៣រឿង​​ដែល​អ្នក​​​អាច​មិន​ដឹង​អំពី​​អ្នក​លេង​ក្បាច់​គុន ចាន់ សំអាត

កីឡាករ​គុន​ចម្រុះ​ និង គុន​ខ្មែរ​​​ ចាន់ សំអាត​​ ​ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង​រហូត​ដល់​បច្ចុប្បន្ន​ បន្ទាប់​ពី​រូប​គេ​​ចូល​ប្រឡូក​ក្នុង​វិស័យ​ក្បាច់​គុន​តាំង​ពី​ឆ្នាំ​ ២០០៨ មក។ ​ជា​មួយ​គ្នា​នេះ ​​គេ​មាន​ចំណុច​​សំខាន់​ចំនួន​ ៣ ដែល​អ្នក​​គាំទ្រ​​​អាច​មិន​ដឹង​​អំពី​ ​អ្នក​លេង​គុន​ចម្រុះ​រូប​នេះ​​ដូច​ជា​ជីវិត​គ្រួសារ​ ​​​​ការ​ចូល​​​ហាត់​ប្រដាល់​ដំបូង ​​និង ​​ការ​ប្រឡូក​ក្នុង​វិស័យ​​គុន​ចម្រុះ។

-​ជីវិត​គ្រួសារ៖

​ចាន់ សំអាត​ ​មាន​​​​ស្រុក​កំណើត​នៅ​​ភូមិ​ទួល​ក្រឡាញ់​ ឃុំ​ថ្លាត​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ។ ​ចាន់ សំអាត​ រៀប​ការ​តាំង​ពី​ឆ្នាំ​ ២០១២​ ជា​មួយ​​ប្រពន្ធ​ឈ្មោះ ​ប្រពន្ធ​ ​សាន្ត ឆេងហួង ​នៅ​​ស្រុក​​អន្លង់​វែង​​ខេត្ត​បន្ទាយ​មាន​ជ័យ។ ភរិយា​ របស់ ​សំអាត ​បម្រើ​ការងារ​នៅ​អង្គការ​មួយ​​នៅ​​ឯ​ស្រុក​កំណើត។ ​​​​​​សំអាត​ និង ​ភរិយា​ ​ជា​​​​​​អ្នក​រស់​នៅ​ក្នុង​ភូមិ​ក្បែរ​គ្នា។ ​មុន​​ចូល​រោង​ជ័យ​អ្នក​ទាំង​ពីរ​បាន​​មើល​ចិត្ត​គ្នា​អស់​រយៈ​ពេល​ប្រមាណ​​២ ឆ្នាំ។ ​​​ក្ដី​ស្រលាញ់​មួយ​នេះ​មិន​មាន​ការ​ណែនាំ​ពី​សាច់ញាតិ​​​ ឬ ការ​បង្ខំ​​ទេ​ ​ប៉ុន្តែ​វា​ជា​ការ​​ក្ដី​ស្រលាញ់​​ពិត​ប្រាកដ​រវាង​​​សាមី​ខ្លួន​ទាំង​សង​ខាង។ ​​អ្នក​​ទាំង​ពីរ​​បង្កើត​បាន​ចំណង​ដៃ​បាន​​​​កូន​ប្រុស​អាយុ​​ ៥​ ឆ្នាំ​ និង ​កូន​ស្រី​​ ​អាយុ​​ ២ឆ្នាំ។ ​ដ្បិត​រៀប​ការ​តាំង​ពី​ ៧ ឆ្នាំ​​មុន​ ប៉ុន្តែ​ ​ ​សំអាត​ នៅ​​តែ​អាច​គ្រប់គ្រង​ខ្លួន​ឯង​ និង ​នៅ​ប្រកប​អាជីព​ជា​​កីឡាករ​ប្រដាល់​លេច​ធ្លោ​​ម្នាក់​នៅ​កម្ពុជា។​ ​

