ជើងខ្លាំង Giorgio Petrosyan ឈ្នះពិន្ទុ Petchmorakot Petchyindee Academy ក្នុងការប្រកួតលើកទី២ ដើម្បីបន្តដំណើរទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី ONE Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារ។ កីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះ ម៉ាឡេស៊ី Jihin Radzuan បញ្ចប់កីឡាការិនីហ្វីលីពីន Jomary Torres ត្រឹមទឹកទី១ ។ ជាមួយគ្នានោះ ស្រីស្អាត Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Champion ចាញ់ Michelle Nicolini ដោយពិន្ទុ នៅសង្វៀន ONE: MASTERS OF DESTINY ដូចគ្នានាល្ងាចទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីលាន Axiata Arena នាក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
1- ជើងខ្លាំង Giorgio Petrosyan ឈ្នះពិន្ទុ Petchmorakot Petchyindee Academy ក្នុងការប្រកួតលើកទី២ដើម្បីឈានជើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix បន្ទាប់ពីលទ្ធផលចម្រូងចម្រាស់កាលប្រកួតលើកទី១
ចូលទឹកទី១ ភ្លាមល្អមើលភ្លែត ដោយកីឡាករទាំងពីរចូលវ៉ៃមិនញញើតសោះម៉ាត់ឆ្វេងស្ដាំទាត់លើក្រោមសងគ្នាទៅមក ប៉ុន្តែ Giorgio Petrosyan មិនញញើតឡើយ ទោះ Petchmorakot ខំដើរចូលវ៉ៃមិនដកថយក្ដី។ ក្នុងទឹកដំបូងនេះ Petchmorakot បង្ហាញកាយវិការចង្អុលមុខ Petrosyan ដោយការកំហឹង។ ទឹកទី២ Petchmorakot ដើរចូលវ៉ៃ ទាត់និង អុកជង្គង់យ៉ាងច្រើន តែមិនសូវបានផលហើយ Petrosyan វ៉ៃសងមួយៗធ្វើឲ្យ Petchmorakot លើងសឺៗ និង ដួលទៀតផងឡើងទ្រមទៀតផង។ នៅទឹកទី៣ Petrosyan នៅតែរក្សាជំហររឹង ដោយវ៉ៃចំគោលដៅល្អ ទោះ Petchmorakot ខំដើរចូលវ៉ៃទាំងជំហរទន់ៗ។ ទីបំផុត Petrosyan ជាបេក្ខភាពឈានទៅដណ្ដើមប្រាក់រង្វាន់ ១ លានដុល្លារ។ កីឡាករអ៊ីតាលីវ័យ ៣៣ ឆ្នាំថ្លែងក្រោយការប្រកួតថា៖ «ខ្ញុំអត់ទាន់គិតលុយ ១ លានដុល្លារទេ ប៉ុន្តែ ខ្ញុំត្រូវតែគិតអំពីការប្រកួតបន្ទាប់សិន ក្រោយខ្ញុំឈ្នះ ទល់នឹង Petchmorakot »។ ដូច្នេះ នៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី ONE Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់ ១ លានដុល្លារ គឺ Petrosyan ត្រូវប៉ះ កីឡាករថៃ Jo Nattawut ខណៈដែល Samy Sana មកពីបារាំង ជួបនឹង កីឡាករ រុស្សី Dzhabar Askerov ។ ប៉ុន្តែគេមិនទាន់កំណត់កាលបរិច្ឆេទនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះឡើយ។
២– កីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះ ម៉ាឡេស៊ីវ័យ២០ឆ្នាំ Jihin Radzuan បញ្ចប់ Jomary Torres ត្រឹមទឹកទី១ដោយប្រើក្បាច់ជើងគាបក
កីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះ ម៉ាឡេស៊ី Jihin Radzuan បញ្ចប់ Jomary Torres ត្រឹមទឹកទី១ ពោលប្រើថិរវេលា ត្រឹម ៣ នាទី និង ៧ វិនាទីប៉ុណ្ណោះ។ គ្រាន់តែចូលទឹកទី១ ភ្លាម Jomary Torres និង Jihin Radzuan បានចូលសម្រុកគ្នា។ ប៉ុន្តែមិនយូរប៉ុន្មានស្រាប់តែជើងរបស់ Jihin Radzuan ចូលជាប់ករបស់ Jomary ក្នុងជំហរ។ នាពេលនោះ Jomary ខំព្យាយាមបោក Jihin ពីរទៅ ៣ ដងនៅលើក្ដាររេញប៉ុន្តែមិនបានរបេះចេញទាល់តែសោះ។ ចុងក្រោយ កីឡាការិនីម្ចាស់ផ្ទះវ័យ ២០ ឆ្នាំ ដែលមានរហស្សនាមថា «Shadow Cat » ប្រើជើងដែលជាប់នោះគាបឃ្លេករបស់ កីឡាការិនីហ្វីលីពីនឲ្យចុះចាញ់តែម្ដង។ Jihin Radzuan បានថ្លែងក្រោយចប់ការប្រកួតថា ៖«ខ្ញុំពិតជាបារម្ភណាស់ចំពោះការប្រកួតនេះ។ ខ្ញុំបានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងក្លាមុនការប្រកួត នេះ បន្ទាប់ពីចាញ់ការប្រកួតលើកមុន ទល់នឹងGina Iniong ។ ខ្ញុំព្យាយាមការប្រកួតដើម្បីជ័យជម្នះ។ ខ្ញុំសូមអរគុណដល់គ្រូបង្វឹក មិត្តរួមក្រុមរបស់ខ្ញុំដែលតែងតែនៅជាមួយខ្ញុំ ទោះបីឈ្នះ ឬ ចាញ់។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រម៉ាឡេស៊ី និង អ្នកដែលមកពី Johor មកមើលខ្ញុំផ្ទាល់នៅទីនេះ»។
៣–ស្រីស្អាត Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Champion ចាញ់ពិន្ទុជើងឯកពិភពលោក ជីជិតស៊ូ Michelle Nicolini
ចូលទឹកទី១ ជើងខ្លាំងទាំងពីរចាប់ផ្ដើមចូលចាប់ឃ្លេគ្នាទៅមក ហើយ Angela Lee មានប្រៀបនៅពីលើ ម្ចាស់ជើងឯកជីជិតស៊ូពិភពលោក Michelle Nicolini របស់ប្រេស៊ីល ទោះបីខំរើបម្រាស់ក៏មិនរួចដែរ ហើយត្រឹមតែប្រើជើងទប់តិចៗ និង គាបខ្លួនកីឡាការិនីសិង្ហបុរី ខណៈដែលដៃត្រូវស្រវាចាប់ និង វ៉ៃគ្នាទៅមករហូតដល់ចប់ទឹកទី១។ យ៉ាងណាក្ដីក៏មិនបង្កគ្រោះថ្នាក់អ្វីដែរ។ ចូលទឹកទី២ Lee ស្ថិតនៅពីក្រោមវិញម្ដងបន្ទាប់ពីវ៉ៃ ចូល Michelle មួយដៃ ហើយត្រូវកីឡាការិនីប្រេស៊ីលចាប់ឃ្លេជាប់នៅពីលើរហូតដល់សល់ ១ នាទីបញ្ចប់ទឹកទើប ជើងខ្លាំងមកពីសិង្ហបុរី នៅទីលើវិញ និង វ៉ៃតដៃបានខ្លះមុនបញ្ចប់ទឹកទី២។ ឈានដល់ទឹកចុងក្រោយគូប្រជែងទាំងពីរចូលវ៉ៃមួយប្រាវ ហើយក៏កាច់ឃ្លេគ្នាទៀត ។ Michelle បន្តនៅពីលើ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ធ្ងន់ដល់ Lee ឡើយ។ យ៉ាងណាក្ដី Michelle គាប Lee ឲ្យនៅពីក្រោមរហូតដល់ចុងទឹកទី៣ ទើប Lee អាចនៅពីលើ និង វ៉ៃបានវិញ។ ទីបំផុតម្ចាស់ខ្សែក្រវាត់ពិភពលោកវ័យ ៣៧ ឆ្នាំ ឈ្នះកីឡាការិនីវ័យក្មេង ២២ ឆ្នាំ របស់សិង្ហបុរីដោយពិន្ទុ។
អត្ថបទ៖ ស៊ីធី