កីឡាករប្រដាល់ជើងខ្លាំងថៃម្នាក់ Lerdsila Phuket Top Team ដែលមានឈ្មោះបោះសំឡេងនៅប្រទេសថៃ ហើយធ្លាប់ឈ្នះកីឡាករកម្ពុជា សុខ ធី ចំនួន២លើក និង ឈ្នះខ្សែក្រវាត់ Muay Thai World Champion ចំនួន៨សម័យកាលនោះវិលមកសង្វៀនជាថ្មីនាដើមខែ ធ្នូខាងមុខ។ Lerdsila ត្រូវប៉ះ Elias Mahmoudi ជាម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ចំនួន៣សម័យកាលនាថ្ងៃទី ៦ ខែ ធ្នូ ខាងមុខកម្មវិធី ONE: MARK OF GREATNESS នៅក្រុងកូឡាឡាំពួរ។
កីឡាករវ័យ៣៨ឆ្នាំមកពីក្លិបប្រដាល់ Phuket Top Team មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយនៅសង្វៀន ONE Championship តាំងពីខែ មិថុនា ឆ្នាំ ២០១៨ មក រួមទាំងឈ្នះកីឡាករជើងខ្លាំងកម្ពុជា សុខ ធី ក្នុង២ប្រកួតដំបូងផងដែរ។ កីឡាករជំនាញក្បាច់មួយថៃ ឈ្នះកីឡាករជប៉ុន Momotaro ដោយពិន្ទុ មុន វាយកីឡាករកោះសាយប្រឺស Michael Savvas ឲ្យសន្លប់ទឹកទី២នៅក្នុងកម្មវិធី ONE: DREAM OF GOLD ដែលជាការប្រកួតចុងក្រោយកាលខែសីហានៅប្រទេសថៃ បន្ទាប់ពីរូបគេយកឈ្នះ សុខ ធី ពីរលើកជាប់គ្នាក្នុងឆ្នាំ ២០១៨។
https://www.facebook.com/ONEChampionship/videos/1490372964431542/
Lerdsila មានកំណត់ត្រាឈ្នះ ១៩០ ដង ចាញ់ ៣១ ដង និង ស្មើ៥ដង។ ចំណែក Elias Mahmoudi មានកំណត់ត្រាឈ្នះ ៣១ដង ចាញ់ ៤ដង និងមិនដែលស្មើ។ Lerdsila មានដើមកំណើតចេញពីក្រុងតូចមួយនៅភាគឦសាននៃប្រទេសថៃ។ គេចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនមួយថៃតាំងពីអាយុ ៧ ឆ្នាំដោយមានការបង្វឹកពីសំណាក់ឱពុករបស់ខ្លួន និងបានឡើងប្រកួតលើកដំបូងនៅឆ្នាំដដែលនោះដែរ។ Lerdsila ផ្លាស់ទៅបាងកកក្នុងអាយុ ១២ ឆ្នាំ ដើម្បីបន្តអាជីពប្រដាល់របស់ខ្លួន ដោយហ្វឹកហាត់នៅក្លិប Jockey Gym ដែលមានកាងបង្ហាត់ពីសំណាក់វីរបុរស Saenchai និង Somrak។
Lerdsila ឡើងប្រកួតច្រើនដងហើយល្បីឈ្មោះនៅសង្វៀន Lumpinee និង Rajadamnern Stadium ហើយឈ្នះខ្សែក្រវាត់ Rajadamnern Muay Thai World Title ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នាទៀតផង។ ការឡើងដល់ចំណុចកំពូលរបស់ Lerdsila គឺឈ្នះរហូតដល់ ១០០ លើកជាប់គ្នាក្នុងអាជីព និងបានជួបជើងខ្លាំងជាច្រើនដូចជា Orono Wor Petchpun, Nong-O Gaiyanghadao, និង Jomthong Chuwattana ជាដើម។ តាំងពីផ្លាស់ទៅក្លិបប្រដាល់ Phuket Top Team នៅឆ្នាំ ២០១៥ Lerdsila នៅតែបន្តសកម្មភាពប្រកួតជាហូរហែភាគច្រើននៅចិន និង អាមេរិក។ កីឡាកររូបនេះស្ថិតក្នុងបញ្ជីកីឡាករកំពូលជើងឯក Muay Thai World Champions នៅក្នុងកម្មវិធី ONE Super Series ហើយរូបគេតែងតែស្រេកឃ្លាននឹងខ្សែក្រវាត់ ONE Muay Thai World Title ទៅថ្ងៃខាងមុខ។
https://www.onefc.com/videos/lerdsilas-phenomenal-muay-thai-arsenal/
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា)តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។
អត្ថបទ៖ ស៊ីធី