អ្នកលេងគុនចម្រុះ ចាន់ សំអាត មកពីក្លិប Cambodian Top Team គ្រោងឡើងសង្វៀន ONE Championship ជាថ្មីនាថ្ងៃទី ៦ ខែ សីហា ខាងមុខ ដោយជួបកីឡាករមីយ៉ាន់ម៉ា Punnya Say ដែលរៀបចំនៅប្រទេសសិង្ហបុរី ប៉ុន្តែត្រូវដកខ្លួនទៅវិញព្រោះតែបញ្ហារបួស។ សំអាត ត្រូវបានគេបង្ហើបថានឹងឡើងប្រកួតក្នុងប្រភេទទម្ងន់ចន្លោះពី ៥៦ ទៅ ៦០ គីឡូក្រាម ដែលជាគីឡូដើមរបស់ខ្លួន បន្ទាប់ពីឡើងប្រកួតលើកមុនៗនៅសង្វៀន ONE គឺ ត្រូវដំឡើងដល់ ៦៥ គីឡូក្រាមទើបមានគូប្រកួត។ ប៉ុន្តែ ក្ដីរំពឹងនៃការបង្ហាញខ្លួនលើកទី ៥ នៅសង្វៀនអន្តរជាតិរបស់ខ្លួនត្រូវបានខកខានទៅវិញ។
ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកនៅក្លិប Cambodian Top Team បានថ្លែងថា ៖«ខ្ញុំសម្រេចចិត្តដកឈ្មោះ ចាន់ សំអាត ចេញពីបញ្ជីប្រកួតនៅ សង្វៀន ONE នាដើមខែសីហា នៅប្រទេសសិង្ហបុរី ហើយ ព្រោះរបួសមិនទាន់ជាសះស្បើយ ១០០%។ កន្លងមកថ្មីៗនេះ ហ្វឹកហាត់ MMA ក៏អត់កើតដែរ ព្រោះរលាកស្បែកកំភួនជើង»។
ចាន់ សំអាត របួស រលាកបំពង់ស៊ីម៉ុំាងម៉ូតូចំកំភួនជើងខាងស្ដាំរយៈពេលជាង ១ ខែមកហើយ ខណៈដែល ស្មងជើងក៏មានបញ្ហារបួសដូចគ្នា។
គ្រូបង្វឹកដដែលសង្កត់ធ្ងន់ថា ៖«យើងអត់មានកីឡាករជំនួសគីឡូដូចសំអាតទេ និងអត់មានសមត្ថភាពដូចសំអាតដែរ ហើយ ខាង ONE ក៏គេរកកីឡាករជំនួសរួចរាល់ហើយដែរ។ វាគួរឲ្យស្ដាយសម្រាប់ សំអាត។ សប្ដាហ៍មុននេះក៏ខកចិត្តទៀត មិនត្រូវឲ្យគេចាញ់ពិន្ទុកីឡាករថៃ ផេតង៉ាម កាលវ៉ៃខ្សែក្រវាត់នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍វគ្គខ្វែងទាល់តែសោះ។ អាណិត សំអាត ដែរ ខាតគ្នាទាំងស្រុង!»។
ជាមួយគ្នានេះអតីតកូនសិស្សលោកឡោ វុទ្ធី នៅក្លិប កងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារបានបញ្ជាក់ដែរថា៖« ពេលខ្ញុំឡើងវ៉ៃ ខ្សែក្រវាត់ គឺ ខ្ញុំពាក់សាលូជើងដើម្បីកុំឲ្យគេឃើញស្នាម។ មួយរយៈនេះខ្ញុំជាប់វ៉ៃខ្សែក្រវាត់ផង។ ប៉ុន្តែបើអត់ជាប់វៃខ្សែក្រវាត់ក៏ខ្ញុំហ្វឹកហាត់ MMA អត់កើតដែរបង… ព្រោះខ្ញុំត្រូវប្រើក្បាច់ចាប់ ហើយត្រូវប៉ះរបួសដដែល។ ខ្ញុំពិបាកហ្វឹកហាត់ MMA»។
កីឡាករគុនចម្រុះវ័យ ២៦ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា ៖«ច្បាប់នៅ ONE គេតឹងតែងណាស់ បើឃើញស្នាមរបួសខ្ញុំមិនទាន់ជាបែបនេះ ក៏គេមិនឲ្យប្រកួតដែរ។ ដូច្នេះមានតែរង់ចាំឱកាសលើកក្រោយទៀតប៉ុណ្ណោះ»។
យ៉ាងក៏ដោយ គ្រូបង្វឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាមិនទាន់ដឹងថា ពេលណា កូនសិស្សមកពីឧត្ដរមានជ័យអាចឡើងប្រកួតនៅសង្វៀនអន្តរជាតិ ONE បានទៀតនោះទេ ប៉ុន្តែរឿងសំខាន់ គឺ ត្រូវហ្វឹកហាត់ដិតដល់ និង សម្រាកព្យាបាលរបួសឲ្យជាសះស្បើយសិន។
គួរដឹងថា ចាន់ សំអាតជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ៣ ឬ ហៅថា ជើងឯកកីឡាវាយក្នុងទ្រុងវគ្គ៣របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV។ ក្នុងការប្រកួតចុងក្រោយនៅសង្វៀន ONE ចាន់ សំអាត ចាញ់ពិន្ទុកីឡាករម៉ុងហ្គោលី Shinechagtaga Zoltsetseg កាលចុងខែ មេសា ឆ្នាំ ២០១៩៕
អត្ថបទ៖ ស៊ីធី