-​ដូរ​ឈ្មោះ​ត្រកូល​​​​​រៀម​ច្បង​ ខុន ស៊ីចាន់ ពេល​​ប្រឡូក​​លើ​​សង្វៀន​ប្រដាល់


​វា​អាច​ជា​រឿង​ចៃដន្យ​មួយ​ឬ ខ្សែ​ជីវិត​​តម្រូវ​ឲ្យ​បែប​នេះ​ក៏​ថា​បាន។ ​​ចាន់ សំអាត​ មិន​ដែល​នឹក​ឃើញ​រឿង​ឡើង​​ប្រដាល់​អាជីព​នៅ​លើ​សង្វៀន​ឡើយ​ ប៉ុន្តែ​រូប​គេ​ធ្លាប់​ហាត់​លេង​ និង ទាត់​​បាវ​សាក់​នៅ​ក្នុង​ភូមិ​កាល​នៅ​តូចៗ​ជា​មួយ​​ក្មេងៗ​​​ដូច​គ្នា​ក្នុង​ភូមិ។​ សំអាត ​ជា​អ្នក​រៀន​សូត្រ​ម្នាក់​ក្នុង​ចំណោម​​ក្មេងៗ​ទាំង​ ឡាយ​ពេល​មាន​ជំហរ​រឹង​មាំ​ពី​ឳ​ពុក​ទំនុក​បម្រុង។ ​ពេល​ឳពុក​របស់​ខ្លួន​លាចាក ​ចោល​ម្ដាយ​​និង​​បង​ប្អូន​ប្រុស​ស្រី៣ នាក់​នៅ​ឆ្នាំ​​ ២០០២​ ធ្វើ​ឲ្យ​ សំអាត​ ប្រែ​​ចិត្ត​​ទៅ​ជា​ក្មេង​ម្នាក់​ដើរ​លេង​ច្រើន​ ឬ ហៅ​ថា​ក្មេង​ស្ទាវ​​មិន​ចូល​សាលា និង​ ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​ ៧ ​ប៉ុណ្ណោះ ​ដោយ​សារ​ការ​បាក់​ទឹក​ចិត្ត។ ​ប៉ុន្តែ​​​ ​គ្រា​មួយ​​នោះ​​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​ ​នា​ឆ្នាំ​ ២០០៨​ គេ​ប្រកាស​​រក​​អ្នក​ប្រកួត​ ​នៅ​លើ​រេញ​ជាប់​ដៃ ​ក្នុង​វត្ត ​«ថ្លាត» ​​ដែល​ជា​កម្មវិធី​សប្បាយៗ​ សំអាត​ ក៏​ឡើង​ប្រកួត​​ ​ហើយ​ទទួល​ជ័យជម្នះ។ ​​ ​ពេល​នោះ​អ្នក​ប្រដាល់​ជើង​​ចាស់​ ខុន ស៊ី​ចាន់ ​​ ​ក៏​​មាន​វត្តមាន​នៅ​ទី​នោះ ​ហើយ​និយាយ​ទៅ​កាន់​ សំអាត​ ថា ​៖« សំអាត​ ​​វ៉ៃ​​ស៊ូ​​គ្រាន់​បើ​ ទោះ​​អត់​​​​ទាន់​​ចេះ​ក្បាច់ …​​បើ​សិន​បាន​ហ្វឹកហាត់​ទៀត ​ល្អ​»។ មិន​យូរ​ប៉ុន្មាន​ ខុន ​ស៊ីចាន់ ​បាន​ណែ​​នាំ​ សំអាត ​ទៅ​ហាត់​ជា​មួយ​លោក​ គ្រូ​ ឡោ វុទ្ធី​ ​នៅ​​ក្លិប​ កងពលធំ​អន្តរាគមន៍​លេខ៣​​ខេត្ត​​ព្រះវិហារ។ ​ពេល​ចូល​ហ្វឹកហាត់​ជា​មួយ​​គ្រូ​បង្វឹក​ ឡោ វុទ្ធី និង ​បង្ហាញ​អំពី​ការ​​​ដឹង​គុណ​ដល់​ ​ខុន ស៊ីចាន់ ផង​នោះ ក៏​សំអាត ​បាន​ប្រើ​ឈ្មោះ​ ចាន់ សំអាត ​តាំង​ពី​ឆ្នាំ ២០០៨ ​នោះ​មក។ ​​តាម​ពិត​ឈ្មោះ​ដើម​របស់​ខ្លួន​ គឺ «ធាន អាត»។ ​ចាប់​ពី​ពេល​នេះ​មក​ ​ទៅ​ណា​​មក​ណា​ ប្រកួត​នៅ​ខេត្ត ឬ ភ្នំពេញ​ ​ ​ខុន ស៊ីចាន់ ​​តែង​តែ​យក​​​ សំអាត​ ទៅ​ជា​មួយ​ជា​និច្ច​។ ​ដោយ​សារ ​សំអាត ​រឹង​ដៃ​ជើង​ និង ​ដូរ​ក្លិប​ហ្វឹកហាត់​ទើប​​បែក​គ្នា​​ជា​មួយ​ ខុន ស៊ីចាន់ ប៉ុន្តែ​ទំនាក់ទំនង​នៅ​ល្អ​ដដែល​រវាង​បង​ប្អូន​ទាំង​ពីរ​នេះ។ ​កីឡាករ​គុន​ចម្រុះ​វ័យ​ ២៦​ ឆ្នាំ​រូប​នេះ​​​​​រំលឹក​ថា​ ខុន ស៊ីចាន់ ​ជា​មនុស្ស​ដំបូង​ណែ​នាំ​​ខ្លួន​ឲ្យ​ក្លាយ​ជា​កីឡាករ​ប្រដាល់​រហូត​ដល់​គុន​ចម្រុះ​បច្ចុប្បន្ន។​ ​​ ​

