Rodtang Jitmuangnon ឬ គេស្គាល់រហស្សនាមថា «The Iron Man» បង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងកម្មវិធីប្រកួត ONE Super Series កាលឆ្នាំមុន។ បន្ទាប់មក រូបគេក៏បន្តសាងភាពអស្ចារ្យជាបន្តបន្ទាប់នៅឆ្នាំ ២០១៩។ ឆ្នាំ២០១៩ ដែលខិតជិតមកដល់ទីបញ្ចប់នេះ Rodtang ឆក់បានឱកាសថ្មីៗជាច្រើន ហើយ និង ដាក់គោលដៅស្វែងរកលទ្ធផលល្អតទៅទៀតនៅឆ្នាំថ្មី។
បុរសជើងខ្លាំងវ័យ ២២ ឆ្នាំ មិនទាន់ស្គាល់ពាក្យថាចាញ់ទាល់តែសោះក្នុងការប្រកួត ONE Super Series ដោយរូបគេឈ្នះ៥លើកជាប់គ្នាទល់នឹងកីឡាករលំដាប់ខ្ពស់ និង ឈ្នះខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ទៀតផង។ «The Iron Man» ទទួលស្គាល់ថាជ័យជម្នះឥតឈប់ឈរនៅលើសង្វៀនឆ្នាំ ២០១៩ ក៏មានការរួមចំណែកលើកទឹកចិត្តទាំងលក្ខណៈអាជីពនិងលក្ខណៈផ្ទាល់ខ្លួន។
https://www.facebook.com/watch/?ref=external&v=632739957230723
Rodtang លើកឡើងបែបនេះ៖«ខ្ញុំមានអារម្មណ៍ថាខ្ញុំបានអភិវឌ្ឍខ្លួនច្រើនក្នុងនាមជាមនុស្សលោក និង ជាកីឡាករនៅឆ្នាំនេះ។ ខ្ញុំបានផ្លាស់ប្ដូរជីវិត។ ខ្ញុំរីកចម្រើន ហើយខ្ញុំមានទំនួលខុសត្រូវចំពោះខ្លួនឯង និង គ្រួសាររបស់ខ្ញុំ។ ខ្ញុំមិនដើរលេងច្រើន ហើយខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះគ្រួសារខុសពីមុនឆ្ងាយណាស់។ ទាក់ទងនឹងលុយកាក់ ខ្ញុំក៏បានសន្សំច្រើនជាងមុនដែរ»។
Rodtang ឈ្នះការប្រកួតនៅសង្វៀនលំដាប់ពិភពលោកជាហូរហែ ប៉ុន្តែអ្វីដែលចាំមិនភ្លេចគឺនៅក្នុងកម្មវិធី ONE: DAWN OF HEROES នាក្រុងម៉ានីលប្រទេសហ្វីលីពីនកាលខែ សីហា កន្លងទៅ។
គ្រានោះ Rodtang ដណ្ដើមបានខ្សែក្រវាត់ ONE Flyweight Muay Thai World Title ពីកីឡាករចក្រភពអង់គ្លេស Jonathan Haggerty ពេលឈ្នះពិន្ទុជាឯកច្ឆន្ទនៅលើសង្វៀន Mall Of Asia Arena ដ៏អ៊ូអរ។ ការឈ្នះខ្សែក្រវាត់ ONE Flyweight Muay Thai World Championship គឺបង្ហាញឲ្យឃើញអំពីការខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់គេក្រោយចូលហាត់ប្រដាល់តាំងពីអាយុ ៨ ឆ្នាំមកម៉្លេះ។
«រឿងរ៉ាវដែលពេញចិត្តបំផុត គឺ ឈ្នះខ្សែក្រវាត់ ក្នុងឆ្នាំនេះ។ ខ្ញុំសប្បាយចិត្តខ្លាំងដែលខ្ញុំបានធ្វើកន្លងមកដើម្បីនាំយកខ្សែក្រវាត់មកកាន់ទឹកដីកំណត់របស់ខ្ញុំ គឺ ប្រទេសថៃ។ នេះជារឿងខ្ញុំចងចាំក្នុងបេះដូង»។ កីឡាករដែលមានរហស្សនាមមនុស្សដែករៀបរាប់ដោយដាក់អារម្មណ៍បែបនេះ។
