ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០

ចាន់ រតនា​ ​បង្ហើប​​​គម្រោង​ពីរ​​នៅ​ឆ្នាំ​ ២០២០កីឡាករ​​កំពូល​គុន​ចម្រុះ​​លេច​ធ្លោ​​កម្ពុជា​ ​ចាន់ រតនា ​ដែល​ឈ្នះ​​នៅ​សង្វៀន​ ONE Championship ​បី​លើក​ជាប់​គ្នា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​​ ​​​បាន​​បង្ហើប​អំពី​គម្រោង​​ការ​​ចំនួន​ ២​ នៅ​ឆ្នាំ ២០២០។ ​ផែន​ការ​ទី១​ ចង់​​ទទួល​ការ​ប្រកួត​បាន​ច្រើន​ជាង​ឆ្នាំ​ ២០១៩​ នៅ​សង្វៀន​ ONE Championship ​និង​​ទី២​ ពង្រឹង​គុណភាព​ដល់​ការ​បង្វឹក​​សម្រាប់​កូន​សិស្ស​ឲ្យ​បាន​ខ្លាំងក្លា។​

-ផែន​ការ​ទៅ​ប្រកួត​បាន​​ច្រើន​នៅ​ឆ្នាំ ២០២០៖

ចាន់​ រតនា​ ​បាន​​ដាក់​​គោល​ដៅ​ចង់​ប្រកួត​​​៤​លើក​នៅ​សង្វៀន ​ONE Championship តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​ឆ្នាំ ២០១៩​ ​កន្លង​ទៅ​​រូប​គេ​ប្រកួត​បាន​តែ​ ២ ​លើក​ប៉ុណ្ណោះ។

​​​ម្ចាស់​​ក្លិប​​សិល្បៈ​​បាន​ថ្លែង​ថា​៖«​​អ្វី​ដែល​​ខ្ញុំ​ចង់​បង្ហាញ គឺ​ ​​ដាក់​គោល​ដៅ​ប្រកួត​​​ឲ្យ​បាន​ ​៤​ដង​នៅ​ឆ្នាំ​ ២០២០។ ​នេះ​ជា​​ការ​គិត ​​របស់​​ខ្ញុំ​បើ​​សិន​មិន​មាន​​បញ្ហា​រាំង​ស្ទះ​នោះ​​ទេ​។ ប៉ុន្តែ​​​បំណង​ទាំង​នេះ​​ត្រូវ​​រង់​ចាំ​ចម្លើយ​អំពី​អ្នក​ចាត់​ការ​របស់​ខ្ញុំ​ ​ឬ ​អ្នក​ផ្គូផ្គង​​របស់​ខ្ញុំ​ដែរ»។ ​

បន្ទាប់​ពី​រូប​គេ​ ឈ្នះ​​កីឡាករ​ជើង​ខ្លាំង​ចំបាប់​របស់​​គុយ​បា​​ Gustavo Balart ​កាល​ពាក់​កណ្ដាល​​ខែ ​សីហា ​មក​​ ​​​អ្នក​លេង​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​ខកខាន​ឡើង​សង្វៀន​​លំដាប់​ពិភព​លោក​នេះ​​រយៈ​ពេល​ជាង​ ៤ ខែ​មក​ហើយ។ ​​កូន​​ប្រុស​​របស់​​លោក​ ចាន់ ប៊ុនធឿន ​រំពឹង​ថា​ រូប​គេ​អាច​នឹង​ឡើង​សង្វៀន​​ដដែល​នេះ​ជា​ថ្មី​នៅ​ដើម​​ឆ្នាំ ២០២០ ​ខាង​មុខ។​ ​បច្ចុប្បន្ន​​នេះ​​ រតនា​ បាន​ដាក់​ចិត្ត​ដាក់​កាយ​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​ ដោយ​តែ​អាច​ប្រឈម​នឹង​​គូ​ប្រជែង​ខ្លាំងៗ​ទៅ​ថ្ងៃ​អនាគត ​និង​អាច​ជា​បេក្ខភាព​មួយ​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង។ ​គួរ​ដឹង​ថា​ ចាន់ រតនា ​​ប្រឡូក​លើ​សង្វៀន​គុន​ចម្រុះ​ចំនួន ​១០ លើក​ក្នុង​នោះ​​ ឈ្នះ​ ៧ ដង​ និង​ ចាញ់​ ៣​ ដង​​​បន្ទាប់​​​​ពី​​កីឡាករ​ជំនាញ​យុទ្ធគុន​ខម​​​រូប​នេះ​​ប្រឡូក​លើ​សង្វៀន​គុន​​ចម្រុះ​តាំង​​ឆ្នាំ​២០១៥​មក។ ​​ក្នុង​កំណត់​ត្រា​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​​​​ ​ម្ចាស់​ក្លិប ​«សិល្បៈ» ​​ឈ្នះ​៣​លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE ​ដោយ​​វាយ​កីឡាករ​ឥណ្ឌូណេស៊ី​ ពីរ​រូប​ Abro Fernandez និង​​ Rudy Agustian ​ត្រឹម​ទឹក​ទី២​ មុន​ពេល​​ឈ្នះ​ពិន្ទុ ​ជើង​ខ្លាំង​​ជំនាញ​ចំបាប់​គុយបា​ Gustavo Balart ​នា​ពាក់​កណ្ដាល​ខែ​ សីហា​ កន្លង​​ទៅ​នៅ​​កម្មវិធី​ ONE:DREAMS OF GOLD ​នៅ​ប្រទេស​ថៃ។

