ក្រោយផ្អាកឡើងសង្វៀនប្រមាណជា ២ ឆ្នាំ គង់ សំបូរ ដែលជាសិស្សគុននៅក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានត្រឡប់មករកភាពខ្លាំងឡើងវិញតាមរយៈជ័យជម្នះជាហូរហែ និង ចេញទៅប្រកួតលើឆាកអន្តរជាតិញឹកញាប់ជាពិសេសចេញទៅប្រកួតលើសង្វៀន Super Champ ប្រទេសថៃ និង ឡើងសង្វៀន ONE Championship បានម្ដងកាលខែ កុម្ភៈ នៅសិង្ហបុរី។ សំបូរ ចូលហ្វឹកហាត់នៅក្លិប គុហារព្រហ្មជ័យជិត ២ ឆ្នាំ មកហើយក្រោមការបង្វឹករបស់ លោក ជា រិទ្ធ។ តើចំណុចអ្វីខ្លះដែលធ្វើឲ្យ គង់ សំបូរ លេចធ្លោឡើងវិញនាពេលបច្ចុប្បន្ននេះ។ ការតាំងចិត្តខ្លាំង និងស្ដាប់ដំបូន្មានគ្រូបង្វឹក៖
ក្រោយចាញ់ពិន្ទុកីឡាករចិន Zhang Chenlong កាលខែ កុម្ភៈ នៅសង្វៀន ONE Championship នៅសិង្ហបុរី គង់ សំបូរ ភ្ញាក់ខ្លួន និង ខិតខំហ្វឹកហាត់ទ្វេដងដើម្បីទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នៅសង្វៀនក្នុងស្រុក និង អន្តរជាតិនៅថៃ។ នេះជាការបង្ហើបរបស់លោក ជា រិទ្ធ គ្រូបង្វឹក ប្រចាំក្លិប ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប។ បច្ចុប្បន្ននេះ កីឡាករវ័យ ២៣ ឆ្នាំមានកម្លាំងស៊ុហ្វល្អជាងមុនឆ្ងាយណាស់ ជាក់ស្ដែង រូបគេអាចសម្រុក ៣ ទឹកពេញនៅសង្វៀន Super Champ នាប្រទេសថៃកាលថ្ងៃទី ២៩ កញ្ញា ដោយមិនសម្រាកទាល់តែសោះ។ ទោះបីចាញ់សន្លប់នៅលើកទី១នៅសង្វៀន Super Champ គង់ សំបូរ ទើបទៅប្រកួតលើកទី២ដោយចាប់ផ្ដើមបុកតាំងពីទឹកទី១ ប៉ុន្តែ ត្រូវអាជ្ញាកណ្ដាលរាប់មួយលើកព្រោះដួលលើក្ដាររេញចុងទឹកទី២ដោយកណ្ដាប់ដៃ កីឡាករថៃ ដេតបាង។ យ៉ាងណាក្ដី សំបូរ អាចតស៊ូ និងពង្រឹងកម្លាំងវិញហើយបុកកែង រហូតធ្វើឲ្យ ដេតបាង សន្លប់ឈរ និង មិនអាចបន្តការប្រកួតទៀតបានឡើយកាលចុងខែ កញ្ញា កន្លងទៅ។ គង់ សំបូរ មិនទាន់បញ្ឈប់មហិច្ឆតាត្រឹមនេះទេប៉ុន្តែ រូបគេនៅប្រឹងបន្ថែមទៀត ដើម្បីទទួលបានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិនៅថ្ងៃមុខ។
https://www.onefc.com/videos/zhang-chenglong-vs-kong-sambo/
ការបោះជំរំនៅឆ្ងាយពីគ្រួសារមុនឡើងប្រកួត និងតមការហូបចុក៖
នេះជាចំណុច សំខាន់ ដែលលោក ជា រិទ្ធ បានទូន្មាននិងដាក់កំហិតដល់កូនសិស្សរបស់ខ្លួនឲ្យនៅឆ្ងាយពីគ្រួសារមុនពេលឡើងប្រកួត។ អតីតកីឡាករនៅក្លិបក្រសួងការពារជាតិតែងតែស្នាក់នៅហូបចុកនិងបោះជំរំហ្វឹកហាត់នៅក្លិប មុនពេលឡើងប្រកួតយ៉ាងហោចកន្លះខែ។ ម្យ៉ាងវិញទៀត សំបូរ ខ្លួនឯងក៏អាចធ្វើចិត្តបានដោយមិនសូវទៅសួរសុខទុក្ខប្រពន្ធញឹកញាប់ឡើយ។ ចំណុចមួយទៀត គ្រូបង្វឹកក៏បានដើរតួសំខាន់ដែលណែនាំមិនឲ្យហូបចុកចំណីអាហារផ្ដេសផ្ដាសដែរ។ ការបរិភោគចំណី អាហារត្រូវគិតអំពីផលប៉ះពាល់ដល់កម្លាំងក្នុងនាមជាអ្នកប្រដាល់។
ស្មារតីរឹងមាំមិនខ្លាចរអា៖
គង់ សំបូរ ពីមុនឡើងប្រកួតមិនសូវមានស្មារតីរឹងមាំឡើយ។ ប៉ុន្តែឥឡូវនេះ រូបគេទទួលបានការបណ្ដុះបណ្ដាលផ្នែកស្មារតីយ៉ាងអង់អាចមិនខ្លាចគូប្រកួតឡើយ។ គង់ សំបូរ បង្ហាញផ្លែប្រយុទ្ធគ្រប់ស្នៀត មិនថាដកថយ ឬ បុកចូលឡើយ។ អាវុធដៃឆ្វេងស្ដាំ និង កែងបុករបស់ សំបូរ អាចធ្វើឲ្យដៃគូគ្រោះថ្នាក់គ្រប់ពេលអមដោយស្នៀតជើងទាត់យ៉ាងល្អផងដែរ។ ក្រៅពីនោះ សំបូរ មានក្បាច់គេចរហ័សរហួនដែលធ្វើឲ្យដៃគូពិបាកម៉ិកវ៉ៃចំគោលដៅ។ គ្រូបង្វឹកជា រិទ្ធ អះអាងថា កូនសិស្សរបស់ខ្លួនមានឆន្ទៈ និង ទឹកចិត្តក្លាហានឡើងវ៉ៃលែងខ្លាចសន្លប់ហើយ សំខាន់គឺល្អមើលថែមទាំងទទួលបានការគាំទ្រ។
ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។
កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
អត្ថបទ៖ ស៊ីធី