទី៤។ ​ពួក​គេ​​ទាំង​ពីរ​បាន​ជួប​គ្នា​​នៅ​សង្វៀន​ ONE: A NEW ERA ​កន្លង​ទៅ។ នេះ​ក៏​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។

​នៅ​សង្វៀន​ ONE: CENTURY ​ដដែល​​នា​ថ្ងៃ​ទី​ ១៣ ​តុលា​ខាង​មុខ​នឹង​មាន​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ ៣ ​ខ្សែ​ក្រវាត់​ធំៗ​ ដូច​ជា​ ONE Featherweight Kickboxing World Grand Prix, ONE Lightweight World Grand Prix, និង ONE Flyweight World Grand Prix។ ​ប្រភេទ​ Featherweight Kickboxing នៅ​សល់ ៣ ប្រកួត​ទៀត​​ និង​ ​​ចាប់​ផ្ដើម​​នៅ​សង្វៀន​ ONE: MASTERS OF DESTINY ​នៅ​ពេល​ Petchmorakot Petchyindee Academy ​​តតាំង​​នឹង​ Giorgio Petrosyan ​នា​ថ្ងៃ​សុក្រ​ទី​ ១២​ ខែ កក្កដា​ខាង​មុខ។

​រី​ឯ​ Saygid Guseyn Arslanaliev ​ជា​​បេក្ខភាព​ឡើង​វគ្គ​​ផ្ដាច់​ព្រ័ត្រ​រួច​ហើយ ​ក្នុង​ប្រភេទ​ទម្ងន់​ Lightweight ក្រោយ​រូប​​គេ​​​បញ្ចប់​ Amir Khan ​ឲ្យ​សន្លប់​នៅ​ខែ​ ឧសភា ​កន្លង​មក​នេះ។ Saygid ​រង់​ចាំ​ជួប​អ្នក​ឈ្នះ​រវាង​ Timofey Nastyukhin និង​ Honorio Banario ដែល​​ពួក​គេ​ទាំង​ពីរ​នឹង​ប្រកួត​នៅ​សង្វៀន​ ONE: DAWN OF HEROES ​​​នា​ក្រុង​​ម៉ានីល ប្រទេស​ហ្វីលីពីន។

ចំណែក​​ប្រភេទ​​ទម្ងន់ Flyweights ​វិញ​​នឹង​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី​​២​ ខែ សីហា ​ដើម្បី​ស្វែង​រក​​ជើង​ខ្លាំង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ពោល​ Demetrious Johnson ជួប​ Tatsumitsu Wada ហើយ Danny Kingad ត្រូវ​តតាំង​នឹង​ Kairat Akhmetov ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា។

ជា​មួយ​គ្នា​នោះ​​​សង្វៀន​ ONE: CENTURY ​នឹង​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ពេញ​ថ្លើម​​​​ដោយ​មាន​កីឡាករ​ជប៉ុន​​ខ្លាំងៗ​ឡើង​ប្រកួត​រហូតដល់​​ ​៤​​​នាក់​​​ដែល​ត្រូវ​ជួប​គូ​ប្រជែង​ខ្លាំងៗ។ ​​គូ​ប្រកួត​​ទាំង​នេះ​នឹង​​​ត្រូវ​បង្ហាញ​​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ​អម​​ដោយ​ការ​​បន្ថែម​ប្រាក់​រង្វាន់​លើស​​ការ​ប្រកួត​សព្វដង៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s