Rodtang បានធ្វើឲ្យទាក់ភ្នែកដល់កីឡាការិនីម្ចាស់ខ្សែក្រវាត់ពិភពលោកពីរស្ថាប័ន គឺ Stamp Fairtex ។ Rodtang និង Stamp បានណាត់ជួបគ្នាកាលខែ មេសា។ ជីវិតជាអ្នកក្បាច់គុនគឺពោរពេញដោយការតស៊ូ ការគោរពវិន័យ និង បង្កើនសមត្ថភាពទៅកាន់កម្រិតពិភពលោក។ ពួកគេទាំងពីរបានយល់អំពីគ្នាទៅវិញទៅមក។ ដៃគូទាំងពីរត្រូវបានគេដាក់ឈ្មោះថា «RodStamp» ហើយមិនត្រឹមតែពង្រឹងគុណភាពក្បាច់គុនទៅវិញទៅមកទេ ប៉ុន្តែថែមទាំងគាំទ្រគ្នាទៅវិញទៅមកផងដែរ។
Rodtang គូសបញ្ជាក់ថា៖«Stamp អបអរសាទរដល់ខ្ញុំហើយ នាង [Stamp] តែងតែជជែកជាមួយខ្ញុំ ក្នុងនាមជាអ្នកប្រដាល់ដូចគ្នា។ Stamp ក៏យល់ចំពោះអ្វីដែលខ្ញុំកំពុងធ្វើផងដែរ។ ទាំងខ្ញុំ និង Stamp មានភារកិច្ចរៀងៗខ្លួនដើម្បីផ្ដោតលើការងារនោះ។ Stamp បានជួយខ្ញុំឲ្យកាន់តែមានភាពរឹងមាំនិងក្លៀវក្លា។ គេជាមនុស្សល្អខ្លាំងណាស់ហើយចូលចិត្តលេងសើចថែមទៀត។ គេនឹងសើចពីព្រឹកដល់យប់»។
បន្ទាប់ពីជោគជ័យនៅឆ្នាំ ២០១៩ Rodtang ត្រៀមខ្លួនរួចរាល់ដើម្បីបន្ថែមសមិទ្ធផលនៅឆ្នាំ ២០២០ខាងមុខ។ វីរបុរសថៃរូបនេះចាប់ផ្ដើមឆ្នាំ២០២០ដោយឡើងការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ទល់នឹងអតីតម្ចាស់ខ្សែក្រវាត់ Haggerty ក្នុងការប្រកួតសងសឹកនៅក្នុងកម្មវិធី ONE: A NEW TOMORROW នៅថ្ងៃសុក្រទី ១០ ខែ មករា ខាងមុខ។
«The Iron Man» បានដាក់ក្ដីរំពឹងថានឹងការពារខ្សែក្រវាត់បានសម្រេចលើកទី២ និងជាជ័យជម្នះដំបូងនៅឆ្នាំ២០២០។ មនុស្សដែកតាំងចិត្តថា ៖«គោលដៅដំបូងរបស់ខ្ញុំគឺ ការពារខ្សែក្រវាត់របស់ខ្ញុំ និង រក្សាវាឲ្យបានយូរបំផុតតាមតែអាចធ្វើបាន។ ក្រៅពីនោះខ្ញុំក៏ចង់ប្រកួតខ្សែក្រវាត់ Flyweight World Kickboxing Title ផងដែរ។ ពីមុនខ្ញុំធ្លាប់ប្រកួត kickboxing ហើយវាមិនបញ្ហាទេសម្រាប់ខ្ញុំ។ ជាកីឡាករមួយថៃ ខ្ញុំមិនខ្លាចអ្នកណាទាំងអស់។ កីឡាកររូបណាក៏ត្រូវប្រកួតដែរឲ្យតែគេរៀបចំឲ្យប្រកួត»។
បើសិនជាអាចទៅរួច Rodtang អាចនឹងជួបម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Ilias Ennahachi ។ កីឡាករថៃរូបនេះមានការតាំងចិត្តខ្ពស់ហើយអ្វីៗមិនទាន់ហួសពេលនោះទេសម្រាប់ឆ្នាំថ្មី។
Rodtang សង្កត់ធ្ងន់ទៀតថា៖«ខ្ញុំតែងតែមានឧបសគ្គដើម្បីជម្នះវាយ។ នេះគឺជាជីវិត។ ខ្ញុំមានមនុស្សជាច្រើនដើម្បីមើលថែ។ ដូច្នេះខ្ញុំត្រូវតែមានការលើកទឹកចិត្តខ្លួនឯង។ គំនិតរបស់ខ្ញុំតែមួយគត់គឺប្រកួតដើម្បីអ្វីដែលខ្ញុំត្រូវធ្វើ។ បើខ្ញុំមិនធ្វើការងារខ្លាំង ខ្ញុំក៏មិនអាចជោគជ័យបានដែរ»។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App។ ។
អត្ថបទ៖ ស៊ីធី