ផាត សូដា ជាអតីតអ្នកលេងគុនចម្រុះល្បីឈ្មោះម្នាក់នៅកម្ពុជាដែលហ្វឹកហាត់នៅក្លិប Cambodian Top Team ហើយរូបគេធ្លាប់បង្ហាញខ្លួននៅ សង្វៀន ONE Championship ចំនួន៣ដង មុនក្លាយជាគ្រូបង្វឹកនៅក្លិបប្រដាល់ គោព្រៃ នៅម្ដុំភ្នំប្រសិទ្ធ នាពេលបច្ចុប្បន្ន។ សូដា ផ្អាកឡើងសង្វៀនអន្តរជាតិតាំងពីប្រកួតចាញ់ កីឡាករឥណ្ឌូណេស៊ី Elipitua Siregar នៅសង្វៀន ONE កាលខែ កញ្ញា ឆ្នាំមុន គ្រាដែលឳពុកក្មេកឈឺធ្ងន់ ពេលកម្មវិធីរៀបចំនៅប្រទេសចិន។ ចំណែក សង្វៀនក្នុងស្រុក រូបគេផ្អាកជិត ២ ឆ្នាំក្នុងការបង្ហាញខ្លួនប្រកួតគុនខ្មែរ។ យ៉ាងណាក្ដី រូបគេបានបង្កើតកេរ្តិ៍ឈ្មោះគួរឲ្យកត់សម្គាល់នៅក្នុងស្រុក និង ទទួលបានការអញ្ជើញទៅប្រកួតលើឆាកអន្តរជាតិលើសង្វៀន ONE ចំនួន ៣ ដង។ តាំងពីប្រឡូកក្នុងការប្រកួតក្បាច់គុនចម្រុះនាឆ្នាំ ២០១២ មក ផាត សូដា មិនដែលចាញ់ទេនៅសង្វៀនក្នុងស្រុក ប៉ុន្តែស្មើម្ដង។
ផាត សូដា បានឲ្យដឹងថា ៖«តាមពិតគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ចង់ឲ្យខ្ញុំទៅហ្វឹកហាត់ដែរ ដើម្បីចាប់គូវ៉ៃ ប៉ុន្តែខ្ញុំមិនអាចទៅបាន ព្រោះមានគ្រួសារក្នុងបន្ទុក មានកូន… ដែលត្រូវការចំណាយប្រចាំថ្ងៃ។ ប៉ុន្តែពេលនេះ ខ្ញុំធ្វើការ ហើយ ខ្ញុំជាគ្រូបង្វឹកនៅក្លិប គោព្រៃផង។ ខ្ញុំអាចហាត់ខ្លួនឯង និង បង្ហាត់សិស្សផង»។
កីឡាករវ័យ ៣០ឆ្នាំរូបនេះបានរំលឹកថា ពេលខ្លួនទៅប្រកួតសង្វៀន ONE លើកដំបូង ក្រោយរៀបការរួចថ្មីៗ កាលឆ្នាំ ២០១៧ និង មិនទទួលបានលទ្ធផលគាប់ប្រសើរត្រលប់មកវិញឡើយ។ ប៉ុន្តែបើនិយាយអំពីការប្រកួតនៅក្នុងស្រុកវិញ សូដា តែងតែផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងការប្រកួតគុនចម្រុះក្នុងប្រភេទទម្ងន់ ត្រឹម ៥៥ ទៅ ៥៧ គីឡូក្រាម។
វិដេអូប្រកួត ផាត សូដានិង Elipitua Siregar
សូដា បញ្ជាក់ទៀតថា៖«តាមពិត ខ្ញុំចង់ប្រកួតណាស់បង ប៉ុន្តែ ជីវភាពគ្រួសារមានតម្រូវការច្រើនជាង។ ខ្ញុំធ្វើការរោងចក្រ ផង និងបង្ហាត់ផងដើម្បីបានកម្រៃទប់គ្នាព្រោះប្រពន្ធខ្ញុំនៅផ្ទះមើលកូន។ បើសិនខ្ញុំរង់ចាំតែឡើងសង្វៀន គឺ ទប់អត់ជាប់ទេ។ បើប្រកួតក្នុងស្រុកអាចមួយខែ ម្ដង ប៉ុន្តែ ពេលខ្លះអត់បានប្រកួតទៀត។ ដូច្នេះខ្ញុំមិនអាចហ្វឹកហាត់ដើម្បីរង់ចាំតែប្រកួតមួយមុខបានព្រោះមិនមែនខ្លួនមួយ។ ខ្ញុំផ្អាកវ៉ៃក្នុងស្រុកជិត ២ ឆ្នាំហើយកូនខ្ញុំមានអាយុជាង១ ឆ្នាំ»។
អតីតកូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ បានបង្ហើបការតាំងចិត្តថា រូបគេអាចនឹងឡើងសង្វៀនសាជាថ្មីបើសិនមានពេលសមស្របណាមួយ។
ផាត សូដា ជាអតីតអ្នកលេងគុនចម្រុះល្បីឈ្មោះម្នាក់ក្នុងចំណោម មាស ម៉ើ, ថៃ រិទ្ធី និង ស៊ឹម ប៊ុនស្រ៊ន់ ជាដើម។ សូដា បានធំដឹងក្ដីជាក្មេងកំព្រាមកពីខេត្តព្រៃវែង និងបានចូលហាត់គុនខ្មែរ មុនចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនចម្រុះនៅឆ្នាំ ២០១២ ក្រោមការបង្វឹករបស់លោក ហ៊ុន ច័ន្ទរាជ្យ ហើយគេបានក្លាយជាកីឡាករឆ្នើមម្នាក់សម្រាប់ការប្រកួតដាក់ទ្រុងនៅកម្ពុជា។
កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
អត្ថបទ៖ ស៊ីធី