-ដាក់​ផែន​ការ​ពង្រឹង​គុណភាព​នៅ​ក្លិប៖

​ក្រៅ​ពី​ហ្វឹកហាត់​ខ្លួន​ឯង​​ត្រៀម​​ប្រកួត​ ចាន់ ​រតនា​ បាន​​យក​ពេល​ប្រចាំ​ថ្ងៃ​ដើម្បី​ពង្រឹង​​ក្លិប​របស់​ខ្លួន​​ទៀត​ផង ​និង ​បន្ត​​បេសកកម្ម​នេះ​​ឲ្យ​បាន​ល្អ​​​ថែម​ទៀត​នៅ​ឆ្នាំ​ ២០២០​ ខាង​មុខ។ ​ក្លិប​«សិល្បៈ»​ ​​គឺ​​ជា​​កម្មសិទ្ធិ​របស់​ អ្នក​លេង​គុន​​ចម្រុះ​ល្បី​ឈ្មោះ​ ចាន់ រតនា ​​​ដែល​​បាន​​ប្ដូរ​ទៅ​កាន់​​ទីតាំង​ថ្មី​ផ្ទះ​លេខ​​១០៩​ ​ផ្លូវ​​ ១៣ BT ​​សង្កាត់​បឹងទំពន់​១​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ (ទល់​​មុខ​នឹង​ Phnom Penh Sports Club ​ផ្លូវ​​២៧១)​កាល​ដើម​ខែ​ ​កញ្ញា​កន្លង​ទៅ។​ ​ចំណែក​ទី​តាំង​ជួល​​​​ក្លិប​ចាស់​​​ស្ថិត​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​នោះ​​​បាន​​ផុត​កិច្ច​សន្យា​​ត្រឹម​​ខែ​ សីហា​ បន្ទាប់​ពី​​ដំណើរ​ការ​​ឲ្យ​ហ្វឹកហាត់​និង​រស់​នៅ​រយៈ​ពេល​ ​៣ ​ឆ្នាំ។​ ​ការ​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ថ្មី​នេះ​​ត្រូវ​បាន​ រតនា បង្ហើប​ថា កូន​សិស្ស​មិន​ថមថយ​​នោះ​ទេ​​ពោល ​នៅ​​ថេរ​ត្រឹម​ចន្លោះ​ពី​ ៤០ ទៅ ​៥០​នាក់​ជា​ប្រចាំ​ថ្ងៃ។ ​​​កូន​សិស្ស​ភាគ​ច្រើន​ជា​អ្នក​មក​ហ្វឹកហាត់​ដើម្បី​សុខភាព។

​កីឡាករ​វ័យ​៣៣​​ឆ្នាំ​​ និង​ជា​ម្ចាស់​ក្លិប​រូប​នេះ​បញ្ជាក់​ថា៖«​​ខ្ញុំ​ផ្ដោត​លើ​គុណភាព​​បន្ថែម​ទៀត​ដល់​កូន​សិស្ស​​ដើម្បី​ឲ្យ​ពួក​គាត់​ពេញ​​ចិត្ត​​សេវា​កម្ម​របស់​ពួក​ខ្ញុំ។ ​ខ្ញុំ​គិត​ថា​​យុវវ័យ​​ឥឡូវ​​​​យល់​ដឹង​អំពី​សុខភាព​ច្រើន។ ​​ហើយ​ក្លិប​របស់​ខ្ញុំ​ក៏​មិន​ធ្វើ​ឲ្យ​បង​ប្អូន​ខក​បំណង​ដែរ​បើ​សិន​ចង់​មក​ទទួល​ការ​ហ្វឹកហាត់​គុន​ខ្មែរ។ ​​​បង​ប្អូន​អាច​យល់​ដឹង​អំពី​គុន​ខ្មែរ​ផង​​និង​ទទួល​​បាន​សុខភាព​ផង។ ​ហើយ​បង្ហាត់​ដោយ​គ្រូ​ជំនាញ​ៗ​​ចំនួន ​៤​នាក់»។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App។ អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s