-​​​ការ​ចូល​ប្រកួត​ក្នុង​នាម​កីឡាករ​ជំនួស​រហូត​ដល់​ឈ្នះ​​​ខ្សែ​ក្រវាត់​ Khmer Warrior Challenge

នៅ​​ឆ្នាំ ២០១៣​ ​ចាន់ សំអាត​ ​ចាប់​ផ្ដើម​ហ្វឹកហាត់​​ក្បាច់​គុន​ចម្រុះ​​ ​ដើម្បី​ប្រកួត​ក្នុង​​កម្មវិធី​​ Khmer Warrior Challenge ​ដែល​រៀប​​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន ​និង​ MyTV​ ​​ដោយ​​ការ​ផ្ដួច​ផ្ដើម​របស់​​សព​លោក​ ម៉ា សេរី ​​អតីត​ប្រធាន​ផ្នែក​កីឡា​​ CBS។ កម្មវិធី​នេះ​តម្រូវ​ឲ្យ​ស្នាក់​នៅ​​ ហូប​ចុក​ជុំ​គ្នា និង​ ហាត់​ជុំ​គ្នា​ដោយ​ហ្វឹកហាត់​ជា​មួយ​​គ្រូ​ជា​ច្រើន​ ​មាន​ប្រដាល់​សេរី ​យូដូ ​ ចំបាប់​ និង គុន​ចម្រុះ​​ជា​ដើម។ ​ចាន់ សំអាត​ ជា​កីឡាករ​ម្នាក់​ដែល​​​​ត្រូវ​​​​ហៅ​​​ឲ្យ​ចូល​ជំនួស​​​​គេ​ ​បន្ទាប់​ពី ​មាន​កីឡាករ​ម្នាក់​​រត់​ចោល​ជួរ​ក្នុង​ការ​ប្រមូល​ផ្ដុំ។​ ​ទី​បំផុត​​ក្នុ​នាម​កីឡាករ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដើម​របស់​កម្មវិធី​ ​​កីឡាករ​មក​ពី​ខេត្ត​ឧត្ដរមានជ័យ​រូប​នេះ​ក្លាយ​​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge វគ្គ​៣​នៅ​ឆ្នាំ​ ២០១៤។ ​ ​នៅ​​ ​ឆ្នាំ ២០១៤ ​​ដដែល​គេ​បាន​ស្គាល់​គ្រូ​ហ៊ុន ច័នរាជ្យ និង ​បន្ត​​ហ្វឹកហាត់​នៅ​​ក្លិប​ Cambodian Top Team ​ដល់​សព្វថ្ងៃ។ ​កីឡាករ​ដែល​មាន​ឈ្មោះ​ ដើម ធាន អាត ​​ទទួល​​បាន​ការ​អញ្ជើញ​​ទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភព​លោក​​ ONE Championship ​​ជា​រឿយៗ ។ ​នា​ដើម​ខែ​សីហា​ខាង​​មុខ​នេះ បុរស​កូន​ពីរ​​នឹង​​បង្ហាញ​​​ខ្លួន​ក្នុង​​ការ​​ប្រកួត​នៅ​សង្វៀន​​ ONE ​​ជា​ថ្មី​​នា​ប្រទេស​សិង្ហបុរី៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s